អាមេរិក​សងសឹក​ប្រឆាំង​នឹង​អ៊ីរ៉ង់​ចំពោះ​ការ​ស្លាប់​អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​អាមេរិក​ម្នាក់​នៅ​ឯ​មូលដ្ឋាន​នៅ​​ស៊ីរី

យោធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​«ចំ​ទីដៅ»​ជា​ច្រើន​ទៅលើ​ទីដៅ​នានា​នៅ​ក្នុង​តំបន់​ភាគ​កើត​ប្រទេស​ស៊ីរី​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហារ​​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

យោធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​«ចំ​ទីដៅ»​ជា​ច្រើន​ទៅលើ​ទីដៅ​នានា​នៅ​ក្នុង​តំបន់​ភាគ​កើត​ប្រទេស​ស៊ីរី​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហាររបស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​បាន​សម្លាប់​អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​សហរដ្ឋ​អាមេរិក​ម្នាក់។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា​ អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​មូលដ្ឋាន​របស់​កងទ័ព​ចម្រុះ​មួយ​កន្លែង​ នៅ​ក្នុង​ប្រទេស​ស៊ីរី​ភាគ​ឦសាន​នៅ​ក្នុង​ការ វាយប្រហារ​មួយ​ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ដែល​សហគមន៍​ស៊ើបការណ៍​សម្ងាត់​បាន​វាយ​តម្លៃ​ថា«មាន​ប្រភព​មកពី​ប្រទេស​អ៊ីរ៉ង់»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សងសឹក​ដោយ​ការ​វាយ​ប្រហារ​ចំ​ទីដៅ​កាល ពី​ថ្ង​ព្រហស្បតិ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ប្រឆាំង​នឹង​ទីកន្លែង​នានា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​នានា​ដែល​មាន​ការ​ទាក់ទិន​ជាមួយ​ឆ្មាំ​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់។

លោក Austin បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​វាយ​ប្រហារ​តាម​អាកាស​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ឆ្លើយតបដល់​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​នេះ​ និង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​កាលពី​ពេល​ថ្មីៗ​នេះ ​ប្រឆាំង​នឹង​កងទ័ព​ចម្រុះ​នៅ​ក្នុង​ប្រទេស​ស៊ី រី​ដោយ​ក្រុម​នានា​ដែល​ទាក់ទិន​នឹង​ឆ្មាំ​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់។

លោក​បាន​បន្ថែម​ទៀត​ថា«គ្មាន​ក្រុម​ណាមួយវាយប្រហារ​កងទ័ព​របស់​យើង​ដោយមិន​មាន​ទោសពៃរ៍​នោះ​ទេ»។

តាម​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រាប់​ឱ្យ​ដឹង​ថា យន្តហោះ​គ្មាន​មនុស្ស​បើកដ្រូន​បាន​វាយ​ប្រហារ​រោងជាង​មួយ​កន្លែង​នៅ​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទីក្រុង Hasaka នៃ​ប្រទេស​ស៊ីរី​នៅ​ម៉ោង១:៣៨នាទី​ថ្ងៃ​ត្រង់​ម៉ោង​នៅ​ក្នុង​ស្រុក។

សេចក្តី​ថ្លែងការណ៍​របស់​យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ជនជាតិ​អាមេរិកាំង​៦នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ រួម​ទាំង​ទាហាន​អាមេរិកាំង​៥នាក់​ផង។ ទាហាន២នាក់​បាន​ត្រូវ​ព្យាបាល​នៅ​ក្នុង​មូលដ្ឋាន​នោះ ខណៈ​ដែល​ទាហាន​៣នាក់​ទៀត​និង​អ្នក​ធ្វើការ​ជាប់​កិច្ចសន្យា​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ត្រូវ​ជម្លៀស​ទៅកាន់​កន្លែង​ព្យាបាល​របស់​កងទ័ព​ចម្រុះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

សហរដ្ឋ​អាមេរិក​មាន​កងទ័ព​ប្រហែល​៩រយ​នាក់​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​កងកម្លាំង​ស៊ីរី Kurds រារាំង​ការ​កកើត​ឡើង​វិញ​នូវ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម៕