ក្រុមហ៊ុន​អាមេរិក​ចំនួន​បី​ទៅ​សិក្សា​លទ្ធភាព​វិនិយោគទុន​នៅ​កម្ពុជា

លោក​វីលាម ថដ ​(William E. Todd)​ ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក (ឆ្វេង) និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា (ស្តាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៤។ (គង់ សុឋានរិទ្ធ/វីអូអេ)

ក្រុមហ៊ុន​ឯកជន​ចំនួន​បី​មក​ពី​សហ​រដ្ឋ​អាមេរិក​នឹង​មក​ដល់​ប្រទេស​កម្ពុជានៅ​ក្នុង​ខែ​កក្កដា​នេះ​និង​នៅ​ខែ​សីហា​ខាងមុខដើម្បី​ស្វែង​រក​លទ្ធភាព​វិនិយោគ។ ​នេះ​បើ​យោង​តាមលោក​ស៊ុន ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។​

លោក​ស៊ុន ចាន់ថុល​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​លោក​វីលាម ថដ ​(William E. Todd)​ ឯក​អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ។​ សន្និសីទកាសែត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​បញ្ចប់​បេសកកម្ម​ពាណិជ្ជកម្ម​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ការ​វិនិយោគ​ពី​សហ​រដ្ឋ​អាមេរិក​មក​កម្ពុជា។​

«ក្រុម​ហ៊ុន​ចំនួន​បី​នឹង​មក​ប្រទេស​កម្ពុជា។​ ក្រុមហ៊ុន​មួយ​នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​ និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​នឹង​មក​ដល់​នៅ​ខែ​សីហា។​ ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​ពី​ពួក​គេ ​ហើយ​បាន​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ហើយ»។​

លោក​ស៊ុន ចាន់ថុល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ទាំងបី​នោះ​រួម​មាន​ក្រុម​ហ៊ុន​កាត់ដេរសម្លៀក​បំពាក់​មួយ។ ​ហើយ​ក្រុមហ៊ុន​នេះ​នឹងគ្រោង​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​នៅ​កម្ពុជា។ ក្រុមហ៊ុន​ទីពីរ​នឹង​សម្លឹង​មើល​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ និង​ក្រុមហ៊ុន​ទី​បី​នឹង​ផ្តោត​លើ​វិស័យ​ព័ត៌មានវិទ្យា​ (Information and Commucations ​Technology)។​

Your browser doesn’t support HTML5

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សន្យា​​កែទម្រង់​«ស៊ី​ជម្រៅ»​ទៅ​កាន់​អ្នក​វិនិយោគ​អាមេរិក

លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិក ​វីលាម ថដ​ បាន​ដឹកនាំ​បេសក​កម្ម​ពាណិជ្ជ​កម្ម​នេះ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២០​ខែ​មិថុនា ​ដោយ​មាន​មន្ត្រី​កម្ពុជាជាច្រើន​បាន​អម​ដំណើរ​ រួមទាំង​លោក​ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​តំណាង​អ្នក​ជំនួញ​អាមេរិក​ និង​កម្ពុជា​ផង​ដែរ។​ គណៈប្រតិភូ​កម្ពុជា​ទើប​នឹងបាន​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​សប្តាហ៍​មុន ​ក្រោយ​ពី​បាន​ជួប​ជាមួយ​ក្រុម​អ្នក​ជំនួញ​អាមេរិក​ អ្នក​វិនិយោគ​ទុន​ និង​ពាណិជ្ជករ​ក្នុង​ទីក្រុង ​Los Angeles,​ ទីក្រុង​ Long Beach,​ ទីក្រុង​ Seattle ​និងនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅ​ក្នុង​ដំណើរ​បេសក​កម្ម​នេះ​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​និង​លោក​ស៊ុន ចាន់ថុល​បាន​បង្ហាញ​ពី​ផល​ប្រយោជន៍​ក្នុង​ការបណ្តាក់​ទុន​នៅ​កម្ពុជា ​ផល​ប្រយោជន៍​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​និង​បរិយាកាស​ជំនួញ​ជាដើម។​

លោក​ស៊ុន ចាន់ថុល​បញ្ជាក់​ថា​ កម្ពុជា​មាន​លក្ខណៈ​ភូមិសាស្ដ្រអំណោយ​ផល​សម្រាប់​ការ​វិនិយោគ។​
«ទីតាំង​ភូមិសាស្ដ្រ​ល្អ​នៅ​ក្នុង​ប្រទេស ​ដូច្នេះ​ខ្ញុំ​រង់​ចាំ​ទទួល​ការ​វិនិយោគ​កាន់​តែ​ច្រើន​ទៀត​ពី​សហ​រដ្ឋ​អាមេរិក​ដើម្បី​ពង្រីក​ពាណិជ្ជ​កម្ម​របស់​ប្រទេស​យើង​ទាំង​ពីរ​ ដើម្បី​បង្កើត​ការងារ មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជាទេ ​ប៉ុន្តែ​នៅ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ»។​

បណ្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​មាន​ទំហំ​ជាង​៣.០០០​លាន​ដុល្លារ។​

តាម​លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​លោក​វីលាម ថូដ​ឲ្យដឹង​ថា​ ១៨​ភាគរយ​នៃ​ផលិត​ផល​ដុល​សរុប​របស់​ប្រទេស​កម្ពុជា​បាន​មក​ពី​ការ​នាំ​ទំនិញ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ​និង៣៣​ភាគ​រយ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​គឺ​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​គឺ​មាន​ន័យ​ថា ​សហរដ្ឋ​អាមេរិក​គឺជា​ទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ។

លោក​ថូដ​មាន​ប្រសាសន៍​បន្ថែម​ថា ​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ទាំង​ការ​ប្រឈម​ផង ​និង​ឱកាស​ទទួល​ផល​ប្រយោជន៍​ផង។​

«មានការប្រឈម​និង​ឱកាស​មួយ​ចំនួនសម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា។​ការ​ប្រឈម​នោះ​គឺ​ថា ​អំពើ​ពុក​រលួយ​និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អគ្គិសនី។​ ប៉ុន្តែ​វា​ក៏​មាន​ឱកាស​ច្រើន​ដែរ​សម្រាប់​ការ​វិនិយោគ។ ប្រសិន​បើ​អ្នកធ្វើ​ជំនួញ​នៅ​កម្ពុជា​ប្រៀប​ទៅ​នឹង​ប្រទេស​ដទៃ​ក្នុងតំបន់​ អ្នក​មាន​ការ​ធ្វើ​ជំនួញ​ដោយ​ឈរ​លើ​មូលដ្ឋាន​ចរាចរ​ប្រាក់​ដុល្លារ ​អ្នក​អាច​នាំ​យក​ប្រាក់​ចំណេញ​របស់​អ្នក​ជាមួយ​អ្នក​បាន»។​

ដោយឡែក​លោក​ស្ការ៉ូនី ប្រេតតុន ​(Bretton G. Sciaroni) ​នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​របស់​អាមេរិក​បាន​បញ្ជាក់​ថា​ កម្ពុជា​ជា​ប្រទេស​តូច​នៅ​តែ​មាន​ភាព​ប្រឈមក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហ​រដ្ឋ​អាមេរិក។​

«ការ​ប្រឈម​ធំ​បំផុត​ដែល​យើង​មាន​នោះ​គឺ​ការ​ប្រាប់​ដល់​អ្នក​វិនិយោគ​អាមេរិក​អំពី​ផល​ប្រយោជន៍​ក្នុង​ការ​បណ្តាក់​ទុន​ និង​ឱកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​តូច​មួយ​នៅ​ចន្លោះ​ប្រទេស​ធំពីរ​គឺ​ប្រទេស​ថៃ ​និង​វៀតណាម។​ ដូច្នេះ​ជួន​កាល​ពិបាក​នឹង​ស្រូប​យក​ក្រុម​ហ៊ុន​អាមេរិក​ឲ្យ​សម្លឹង​មក​ប្រទេស​តូច​ដូច​ជា​កម្ពុជា​នេះ»។​

យ៉ាង​ណា​ក៏​ដោយ​ ដំណើរ​បេសក​កម្ម​ពាណិជ្ជ​កម្ម​របស់​ប្រតិភូ​កម្ពុជាទៅ​កាន់​សហ​រដ្ឋ​អាមេរិក​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ណាមួយ​នោះ​ទេ ​ប៉ុន្តែ​ក្នុង​ឱកាស​នោះ​លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ថា ​កម្ពុជា​កំពុង​ធ្វើ​ការ​កែ​ទម្រង់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត៕

ទស្សនា​បទ​សម្ភាសន៍​វីអូអេ​ជាមួយ​លោក ស៊ុន ចាន់ថុល៖

Your browser doesn’t support HTML5

លោកស៊ុន ចាន់ថុល​ទាក់ទាញ​អ្នក​វិនិយោគទុន​ស.រ.អា.​ដោយ​ថ្លែង​អំពី​កំណែ​ទម្រង់