ថវិកាចំនួន៣៥ម៉ឺនដុល្លារអាមេរិកដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាសម្រាប់ការអភិរក្សវប្បធម៌ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានផ្តល់ជូនអាជ្ញាធរកម្ពុជានៅថ្ងៃអង្គារកន្លងទៅសម្រាប់កិច្ចអភិរក្សនិងជួសជុលប្រាសាទភ្នំបាក់ខែង ក្នុងដំណាក់កាលទី៥។
ប្រាសាទភ្នំបាខែងជាប្រាសាទដែលមានវ័យចំណាស់ជាងគេក្នុងសម័យអង្គរ។ ការអភិរក្សប្រាសាទភ្នំបាខែងដែលជាកន្លែងមានប្រជាប្រិយភាពរបស់ភ្ញៀវទេសចរណ៍ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ ដែលអង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជាង ៣,២លានដុល្លារអាមេរិកពីរដ្ឋាភិបាលអាមេរិក សម្រាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គររបស់អាជ្ញាធរអប្សរា បានថ្លែងក្នុងពិធីទទួលថវិកាកាលពីថ្ងៃអង្គារថា គម្រោងអភិរក្សប្រាសាទភ្នំបាខែងជាគម្រោងធំជាងគេក្នុងចំណោមគម្រោងអភិរក្សប្រាសាទផ្សេងៗទៀតនៅក្នុងឧទ្យានអង្គរដែលមូលនិធិប្រាសាទពិភពលោក(WMF)បានជួយ។
លោក លី វណ្ណា បានមានប្រសាសន៍ថា៖
«ខាង WMF ហ្នឹងណា ខាងអង្គការហ្នឹងគាត់បានមកជួសជុលប្រាសាទនៅនេះតាំងពីពី៩៨មកហើយយូរហើយណា។ អ៊ីចឹងប្រាសាទមួយចំនួនធំគាត់ជួសជុលនៅក្នុងតំបន់អង្គរ ប្រាសាទបាខែងជាគម្រោងធំបំផុតរបស់អង្គការហ្នឹងគាត់ជួសជុលមួយចំហៀងខាងមុខ។ អ៊ីចឹងអ្វីដែលថា សារៈសំខាន់ គឺថា យើងបានបន្តការងារអភិរក្សបន្តទៅទៀតហ្នឹងណា។ ហើយក្នុងពេលជាមួយគ្នាហ្នឹង កម្មករទទួលបានការបណ្តុះបណ្តាលបន្តទៀតពីអ្នកជំនាញ»។
លោកបានបន្តថា គម្រោងអភិរក្សភ្នំបាខែងទទួលបានមូលនិធិអភិរក្សរៀងរាល់ប្រាំឆ្នាំម្តងហើយការអភិរក្សនឹងនៅតែបន្តជានិច្ច។
នេះគឺជាលើកទីពីរហើយក្នុងសប្តាហ៍នេះដែលមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចអភិរក្សវប្បធម៌ត្រូវបានផ្តល់ជូនប្រទេសកម្ពុជាក្នុងកិច្ចអភិរក្សវប្បធម៌ដ៏មានតម្លៃរបស់ខ្លួន។ កាលពីថ្ងៃច័ន្ទកន្លងទៅសហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយជាង៥ម៉ឺនដុល្លារ និងបច្ចេកទេសដល់សារមន្ទីរឧក្រិដ្ឋកម្មទួលស្លែងផងដែរសម្រាប់ការអភិរក្សសម្លៀកបំពាក់របស់ជនរងគ្រោះដែលនៅសេសសល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០៨ មក ប្រាសាទភ្នំបាខែងត្រូវទទួលបានការអភិរក្សបួនដំណាក់កាលដោយផ្តោតលើការធ្វើឲ្យសំណង់មានលំនឹង និងការទប់មិនឲ្យលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី៥ របស់គម្រោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគម្រោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានសរសេរក្នុងន័យដើមថា «គម្រោងនេះមានបំណងជំរុញឲ្យបានច្រើនដល់ចក្ខុវិស័យនៃផែនការមេក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែងដែលត្រូវបានកំណត់នៅឆ្នាំ២០០៧ WMF បានរៀបចំកម្មវិធីអភិរក្សដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញនៃអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ»។
អ្នកស្រី Lisa Ackerman ប្រធាននាយកប្រតិបត្តិនៃមូលនិធិប្រាសាទពិភពលោកបានមានប្រសាសន៍ថា គម្រោងអភិរក្សប្រាសាទភ្នំបាខែងគឺជាគម្រោងគំរូនិងមានភាពសាំញ៉ាំជាងគេក្នុងចំណោមគម្រោងអភិរក្សប្រាសាទផ្សេងទៀតក្នុងតំបន់ដូចជាថៃនិងមីយ៉ាន់ម៉ា។
អ្នកស្រីបានមានប្រសាសន៍ថា៖
«ក្រុមការងារក្នុងគម្រោងនេះពិតជាមានភាពសាំញ៉ាំខ្លាំងណាស់សព្វថ្ងៃនេះ ដូច្នេះហើយទើបយើងបានបញ្ជូនក្រុមការងារវគ្គដំបូងនៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាមកមើលស្នាដៃការងារដ៏ល្អនៅទីនេះ»។
អ្នកស្រីបានបន្ថែមយ៉ាងដូច្នេះ៖
«ខ្ញុំសង្ឃឹមថា ការផ្តល់ជំនួយថ្មីនេះនឹងមិនបន្តត្រឹមតែកិច្ចការងារនៅទីនេះនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា គម្រោងនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតមួយសម្រាប់កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អន្តរជាតិ»។
ក្រៅពីជំនួយដល់កិច្ចអភិរក្សនិងជួសជុលប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាអំណោយថវិកាដល់ការអភិរក្សប្រាសាទបុរាណនិងទីតាំងវប្បធម៌សំខាន់ៗទៀតទូទាំងប្រទេសកម្ពុជា ដែលមានដូចជាប្រាសាទហាន់ជ័យក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅស្រុកអង្គរបូរី ខេត្តតាកែវ ជាដើម។
ការឧបត្ថម្ភជាជំនួយទាំងថវិកានិងបច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកយ៉ាងសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជាក្នុងការថែរក្សាវប្បធម៌របស់ខ្លួន នៅតែបន្តមាន ទោះជាទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និង វ៉ាស៊ីនតោនមានភាពរកាំរកូសនឹងគ្នាតាំងពីខែកញ្ញា ក្រោយការរំលាយបក្សជំទាស់ដ៏ធំនៅកម្ពុជាក៏ដោយ។ ជំនួយទំាងនេះគឺបង្ហាញពីការផ្សាភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋអាមេរិកនិងពលរដ្ឋកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Martin Perschler ប្រធានគម្រោងនៃមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសម្រាប់ការអភិរក្សវប្បធម៌។
លោកមានប្រសាសន៍ក្នុងន័យដើមថា៖
«គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ពួកយើងក្នុងការអភិរក្សវប្បធម៌និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជាជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរអប្សរា។ យើងមានបំណងបន្តកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាច្រើនឆ្នាំទៅមុខទៀត ដើម្បីបង្ហាញពីការគោរពរបស់ប្រជាជនអាមេរិកាំងចំពោះប្រវត្តិសាស្រ្តនិងវប្បធម៌នៃប្រទេសកម្ពុជា»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនាក់ទំនងដ៏ល្អរវាងប្រជាជននឹងប្រជាជនជាមួយនឹងប្រទេសកម្ពុជា។
លោក William Heidt បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា៖
«ការវិនិយោគក្នុងវិស័យវប្បធម៌នេះគឺជាផ្នែកសំខាន់នៃទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនជាមួយនឹងប្រទេសកម្ពុជា ហើយនិងបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅរបស់ប្រជាជនអាមេរិកាំងចំពោះវប្បធម៌និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា»។
មកទល់ពេលនេះ ជំនួយថវិកាសរុបរបស់រដ្ឋាភិបាលអាមេរិកដើម្បីធ្វើការអភិរក្សវប្បធម៌ក្នុងប្រទេសកម្ពុជា មានចំនួន ៤,២លានដុល្លារអាមេរិក ដែលក្នុងចំនួននេះ ៣,៣ លានដុល្លារត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌៕