អាមេរិក​នឹង​អនុម័ត​ថវិកា​បន្ទាន់​​ដើម្បី​គ្រប់គ្រង​ការ​រាលដាល​មេរោគ​កូរ៉ូណា​ ខណៈ​អ្នក​ស្លាប់​កើន​ដល់​១១​នាក់

រូបឯកសារ៖ ក្រុមជួយសង្រ្គោះលើកបុរសម្នាក់ចូលក្នុងរថយន្តសង្រ្គោះបន្ទាន់នៅមជ្ឈមណ្ឌល Life Care Center ដែលត្រូវរ៉ាប់រងលើករណីអ្នកកើតជំងឺកូវីដ១៩ នៅក្រុង Kirkland រដ្ឋ Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​អនុម័ត​ថវិកា​ចំណាយ​អាសន្នដើម្បី​ចាត់​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ហើយ​លោក​ប្រធានាធិបតី Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​ចំពោះ​ថវិកា​បន្ទាន់​នេះ។

សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​បន្ទាន់​នេះ​កាល​ពី​ថ្ងៃ​ពុធ។

ការ​អនុម័ត​ថវិកា​បន្ទាន់​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ទើប​បាន​រាយការណ៍​ពី​អ្នក​ស្លាប់​ទី​១១​របស់​ខ្លួន​ដែល​បាន​ស្លាប់​ពី​មេរោគ​កូរ៉ូណា​ដែល​ហៅ​ជា​ផ្លូវ​ការ​ថា Covid-19 ដែលបាន​កើត​ឡើង​លើ​បុរស​ចំណាស់​ម្នាក់​នៅ​ជិត​ទី​ក្រុង Sacramento រដ្ឋ California។

​ការ​ស្លាប់​ដំបូង​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ បាន​នាំ​ឲ្យអភិបាល​រដ្ឋ លោក Gavin Newsom​ ដាក់​រដ្ឋ​កាលីហ្វ័រញ៉ា​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ដោយ​សារ​ក្តី​បារម្ភ​អំពី​លទ្ធភាព​នៃ​ការរីករាល​ដាល​បន្ត​នៃ​ជំងឺ Covid-19។

នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ​ដែរ អាជ្ញាធរ​បានហាម​ឃាត់​មិន​ឲ្យ​នាវា​កម្សាន្ត​មួយ​ឈ្មោះ Princess Cruises ចូល​សំចត​នៅ​ឆ្នេរ​ទេរហូត​ទាល់​តែ​អ្នក​ដំណើរ​និង​បុគ្គលិក​ទាំង​អស់​សរុប​ជាង​១០០​នាក់​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​សិន ដោយ​មាន​ករណី​អ្នក​ឆ្លង​ពី​មុន​ធ្លាប់​បាន​ជិះ​នាវា​នេះ។ កង​ឆ្មាំ​សមុទ្រ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​ ​ទម្លាក់​ឧបករណ៍​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​ទៅ​លើ​នាវា​នេះ។​

ការ​ប្រកាស​អំពី​ការ​ស្លាប់​របស់​បុរស​ចំណាស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា កើត​មាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​អ្នក​ស្លាប់​ទី​១០​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ដែល​ជា​កន្លែង​នៃ​អ្នក​ស្លាប់​ពី​មេរោគ​កូរ៉ូណា​មុនៗ​ទាំង​អស់។

ក្រៅ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា មក​ទល់​ពេល​នេះ​រដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ប្រកាស​អាសន្ន​រួម​មាន​រដ្ឋ​វ៉ាស៊ីនតោន ផ្លរីដា និង​ហាវ៉ៃ៕