កំណត់និពន្ធ៖ អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រខិតខំចងភ្ជាប់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកអាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានិងជាអ្នកដែលចូលរួមគំាទ្រច្បាប់នេះ៖
Your browser doesn’t support HTML5
វីអូអេ៖ លោកសមាជិករដ្ឋសភាថេត យូហូ បានដាក់ស្នើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជាជាថ្មីឡើងវិញ ហើយលោកបានចូលរួមគាំទ្រច្បាប់នេះដែរ។ តើច្បាប់ថ្មីនេះនឹងមានបំណងដាក់ទណ្ឌកម្មអ្វីខ្លះដែរដល់របបរបស់លោក ហ៊ុន សែន?
ឡូវឹនសល៖ មានកិច្ចការពីរ កិច្ចការទីមួយ ខ្ញុំគិតថាជាទូទៅ «ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា» មានការដាក់ទណ្ឌកម្មដូចគ្នាដែលយើងមានពីពេលមុនមក ប៉ុន្តែមិនបានឆ្លងផុតព្រឹទ្ធសភាទេ។ លោកនៅចាំបានទេថា យើងបានអនុម័តនៅសភាតំណាងរាស្ត្រ បានបញ្ជូនទៅព្រឹទ្ធសភាដែលក្នុងច្បាប់នោះគឺមានការរឹបអូសទ្រព្យសម្បត្តិនិងការដាក់ទណ្ឌកម្មទិដ្ឋាការលើជនណាដែលត្រូវកំណត់ថាបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះខ្ញុំគិតថាសេចក្តីស្នើច្បាប់នេះគឺដូចគ្នានឹងច្បាប់មុន។ ប៉ុន្តែអ្វីដែលខាងសភាតំណាងរាស្ត្រចាប់អារម្មណ៍ ហើយការិយាល័យរបស់ខ្ញុំកំពុងតែពិនិត្យមើលគឺពិភាក្សាជាមួយនឹងលោកសមាជិកព្រឹទ្ធសភាគ្រូស អំពីសេចក្តីស្នើច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩។ យើងនឹងពិនិត្យមើលថាតើខាងព្រឹទ្ធសភាចង់ឱ្យធ្វើកិច្ចការនេះជាមួយគ្នាហើយរៀបចំសេចក្តីស្នើសុំមួយនៅក្នុងសភាតំណាងរាស្ត្រដែរ។ កិច្ចការនេះអាស្រ័យលើលោកសមាជិកព្រឹទ្ធសភាថេត គ្រូសទេ។ នៅពេលដែលលោកសួរខ្ញុំថាតើមានអ្វីប្រែប្រួលទេ? យើងគិតថាការផ្លាស់ប្តូរបន្ទាប់ដែលយើងចង់បានគឺឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មដែលកម្ពុជាកំពុងទទួលបាននិងចង់ចងភ្ជាប់វាទៅនឹងបញ្ហារំលោភសិទ្ធិមនុស្ស ការរំលោភដោយមិនមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ និងប្រជាធិបតេយ្យ។
ដូច្នេះអ្វីដែលយើងគិតគឺជំហានបន្ទាប់ត្រូវអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសិន។
វីអូអេ៖ ដូចលោកបានបញ្ជាក់ហើយថា សេចក្តីស្នើច្បាប់នេះបានអស់សុពលភាពនៅត្រឹមព្រឹទ្ធសភាកាលពីឆ្នាំមុន។ តើនៅលើកនេះលោកនឹងត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យវាបានក្លាយជាច្បាប់?
ឡូវឹនសល៖ យើងត្រូវធ្វើកិច្ចការនេះឱ្យបានឆាប់នៅសភាតំណាងរាស្ត្រ។ លោកចាំបានទេអ្វីដែលបានកើតមានឡើងគឺខ្ញុំបានធ្វើការជាមួយនឹងលោក អេដ រ៉យ ប្រធានគណៈកម្មាធិការរហូតដល់ថ្ងៃចុងក្រោយដើម្បីឱ្យសេចក្តីស្នើច្បាប់នេះឆ្លងផុតសភារបស់យើង។ យើងបានធ្វើកិច្ចការនេះដោយជោគជ័យ។ បើសិនជាយើងចង់ឱ្យព្រឹទ្ធសភាយើងយកចិត្តទុកដាក់លើបញ្ហានេះគឺយើងត្រូវផ្តល់ពេលវេលាឱ្យពួកគេរៀបចំច្បាប់របស់គេមួយដែរ។ អីចឹងហើយបានជាខ្ញុំសប្បាយរីករាយណាស់ដែលលោកយូហូ បានស្នើច្បាប់នេះឡើងបានរហ័ស។ យើងនឹងធ្វើការជាមួយគាត់ ប៉ុន្តែយើងចង់ឱ្យច្បាប់នេះឆ្លងផុតសភាតំណាងរាស្រ្តបានឆាប់រហ័ស ដោយមិនរង់ចាំ រហូតដល់ថ្ងៃចុងក្រោយទេ។ នេះគឺជាអ្វីដែលបានកើតមានឡើងកាលពីលើកមុន។ ឆ្នាំមុនយើងបានអនុម័តច្បាប់នេះនៅនាទីចុងក្រោយហើយខាងព្រឹទ្ធសភាក៏មានកិច្ចការធ្វើច្រើន។ ដូច្នេះឆ្នាំនេះយើងនឹងធ្វើការជាមួយខាងព្រឹទ្ធសភាឱ្យបានឆាប់។
វីអូអេ៖ បើនិយាយដល់លោក អេដ រ៉យ ខ្ញុំនៅចាំបានថាក្នុងពេលធ្វើសវនាការនៅក្នុងគណៈកម្មាធិការកិច្ចការបរទេស គឺលោក អេដ រ៉យ បានបង្ហាញឈ្មោះមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលគួរតែត្រូវដាក់ទណ្ឌកម្ម។ តើលោកយល់យ៉ាងម៉េចដែរពីបញ្ជីនោះ? តើគួរតែពង្រីកបន្ថែមទៀតទេ?
ឡូវឹនសល៖ ជាបឋមគឺយើងប្រហែលជាអាច ប៉ុន្តែកិច្ចការសំខាន់នោះគឺត្រូវឱ្យច្បាប់នេះចេញរួចសិន។ បន្ទាប់មកយើងបង្ហាញបញ្ជីហើយលោកប្រធានាធិបតីគឺជាសម្រេចលើបញ្ជីឈ្មោះតាមការស្នើសុំរបស់យើង។ កាលពីលើកមុនយើងមានច្បាប់ល្អហើយប៉ុន្តែយើងសម្រេចមិនបានទាន់ពេល។
វីអូអេ៖ តើលោកយល់យ៉ាងណាដែរពីរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំក្នុងការទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា?
ឡូវឹនសល៖ ខ្ញុំសង្ឃឹមថា ពួកគេនឹងដំឡើងឋានៈនៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាអាទិភាពខ្ពស់។ ខ្ញុំសង្កេតឃើញថា រដ្ឋបាលលោកត្រាំផ្តោតចំណាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទំនាក់ទំនងសេដ្ឋកិច្ច។ បើទោះបីកិច្ចការនេះសំខាន់ គឺយើងចង់ឃើញគេចងភ្ជាប់វាទៅនឹងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ យើងគាំទ្រការធ្វើពាណិជ្ជកម្មហើយប៉ុន្តែពួកគេក៏ត្រូវអនុវត្តឱ្យបានតាមមូលដ្ឋាននៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយកម្ពុជាមិនទាន់ធ្វើបានទេ។ អីចឹងហើយបានជារដ្ឋាភិបាលនេះត្រូវផ្តោតលើកិច្ចការនេះឱ្យបានច្រើនជាងបច្ចុប្បន្ន។ បើកម្ពុជាមិនគោរពតាមទេគឺយើងមិនត្រូវផ្តល់ឋានៈអនុគ្រោះពន្ធទេ។
វីអូអេ៖ តើសហរដ្ឋអាមេរិកនៅមានឥទ្ធិពលប៉ុណ្ណាទៀតលើកម្ពុជាដោយសារតែចិនមានឥទ្ធិពលកាន់តែធំឡើងៗលើកម្ពុជា។ តើសហរដ្ឋអាមេរិកព្រួយបារម្ភទេ?
ឡូវឹនសល៖ ជាការពិតនេះជាការគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក។ ពលរដ្ឋចង់បានអីចឹងពីព្រោះពួកគេយល់ថាយើងតំណាងឱ្យសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ ពួកគេចង់បានសង្គមមូលធននិយមមួយដែលការពារមនុស្សគ្រប់គ្នា ជាជាងសង្គមកុម្មុយនីស្តដែលបិទសិទ្ធិសេរីភាពទាំងស្រុង។ នេះជាចំណុចខ្លាំងដែលសហរដ្ឋអាមេរិកមាន។ យើងដឹងថារដ្ឋាភិបាលកម្ពុជាចង់ត្រូវទាំងសហរដ្ឋអាមេរិកនិងចិនប៉ុន្តែគេក៏ត្រូវការពារសិទ្ធិពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យបើសិនជាចង់ធ្វើជំនួញជាមួយនឹងសហរដ្ឋអាមេរិក។ ចិននឹងមិនសុំឱ្យកម្ពុជាគោរពសិទ្ធិមនុស្សឬលទ្ធិប្រជាធិបតេយ្យទេ។
វីអូអេ៖ សូមអរគុណលោកសមាជិករដ្ឋសភា ដែលផ្តល់បទសម្ភាសដល់វីអូអេ។
ឡូវឹនសល៖ សូមអរគុណ៕