យោធាអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសដែលបានសម្លាប់មេដឹកនាំរងនៃក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅសូម៉ាលី។
បញ្ជាការអាមេរិកនៅអាហ្វ្រិកបាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យនៅក្បែរភូមិ Xiriiro ក្នុងតំបន់ Bari ក្នុងប្រទេសសូម៉ាលីបានសម្លាប់ Abdihakim Mohamed Ibrahim។ បញ្ជាការអាមេរិកនៅអាហ្វ្រិកនិយាយថា Ibrahim ដែលមានឈ្មោះមួយទៀតថា Dhoqob គឺជាអ្នកទទួលខុសត្រូវប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមជ្រុលនិយមដែលធ្វើផែនការវាយប្រហារ និងជាអ្នករៀបចំលទ្ធកម្ម។
លោក Abdisamad Mohamed Gallan រដ្ឋមន្ត្រីសន្តិសុខនៃតំបន់ Puntland ប្រទេសសូម៉ាលីបានប្រាប់ VOA ភាសាសូម៉ាលីថា ការវាយប្រហារតាមអាកាសបានកម្ទេចរថយន្តដែលក្នុងនោះមាន Dhoqob និងអ្នកដំណើរម្នាក់ទៀត។ លោកនិយាយថា ជនទាំងពីរនេះត្រូវបានសម្លាប់ ប៉ុន្តែមិនទាន់ដឹងអត្តសញ្ញាណរបស់ម្នាក់ទៀតនោះទេ។
សាក្សីម្នាក់ដែលមិនចង់ឱ្យបញ្ចេញឈ្មោះ បាននិយាយថា រថយន្តនោះឆេះ។
ក្រុមរដ្ឋឥស្លាមនៅសូម៉ាលីដឹកនាំដោយ Sheikh Abdulkadir Mumin អតីតបញ្ញវន្តរបស់ក្រុមសកម្មប្រយុទ្ធ al-Shabab។ កាលពីខែតុលាឆ្នាំ២០១៥ គាត់បានរត់ចេញពីក្រុមហើយបានប្តេជ្ញាភក្ដីភាពចំពោះមេដឹកនាំរដ្ឋឥស្លាមឈ្មោះ Abu Bakr Al-Baghdadi។
Dhoqob គឺជាមនុស្សដៃស្តាំរបស់ Mumin។ Mumin បានរួចផុតពីការវាយប្រហារតាមអាកាសមួយនៅក្នុងតំបន់ភ្នំ Bari នៅខែវិច្ឆិកាឆ្នាំ២០១៧។ លោក Gallan និយាយការសម្លាប់មេដឹកនាំកំពូលរបស់ពួករដ្ឋឥស្លាមនឹងធ្វើឲ្យក្រុមនេះឆាប់អន្តរាយ៕