សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​បង្ហោះ​ផ្កាយ​រណប​វិទ្យាសាស្ត្រ​ចារកម្ម​កូរ៉េខាងជើង

រូបភាពចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង បង្ហាញទិដ្ឋភាពនៃការបាញ់រ៉ុក្កែត Chollima-1 របស់កូរ៉េខាងជើងនៅស្រុក Cholsan នៃកូរ៉េខាងជើង កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣។ (KCNA via REUTERS)

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ថ្កោលទោស​ខ្លាំងក្លាដល់​ការបង្ហោះ​ផ្កាយរណប​វិទ្យាសាស្ត្រចារកម្ម​យោធាទី​មួយ​របស់​កូរ៉េខាងជើង​ ដែល​ជា​វត្ថុ​មួយរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ និយាយ​ថា ​ខ្លួនត្រូវការ​ដើម្បី​ឃ្លាំ​មើល​សមយុទ្ធយោធា​រួមគ្នារវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង។​

លោក John Kirby ​អ្នកសម្រប​សម្រួល​ខាង​គមនាគមន៍យុទ្ធសាស្ត្រ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​និយាយ​កាលពី​ថ្ងៃពុធប្រាប់​ក្រុម​អ្នកកាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​ថា៖ «រាល់ការបង្ហោះ​នីមួយៗ​ក្នុង​ចំណោម​ការ​បង្ហោះ​ទាំង​នេះ​ ទោះ​ជា​វា​គ្មានជោគជ័យ​ឬ​ក៏​មាន​ជោគជ័យ​ក៏​ដោយ​ ក៏​លោក​ Kim Jong Un ​និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​ក្រុមវិស្វករ​របស់​លោកបាន​រៀន​សូត្រ​ កែលម្អ​និង​សម្របសម្រួល‍»។

សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ក្នុង​បណ្តាញ​សារព័ត៌មានរដ្ឋ បាន​ឱ្យ​ដឹងថា​ នៅ​ក្នុង​ការ​បង្ហោះ​កាលពី​ថ្ងៃអង្គារ ​រ៉ុក្កែត​បាន​បាត់បង់​កម្លាំង​ជំរុញនៅ​ក្រោយ​ការ​ផ្តាច់​ពី​គ្នា​នៃ​ផ្នែក​ទី​មួយ​និង​ផ្នែក​ទី​ពីររបស់​វា។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ថ្លែង​ថា​ ខ្លួននឹង​ប៉ុនប៉ងបង្ហោះ​លើក​ទីពីរក្នុង​ពេល​ឆាប់ៗ​នេះ​តាម​ដែល​អាច​ធ្វើ​បាន។​

បណ្តាញ​ផ្សាយ​ព័ត៌មានរបស់​រដ្ឋបាន​និយាយថា ​ផ្កាយរណប​វិទ្យាសាស្ត្រនេះ​មាន​គោលដៅ​ធ្វើការ​ឃ្លាំមើលសមយុទ្ធ​យោធា​រួមគ្នារវាង​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្តអាមេរិក​ «ដោយ​ជាក់ស្តែង»។​

ទោះ​ជា​យ៉ាងណាក៏​ដោយ​ ក៏​សេតវិមាន​នៅ​តែ​យល់ថា​ ការ​បង្ហោះ​មិនមាន​ជោគជ័យ​នេះមាន​ទាក់ទិននឹង​បច្ចេកវិទ្យានៃ​កម្មវិធីមីស៊ីលផ្លោង​អន្តរទ្វីបរបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ដែល​ត្រូវ​បាន​ហាមប្រាម​ដោយ​សេចក្តីសម្រេចរបស់​អង្គការ​សហប្រជាជាតិ។ ក្រុម​អ្នក​សង្កេតការណ៍​ក៏​បាន​និយាយដែរ​ថា បច្ចេកវិទ្យា​ឃ្លាំ​មើល​អះអាងដោយ​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាងអាច​ឱ្យ​ដឹង​អំពី​ទីដៅ​ក្នុង​ពេល​មាន​សង្គ្រាម​ដែរ៕