មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ការវាយប្រហារប្រហារផ្លូវអាកាសមួយរបស់អាមេរិកកាលពីសប្តាហ៍មុនបានសម្លាប់មេខ្លោងម្នាក់ដែលបានផ្តើមគំនិតបំផ្ទុះនាវាពិឃាដ USS Cole ដែលបានសម្លាប់នាវិកអាមេរិកអស់ចំនួន១៧នាក់កាលពីឆ្នាំ២០០០។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ថា «យោធាដ៏អស្ចារ្យរបស់យើងបានស្វែងរកយុត្តិធម៌ដល់វីរបុរសដែលបានស្លាប់បាត់បង់ជីវិតនិងបានរងរបួសនៅក្នុងការវាយប្រហារដ៏កំសាកទៅលើនាវាពិឃាដ USS Cole។ យើងទើបតែបានសម្លាប់មេដឹកនាំនៃការវាយប្រហារនោះ ដែលមានឈ្មោះថា Jamal al-Badawi។
លោក ត្រាំ បានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកប្រឆាំងនឹងក្រុមអាល់កៃដានឹងនៅតែបន្ត។ យើងនឹងមិនបញ្ឈប់ការប្រយុទ្ធនឹងក្រុមភេរវកម្មឥស្លាមជ្រុលនិយមនោះទេ។
កាលពីសប្តាហ៍មុន មន្ត្រីយោធាអាមេរិកបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អាមេរិកនៅក្នុងតំបន់ Marib នៃប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ បានយកជន al-Badawi ជាគោលដៅ។ ជន al-Badawi នេះគឺជាមេខ្លោងម្នាក់ក្នុងចំណោម៦នាក់នៃក្រុមអាល់កៃដា ដែលត្រូវបានចោទប្រកាន់ថាបានបំផ្ទុះនាវាពិឃាដអាមេរិកនេះ និងស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមភេរវជនដែលប៉ូលិស FBI ចង់ចាប់ខ្លួនបំផុត។
កាលពីឆ្នាំ ២០០០ នាវិកអាមេរិកាំងចំនួន១៧នាក់នៃនាវាពិឃាដ USS Cole បានស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកមួយនៅកំពង់ផែ Aden។ នាវិករាប់សិបនាក់បន្ថែមទៀតបានរងរបួស។ ក្រុមអាល់កៃដាបានអះអាងទទួលខុសត្រូវថាជាស្នាដៃរបស់ខ្លួន៕