សមាជិកសភាអាមេរិកពីររូប បានធ្វើដំណើរទៅកាន់រដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានដោយមិនបានប្រកាសជាមុនកាលពីថ្ងៃអង្គារ ដែលពួកគេនិយាយថា ដើម្បីវាយតម្លៃកិច្ចប្រឹងប្រែងជម្លៀសដែលកំពុងបន្ត និងដាក់សម្ពាធឱ្យលោកប្រធានាធិបតី Joe Biden ពន្យារពេលថ្ងៃកំណត់សម្រាប់ដកកងទ័ពអាមេរិកដែលនៅសល់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ឱ្យហួសពីថ្ងៃទី៣១ ខែសីហា។
សេចក្តីថ្លែងការណ៍រួមមួយពីសមាជិកសភាលោក Seth Moulton អ្នកប្រជាធិបតេយ្យមកពីរដ្ឋ Massachusetts និងសមាជិកសភាលោក Peter Meijer អ្នកសាធារណរដ្ឋមកពីរដ្ឋ Michigan សរសេរថា៖ «យើងបានធ្វើទស្សនកិច្ចនេះដោយសម្ងាត់ ដោយនិយាយអំពីរឿងនេះ បន្ទាប់ពីការចាកចេញរបស់យើង ដើម្បីកាត់បន្ថយហានិភ័យនិងការរំខានដល់អ្នកនៅមូលដ្ឋាន ហើយដោយសារតែយើងនៅទីនោះដើម្បីប្រមូលព័ត៌មាន មិនមែនដើម្បីសម្ញែងទេ»។
តំណាងរាស្ត្រដែលធ្វើការនៅគណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភាអាមេរិកបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនបន្ទាប់ពីជិះយន្តហោះឈ្នួលចេញពីទីក្រុងកាប៊ុល។ តាមទស្សនៈរបស់ពួកគេ បន្ទាប់ពីបានឃើញស្ថានការណ៍ផ្ទាល់ ហើយនឹងបាននិយាយជាមួយមេបញ្ជាការនៅទីនោះ ពួកគេបាននិយាយថា៖ «យើងនឹងមិនអាចជម្លៀសអ្នកទាំងអស់ចេញទាន់ពេលទេ»។
លោក Biden បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា បេសកកម្មជម្លៀសប្រជាជននឹងត្រូវបញ្ចប់នៅចុងខែនេះ។ ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ការធ្វើដំណើររបស់សមាជិកសភាទៅកាន់តំបន់ នឹងបង្វែរធនធានចេញពីប្រតិបត្តិការជម្លៀស។ មន្រ្តីរដ្ឋបាលលោក Biden ខ្លះប្រាប់ AP ថា ពួកគេយល់ថា ការធ្វើដំណើរនេះ គឺរំខានដល់កងទ័ពដែលកំពុងមានភារកិច្ចការពារអាកាសយានដ្ឋានដើម្បីជួយសម្រួលដល់ជើងយន្តហោះជម្លៀស៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ បានមកពីទីភ្នាក់ងារព័ត៌មាន AP និង Reuters