ក្រុម​សមាជិក​សភាអាមេរិក​ស្នើ​ឲ្យ​កម្ពុជា​កែ​ប្រែ​ស្ថាន​ការណ៍​នយោបាយ​ដែល​កំពុង​ដុនដាប​ ប្រសិន​បើ​ចង់​បាន​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធនា​គណបក្សប្រជាជន​កម្ពុជា បាន​ទៅ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ខេត្ត​កណ្តាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

ក្រុម​សមាជិក​សភា​របស់​ប្រទេស​មហា​អំណាច​អាមេរិក​ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ខ្លួន​ឱ្យ​ចាត់​វិធាន​ការ​ចំពោះ​ការ​បង្រ្កាប​នានា​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ទៅ​លើ​គណបក្ស​ជំទាស់​ និង​ស្ថាប័ន​សារព័ត៌មាន​ក្នុងស្រុក។​ សមាជិក​សភា​សហ​រដ្ឋអាមេរិក​បាន​ហៅ​ការ​បង្រ្កាប​ថ្មីៗ​នេះ​ថា​ ជា​ចេតនា​ក្នុង​ការ​ «គាស់​រម្លើង​ឫស​គល់​លទិ្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​ ​ទោះយ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា​ ​ការណ៍​នោះ​គឺ​គ្រាន់តែ​ជា​សេចក្តី​អំពាវនាវ​របស់​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។​

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន​ប្រាំបី​រូប ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បន្ត​ថ្កោលទោស​ជា​សាធារណៈ​លើ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ គឺ​លោក​ ​កឹម សុខា​ ​និង​ការ​ប៉ុនប៉ង​លុប​បំបាត់​ចោល​នូវ​សេរីភាព​សារព័ត៌មាន​ ​ក្នុង​យុទ្ធនាការ​គាប​សង្កត់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​«ដើម្បី​គាស់​រម្លើង​ឫស​គល់​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​ ​នេះ​បើ​យោង​បាន​លិខិត​របស់​ក្រុម​សមាជិក​សភា​អាមេរិក​ ដែល​ផ្ញើជូន​ទៅ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ Rex Tillerson​ ​កាល​ពី​ថ្ងៃ​ចន្ទ។​

លិខិត​របស់​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំង​ប្រាំបីរូប​ ​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​របស់​លោក​ ហ៊ុន សែន​ មក​លើ​ស្ថាប័ន​សារព័ត៌មាន​ និង​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា។​ លិខិត​ដដែល​នេះ ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ ​Twitter​ ​នា​ថ្ងៃ​អង្គារ​នេះ ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រុម​សមាជិក​សភា​នេះ​ក៏​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ ​ជាពិសេស​លើ​ការ​ចោទ​ប្រកាន់​របស់​លោក​ ​ហ៊ុន សែន ​ថា​ ​សហរដ្ឋ​អាមេរិក​បាន​សហការ​ជាមួយ​លោក​ ​កឹម សុខា​ ដើម្បី​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា។

សមាជិក​សភា​របស់​សហរដ្ឋ​អាមេរិក​ទំាង​៨រូប​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​ លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​ដែល​មាន​វិសាលភាព​ធំធេង​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មកលើ​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​ ដូចជា​ វិទ្យុអាស៊ី​សេរី​ និង​សំឡេង​សហរដ្ឋ​អាមេរិក។​ ការ​បិទ​ដោយ​ចាប់​បង្ខំ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ គឺ​ជា​ឧទាហរណ៍​មួយ​នៃ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ចុះ​ថមថយ​ការ​ឈាន​ទៅ​មុខ​ខាង​ប្រជា​ធិបតេយ្យ»។​

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​តំណាងរាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​មណ្ឌល​ខេត្ត​កំពង់ចាម​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​សម្រុក​ចូល​ចាប់​ខ្លួននៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃទី២​ ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​ ពី​បទសង្ស័យ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់ពី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ដើម​ខែ​កញ្ញា។​ ​ស្របពេល​ដែល​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​សារព័ត៌​មាន​ឯករាជ្យ​មួយ​ចំនួន​ក៏​ត្រូវ​រង​ការ​គាប​សង្កត់​ពី​រដ្ឋបាល​លោក​ ​ហ៊ុន សែន​ ផង​ដែរ​ ​ក្រោម​ការ​ប្រើប្រាស់​ច្បាប់​ពន្ធដារ។​ ​ជា​លទ្ធផល​យ៉ាង​ហោច​ណាស់​ មាន​អង្គភាព​ព័ត៌មាន​ពីរ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ភ្លាមៗ​ក្រោយ​ពី​ការ​ចាប់​ឃុំ​ខ្លួន​ ​មេដឹក​នាំ​គណបក្ស​ជំទាស់​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បន្ត​ទាមទារ​ឲ្យ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ ​នៅ​ពី​ក្រោយ​សកម្មភាព​នយោបាយ​របស់​លោក​កឹម សុខា។​ ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លោក​ ហ៊ុន​ សែន​ ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​និង​ដែល​បាន​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា​ ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ងើប​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​បរទេស​ ​ដោយ​លោក​និយាយ​អំពី​អ្វី​ដែល​លោក​ហៅថា​ ​នយោបាយ​ចក្រព័ត្តិនិយម​របស់​អាមេរិក។

យ៉ាង​ណាក្តី​ ក្រុម​សមាជិក​សភា​អាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​លិខិត​របស់​ខ្លួន​ទៅ​កាន់​ប្រមុខ​ការបរទេស​អាមេរិក​ថា​ ពួក​គេ​ត្រូវ​បាន​រំខាន​យ៉ាង​ខ្លាំង​ ​ដោយ​ការ​បំពាន​រដ្ឋ​ធម្មនុញ្ញ​ ​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា។​ ពួក​គេ​ថា​ ​វារឹត​តែ​ព្រួយបារម្ភ​ទៅទៀត​ ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ដែល​កំពុង​ឈាន​ទៅ​រក​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ ​ដោយ​សារ​តែ​ក្តីមន្ទិល​ផ្សេងៗ​ ​ទាក់​ទិន​ថា​ តើ​ការ​បោះឆ្នោត​នោះ​សេរី​ និង​ត្រឹមត្រូវ​ ឬ​យ៉ាងណា។​

ក្រុម​សមាជិក​សភា​អាមេរិក​បាន​ទទូច​ឲ្យ​លោក​ ​Rex Tillerson​ ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ធ្វើ​ការ​ជាមួយ​សម្ព័ន្ធ​មិត្ត​ថ្នាក់​តំបន់​ និង​សហគមន៍​អន្តរជាតិ​ឲ្យ​ច្រើន​ថែម​ទៀត​ ដើម្បី​ប្រើប្រាស់​រាល់​មធ្យោបាយ​ការទូត​ ​ដើម្បី​បង្ខិត​បង្ខំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ឲ្យ​ដើរ​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​នានា​ និង​នីតិរដ្ឋ។​ ភាព​មិន​ចុះ​សម្រុង​គ្នា​ ការ​រៀបចំ​គណបក្ស​ យុទ្ធនាការ​ទាម​ទារ​ការ​កែប្រែ​នៅ​ថ្នាក់​មូលដ្ឋាន​ និង​វោហារ​សាស្រ្ត​នយោបាយ​ មិន​រាប់​ជា​អំពើ​ក្បត់​ជាតិ​នោះ​ឡើយ។

ពួក​គេ​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ​រាល់​កិច្ច​សន្ទនា​រវាង​លោក​ ​William Heidt​ ​ឯកអគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ចាំបាច់​ត្រូវ​តែ​បន្ត​នៅ​កម្រិត​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ស្នើ​ឲ្យ​លោក​ Rex Tillerson ​ដោះស្រាយ​ក្តី​កង្វល់​ទាំងអស់​នេះ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ ដោយ​ការ​អនុញ្ញាត​ឲ្យ​មានសេរីភាព​នៃ​សារព័ត៌មាន​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ​ការ​បោះឆ្នោត​ដែល​សេរី​ និង​ត្រឹមត្រូវ​មួយ។​

ពួក​គេ​បាន​និយាយ​សង្កត់​ធ្ងន់​ក្នុង​លិខិត​នោះ​តាម​ន័យ​ដើម​ថា៖

«ប្រទេស​កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​លើ​បញ្ហា​ទាំងអស់​នេះ​ ប្រសិនបើ​ខ្លួន​មាន​បំណង​ស្វែងរក​ចំណង​ទាក់​ទង​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​ធំ​ទូលាយ​ជាមួយ​សហរដ្ឋ​អាមេរិក»។

ដោយ​ឡែក​ ក្រុម​សមាជិក​សភា​ដែល​មាន​បណ្តាញ​ឯករាជ្យ​មួយ​នៅ​ក្នុង​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ ​អាស៊ាន​ បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​ត្រួសៗ​ពី​ទំហំ​កាន់​តែ​រីក​ធំ​នៃ​ការ​ចុះ​ខ្សោយ​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ខណៈ​ដែល​សមាគម​មួយ​នេះ​បាន​ប្រារព្ធ​ខួប​ទី​៥០​ឆ្នាំ​របស់​ខ្លួន។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ។​

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​នៅ​ទីស្នាក់ការកណ្តាលរបស់បក្ស​នៅរាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​បាន​លើក​ឡើង​ថា​ តំបន់​អាស៊ាន​កំពុង​ប្រឈម​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស​ ហើយ​អនាគត​របស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏ហាក់​ដូច​ជា​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។​ ក្រុម​តំណាង​រាស្ត្រ ​ដែល​បាន​ចូលរួម​សន្និសីទ​ព័ត៌មាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​នាថ្ងៃ​អង្គារ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពីការ​រេចរឹល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ស្ថានភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​នៃ​កិច្ចការ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ ដោះស្រាយ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ពង្រឹង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នានា។​

លោក​ ​Charles Santiago ​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«សម្លឹង​ទៅ​មើល​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ ក្នុងនោះ​មាន​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​កើតមាន​ពី​មុន​មក​លើ​ក្រុម​ប្រឆាំង​ និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ របបយោធា​ក្នុង​ប្រទេស​ថៃ​ដែល​គ្មាន​សញ្ញាណ​នៃ​ការ​បោះបង់​អំណាច​ អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កំពុង​លេច​ឡើង​ ​និង​មិន​ស្រាកស្រាន្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា។ ​ស្រប​ពេល​ជាមួយ​គ្នា​ នៅ​ប្រទេស​ហ្វីលីពីន​ នីតិរដ្ឋ​ និង​គណនេយ្យ​ភាព​ ហាក់​បីដូច​ជា​ត្រូវ​បាន​គេ​ឈប់​គិតគូរ​ទាំង​ស្រុង​នៅ​ក្នុង​បរិការណ៍​នៃ​សង្គ្រាម​ថ្នាំញៀន​ដែល​កំពុង​បន្ត​កើត​មាន»។

ក្រុម​សមាជិក​សភា​អាស៊ាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន​ឡើង​វិញ​ឲ្យ​ដោះលែង​អ្នកស្រី​ ​Leila Delima​ ​សមាជិក​ព្រឹទ្ធ​សភា​ប្រទេស​ហ្វីលីពីន​ ដែល​ជា​មេ​ដឹកនាំ​ក្រុម​រិះគន់​លោក​ប្រធានាធិបតី​ ​Rodrigo Duterte​ ដោះលែង​លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា​ និង​លោក​ ​Anwar Ibrahim អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​តាំងពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥។

ទោះបី​មាន​ការ​រិះគន់​ខ្លាំងៗ​បែបនេះ​ក្តី​ ​ក៏​ក្រុមមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​បន្ត​គាំទ្រ​រាល់​ចំណាត់​ការ​ផ្សេងៗ​ទៅ​សំឡេង​ក្រុម​ជំទាស់​ និង​ស្ថាប័ន​ធ្វើ​ការ​ពង្រឹង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ សួស យ៉ារ៉ា​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​ជា​តំណាងរាស្ត្រ​មួយ​រូប ​បាន​ថ្លែង​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​សមាជិក​សភា​របស់​សហរដ្ឋ​អាមេរិក​ជា​ទស្សនៈ​បុគ្គល​ និង​ការ​ថ្លែង​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក​ ​Charles Santiago​ ​គឺ​ជា​ទស្សនៈ​របស់​ក្រុម​ប្រឆាំង។

«ខ្ញុំ​យល់​ថា​ អ្វីដែល​គាត់​ធ្វើ​គឺ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​របស់​គាត់​ មិនមែន​ដើម្បី​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ក៏​មិនមែន​ផល​ប្រយោជន៍​របស់​ប្រជាជន​អាមេរិក​ ហើយ​ក៏មិនមែន​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​ ឬ​ដើម្បី​ប្រជាជន​កម្ពុជា​ទេ​ គឺ​បុគ្គល​ដែល​តវ៉ា​នោះ​ ព្រោះ​គាត់​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​ហ្នឹង ​បោះឆ្នោត​ឲ្យ​គាត់​ទេ។​ អីចឹង​ដូច្នេះ​ អ្វីដែល​គាត់​តវ៉ា​ហ្នឹង​វា​គ្រាន់តែ​ជា​ការ​ ... និយាយចំ​ទៅ​ គ្រាន់តែ​ជា​ឆាកល្ខោន​មួយ​ដើម្បី​បំភ្លឺ​ទៅ​សាធារណៈ​ថា​ គាត់​យក​ចិត្ត​ទុកដាក់​នឹង​ខ្មែរ​ណាស់​ ប៉ុន្តែ​តាម​ពិត​អ្វីដែល​គាត់​ចង់​បាន​គឺ​សំឡេង​ឆ្នោត​របស់​ប្រជាជន​ខ្មែរ​ ប្រជាជន​អាមេរិក​ដើម​កំណើត​ខ្មែរ​ ដើម្បី​បន្ត​បោះឆ្នោត​ឲ្យ​គាត់​ នៅ​កាន់​អំណាច​នៅ​តំបន់​នោះ​តទៅ​ទៀត​ អីចឹង​ វា​មិនមែន​សភា​អាមេរិក​ទាំង​មូល​ឯណា?»​

លោក​បាន​ថ្លែង​បន្ថែម​ថា​ ក្រុម​សមាជិក​សភា​អាមេរិក​គួរ​ខិតខំ​បំពេញ​តួនាទី​របស់​ផងខ្លួន​ ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រោះធម្មជាតិ​ ជាជាង​មក​ឈឺឆ្អាល​អំពី​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«ខ្ញុំ​យល់​ឃើញ​ថា ​ អ្វី​ដែល​ជា​ការ​ប៉ះពាល់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ឬ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​របស់​កម្ពុជា​ហ្នឹង​គឺ​ ដូច​មិន​ធំ​ ដូច​រឿង​អ្វី​ ដែល​កំពុង​តែព្យុះ​ ដែល​កំពុង​តែមាន​បញ្ហា​ hurricane [ខ្យល់​កំបុត​ត្បូង] ​ដែល​ប៉ះពាល់​ទៅ​ដល់​រដ្ឋ​ផ្សេងៗ​ រដ្ឋ​ Miami រដ្ឋ​ Florida​ អី​ទាំង​អស់ហ្នឹង។​ គ្រោះ​ធម្មជាតិ​ដែល​ប៉ះពាល់​ប្រជាជន​អាមេរិក​ គឺ​តំណាងរាស្ត្រ​ត្រូវ​តែយក​ចិត្ត​ទុកដាក់ទៅ​លើ​អ្វី​ដែល​ប្រជាជន​អាមេរិក​កំពុងតែប៉ះ​ពាល់​នេះ​ឲ្យ​បាន​ច្រើន​ជាង​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ប្រទេស​ដទៃ​ ដែល​ខ្លួន​អាច​នឹង​ប៉ះពាល់​ដល់​ចំណុចមួយ​ទៀត​ ដែល​ថា ​រំលោភ​លើ​អធិបតេយ្យ​ភាព​របស់​ប្រទេស​ដទៃ»។​

ចំណែក​ឯ​លោក​ ​ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋសភា​ ​បាន​ការពារ​ចំណាត់​ការ​តុលាការ​ ក្នុង​ការ​សម្រេច​ឃុំខ្លួន​ លោក​ ​កឹម សុខា។

«ខ្ញុំ​ចង់​សួរ​ទៅ​វិញ​ថា តំណាង​រាស្ត្រ​ហ្នឹង​ គាត់​ជា​ពលរដ្ឋ​ដែរ​អត់?​ ហើយ​បើ​គាត់​ធ្វើ​ខុស​ច្បាប់​ ត្រូវ​ទទួល​ទោស​ដែរ​ ឬ​អត់​ ឥឡូវហ្នឹង?​ មើល!​ នៅ​កម្ពុជា​ ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ ប្រទេស​ដែល​នីតិរដ្ឋ​ អ្នក​ណា​ធ្វើ​ខុស​ច្បាប់​ត្រូវ​មាន​ទោស​ទៅតាម​ច្បាប់​របស់​រដ្ឋ។​ អត់មាន​អី​ខុស​ទេ​ អត់​មាន​ដែល​ យើង​ យើង​អត់​មាន​ធ្វើ​អីដែល​ខុសច្បាប់​ទេ។​ តំណាងរាស្រ្ត​ក៏ដោយ​ ប្រជា​ពលរដ្ឋ​ក៏ដោយ​ ​គឺថា​ ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ ដូច្នេះ​បើធ្វើ​ខុសច្បាប់​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ គេ​អនុវត្ត​តាម​ច្បាប់»។​

រូបឯកសារ៖ លោក​ ឈាង​ វណ្ណារិទ្ធិ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុ​ជាតា​/ VOA)

អ្នក​វិភាគ​ទំនាក់​ទំនង​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​បាន​ថ្លែង​ថា​ ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ទៅ​តាម​ចំណង់​ចិត្ត​របស់​ក្រុម​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​នៅ​អាស៊ាន ​ហើយ​ថា​ ​វត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump ​គឺ​ជា​ឬស​គល់​មួយ​នៃ​បុព្វហេតុ​ជាច្រើន​សម្រាប់​ការ​កើន​ឡើង​នូវ​អំណាច​ផ្តាច់ការ។​

លោក​ ឈាង វណ្ណារិទ្ធ​ អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ISEAS- Yusof Ishak Institute​ មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី​ ថ្លែងប្រាប់​ VOA ​តាមសារ​អេឡិចត្រូនិក​ ឬ email ​ក្នុង​ន័យ​ដើម​ថា៖​

«នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ផ្សាំង​ ឬ​ដាក់​ជា​បរិបទ​ដើម្បី​ឲ្យ​ស្រប​តាម​ប្រវត្តិសាស្ត្រ​ និង​លក្ខខណ្ឌ​របស់​ប្រទេស​នីមួយៗ»។​

លោក​បាន​បញ្ជាក់​បន្ថែម​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​ថា៖​

«លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ផ្តល់​អត្ថន័យ​ និង​កំណត់​ដោយ​ក្រុម​ដែល​មាន​ឥទ្ធិពល​ មិនមែន​ក្រុម​នៅ​ថ្នាក់​មូលដ្ឋាន​ទេ។​ ដូច្នោះ​ហើយ​នៅតំបន់​អាស៊ី​អាគ្នេយ៍​ ​គ្មាន​ទេ​លទិ្ធ​ប្រជាធិបតេយ្យ​សេរីនិយម​ ដូច​ដែល​លោក​ខាងលិច​បាន​ផ្តល់​អត្ថន័យ​នោះ​ទេ»។​

អ្នក​ជំនាញ​ខាង​កិច្ច​ការ​អន្តរជាតិ​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​តំបន់​អាស៊ាន​អាច​លេច​ឡើង​មក​បាន​ លុះត្រា​តែ​មាន​ការ​ទាមទារ​ការ​ផ្លាស់​ប្តូរ​ដ៏​ខ្លាំង​ក្លា​មួយ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​គេ​សង្កេត​ឃើញ​ថា​ ​នៅ​ពេល​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នានា​ក្នុង​ពិភព​លោក​ ​ចំពោះ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន ​នោះ​ ​ប្រទេស​ចិន​កុម្មុយ​និស្ត​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​ផ្តល់​ជំនួយ​និង​ដាក់​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មួយ​ដល់​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំណាត់​ការ​របស់​គណបក្ស​កាន់​អំណាច​ទៅ​វិញ៕