ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​បញ្ចប់​ការ​ហោះហើរ​ជម្លៀស​ពលរដ្ឋ​ពី​​អាហ្វហ្គានីស្ថាន​​ឱ្យ​បាន​​មុន​ថ្ងៃ​ផុត​កំណត់​ ៣១​ សីហា


កងទ័ព​ម៉ារីន​ម្នាក់​អម​ដំណើរ​កុមារ​ឡើង​លើ​យន្ដហោះ​ដឹក​អ្នក​ត្រូវ​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
កងទ័ព​ម៉ារីន​ម្នាក់​អម​ដំណើរ​កុមារ​ឡើង​លើ​យន្ដហោះ​ដឹក​អ្នក​ត្រូវ​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ថ្វី​បើ​មាន​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឱ្យ​ពន្យារ​ពេល​ក៏ដោយ​ ក៏​លោក​ប្រធានាធិបតី Joe Biden ​នៅតែប្រកាន់​ខ្ជាប់​នូវ​កាល​កំណត់​ចុងក្រោយ​ថ្ងៃទី​៣១​ ខែ​សីហារបស់​លោក ​ដើម្បី​បញ្ចប់​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។​

សេតវិមាន​បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​កំពុង​បញ្ចប់​ប្រតិបត្តិការ​ជម្លៀសជន​ស៊ីវិល​ជា​ ជនជាតិ​អាមេរិក​ អាហ្វហ្គានីស្ថាន និង​ជនជាតិ​ផ្សេងទៀត​ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មុន​ថ្ងៃ​ ៣១ សីហា​ ដើម្បី​ឱ្យ​មាន​ពេល​សម្រាប់​ការ​ដក​កងទ័ព​អាមេរិក​និង​ឧបករណ៍​យោធា។​

លោក​ Biden ​បាន​និយាយ​ពី​សេតវិមាន​នៅ​រសៀល​ថ្ងៃ​អង្គារ​ថា៖​ «យើង​កំពុង[ជម្លៀស]​បាន​តាម​ផែនការ​ដើម្បីបញ្ចប់​ត្រឹម​ថ្ងៃទី៣១ ខែ​សីហា។ ​បើ​យើង​អាច​បញ្ចប់​បាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ។ ​រាល់​ប្រតិបត្តិការ​មួយ​ថ្ងៃៗ​បន្ថែម​ហានិភ័យដល់​កងទ័ព​របស់​យើង»។

លោក Biden ​បាន​និយាយ​ថា​ គិតត្រឹម​រសៀល​ថ្ងៃ​អង្គារ​ សហរដ្ឋ​អាមេរិក​បាន​ជួយ​ជម្លៀស​ប្រជាជន​ចំនួន​ ៧០.៧០០​ នាក់​ចាប់​តាំង​ពីថ្ងៃ​ទី១៤ ​ខែ​សីហា​មក។​ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ​ការ​បញ្ចប់​ប្រតិបត្តិការ​តាម​ពេល​កំណត់​អាស្រ័យ​លើ​កិច្ច​ប្រតិបត្តិការ​ពី​ពួក​តាលីបង់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ្នក​ត្រូវ​ជម្លៀស​អាចទៅ​អាកាសយានដ្ឋាន​បាន។​ លោក​ថា លោក​បាន​សុំ​ឱ្យ​មន្ទីរ​បញ្ចកោណ​និង​ក្រសួង​ការ​បរទេស​អាមេរិក​ធ្វើ​ផែន​ការ​បន្ទាន់​ដើម្បី​កែសម្រួល​កាលវិភាគ​ ប្រសិន​បើ​ចាំបាច់។​

នៅក្នុង​សុន្ទរកថា​របស់​លោក​ ​លោក​ Biden ​មិន​បាន​និយាយ​ពី​ការ​បញ្ចប់​ជើង​យន្តហោះ​ជម្លៀស​ចេញ​មុនថ្ងៃកំណត់ ៣១ សីហា នោះ​ទេ​ ប៉ុន្តែ​លេខាធិការព័ត៌មាន​សេតវិមាន​អ្នកស្រី​ Jen Psaki ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ថា៖ ​«ចាំ​បាច់​ត្រូវ​មាន​ពេល​វេលា​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​ប្រតិបត្តិការ»។​

នៅព្រឹក​ថ្ងៃ​អង្គារ លេខាធិការ​ព័ត៌មាន​ក្រសួង​ការពារជាតិ​លោក ​John Kirby​ បាន​បញ្ជាក់​ថា​ យោធា​នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បញ្ចប់​មុន​ថ្ងៃ​កំណត់​នោះ៕

XS
SM
MD
LG