សហគមន៍​នៅ​អាមេរិក​ខ្វល់ខ្វាយ​ ដោយសារ​លោកត្រាំគំរាម​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍​វាយឆ្មក់​

រូបឯកសារ៖ មន្រ្តីគយ និងអន្តោប្រវេសន៍អាមេរិកដើរល្បាតនៅក្រុង Allen រដ្ឋ California កាលពីខែមេសាកន្លងទៅនេះ។

ខណៈ​ដែល​សភា​បាន​អនុម័ត​លើ​កញ្ចប់​ជំនួយ​មនុស្ស​ធម៌​មួយ​ដែល​មាន​ទឹកប្រាក់​៤​ពាន់​៦​រយ​លាន​ដុល្លារ មុន​ពេល​សម្រាក​វិស្សមកាល​នោះ​ សភា​អាមេរិក​មិន​បាន​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ច្បាប់​សុំសិទ្ធិ​ជ្រក​កោន​នោះ​ទេ។ ​

កាល​ពី​ពីរ​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​បំពេញ​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាមេរិក បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​សហព័ន្ធ​នឹង​ចាប់​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​គ្មាន​ឯកសារ​រាប់​លាន​នាក់​តាមរយៈ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​នានា។ ចាប់​តាំង​ពី​ពេល​នោះ​មក សហគមន៍​ជនអន្តោប្រវេសន៍​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បាន​រៀបចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការគំរាមកំហែង​នេះ ប៉ុន្តែ​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​គិត​ថា ការ​ចាប់​បញ្ជូន​ខ្លួន​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ជាយូរ​មក​ហើយ។

នៅ​ខាង​ក្រៅ​ការិយាល័យ​ពលរដ្ឋ​និង​ជនអន្តោប្រវេសន៍​អាមេរិក​ក្នុង​សង្កាត់ Fairfax រដ្ឋ Virginia ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី វ៉ាស៊ីនតោន អ្នកតវ៉ា​សិទ្ធិ​ជនអន្តោប្រវេសន៍​ទាមទារ​ឲ្យ​បញ្ឈប់​ការ​វាយឆ្មក់​របស់​ប៉ូលិស​អន្តោប្រវេសន៍ ICE នៅ​តាម​សហគមន៍​របស់​ពួកគេ។

អ្នក​តវ៉ា​នាំ​គ្នា​ស្រែក​ថា «គ្មាន​ឯកសារ! គ្មាន​ការ​ភ័យខ្លាច!‍» ពួកគេ​គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​សកម្មជន ជនអន្តោប្រវេសន៍ ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នានា​នៅ​ទូទាំងប្រទេស ដែល​ចេញ​មក​តវ៉ា បន្ទាប់​ពី​លោក​ប្រធានាធិបតី ត្រាំ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ទី ១៧ ខែ មិថុនា គំរាម​ចាប់​បញ្ជូន​បុគ្គល​គ្មាន​ឯកសារ​រាប់​លាន​នាក់​ទៅ​ប្រទេស​ពួកគេ​វិញ ប្រសិន​បើ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​បំពេញ​ចន្លោះ​ខ្វះខាត​ទៅ​លើ​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាមេរិក​ទេ​នោះ។ លោក​ ត្រាំ បាន​ទុក​ពេល​ឲ្យ​ពួកគេ​ចំនួន​ពីរ​សប្ដាហ៍។ ​

អ្នកស្រី Sarah Pierce នៃ​វិទ្យាស្ថាន​គោលនយោបាយ​អន្តោប្រវេសន៍​បាន​ថ្លែង​ថា៖

«ជនអន្តោប្រវេសន៍​ភាគច្រើន​ដែល​ត្រូវ​បាន​ឃុំឃាំង​នៅ​ព្រំដែន​ប៉ែក​ខាង​ត្បូង មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុ​ងសហរដ្ឋអាមេរិក​នោះ​ទេ។ ពួកគេ​អាច​នឹង​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួនទៅ​ប្រទេស​កំណើត​វិញ​ភា្លមៗ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ ដំណើរការ​ដាក់​ពាក្យ​របស់​ពួកគេ​ត្រូវ​ការ​ពេលវេលា​យូរ​។ ពួកគេ​ភាគច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក ខណៈ​ដែល​ពួកគេ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន។ ដូច្នេះ​លោក​ប្រធានាធិបតី​គិត​ថា នោះ​គឺ​ជា​ចន្លោះ​ប្រហោង​នៅ​ក្នុង​ប្រព័ន្ធ​សន្ដិសុខ​របស់​យើង ដោយសារ​តែ​ច្បាប់​ដែល​យើង​មាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​បាន‍»។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​គំរាម​ចាប់​បញ្ជូន​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ។ ភា្លមៗ​បន្ទាប់​ពី​លោក​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ខែ មករា ឆ្នាំ ២០១៧ លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​ចាប់​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ចំនួន​បី​លាន​នាក់​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅ​ប្រទេស​របស់​ពួកគេ​វិញ។ ប៉ុន្តែ​លោក​មិន​ដែល​បាន​ធ្វើ​ដូច​ដែល​លោក​បាន​លើកឡើង​ឡើយ។

អ្នកស្រី Andrea Molina ដែល​ជា​អ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ថា៖ «វា​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ណាស់។ វា​គឺ​ជា​រឿង​ដែល​យើង​ជា​ជនអន្តោប្រវេសន៍ ដឹង​យ៉ាង​ច្បាស់។ រាល់​ពេល​ដែល​យើង​ឃើញ​ព័ត៌មាន យើង​ដឹង​ថា គោលនយោបាយនិង​នយោបាយ​ទាំង​នេះ​គឺ​សំដៅ​ចាត់​វិធានការ​មក​លើ​ពួកយើង។ នេះ​គឺ​ជា​សង្គម​ប្រកាន់​ស្បែកស​និយម និង​ជា​រដ្ឋាភិបាល​រើសអើង​ពណ៌សម្បុរ ដូច្នេះ​ពួកគេ​យក​យើង​ជា​គោលដៅ មិនមែន​ត្រឹមតែ​ជនជាតិ​ អ៊ែលសាវ៉ាឌ័រ នោះ​ទេ ប៉ុន្តែ​គឺ​មនុស្ស​គ្រប់​ជាតិសាសន៍ រួម​ទាំង​ពួកស្បែក​ខ្មៅ‍​ផង​ដែរ»។

ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ដូចជា​លោក William Greene ដែល​ជា​ប្រធាន​សមាគម​ពលរដ្ឋ​អាមេរិកាំង​សម្រាប់​ជនអន្តោប្រវេសន៍​ស្របច្បាប់ នៅ​តែ​គិត​ថា ការ​ចាប់​បញ្ជូន​ខ្លួន​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​យូរ​ណាស់​មក​ហើយ។ លោក​ថ្លែង​ថា ច្បាប់​អន្តោប្រវេសន៍​ដែល​មាន​នេះតម្រូវ​ឲ្យ​ប្រធានាធិបតី​ចាប់​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឡប់​ទៅ​ប្រទេសកំណើត​របស់​ពួកគេ​វិញ ប៉ុន្តែ​លោក​ប្រធានាធិបតី​មិន​បាន​ធ្វើ​អញ្ចឹង​នោះ​ទេ។

«យើង​មិន​ត្រូវ​បាន​ការពារ​ពី​ការ​ឈ្លានពាន​នោះ​ទេ។ ខ្ញុំមាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រំពឹង​ថា ច្បាប់​ដែល​អាមេរិក​មាន​ស្រាប់​នេះ ដែល​តម្រូវ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង​អស់​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ គួរ​ត្រូវ​បាន​អនុវត្ត។ ប៉ុន្តែ​វា​មិន​បាន​កើតឡើង​នោះ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការ​រំពឹង​ថា ច្បាប់​ដែល​រារាំង​និយោជក​មិន​ឲ្យ​ជួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើ​ជា​បុគ្គលិក​គួរ​តែ​អនុវត្ត។ តែ​វាមិន​កើតឡើង​នោះ​ទេ‍»។

ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​របស់​អាមេរិក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការ​វាយឆ្មក់​ឬ​ប្រតិបត្តិការ​ណា​មួយ​ដែល​នឹង​ធ្វើឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ហើយ​ពួកគេ​ក៏​មិន​ព្រម​បញ្ចេញ​មុខ​លើ​កញ្ចក់​កាមេរ៉ា​នោះ​ដែរ ប៉ុន្តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ អ្នកស្រី Carol Danko អ្នកនាំពាក្យ​ប៉ូលិស​អន្ដោប្រវេសន៍ ICE និយាយ​ថា គ្មាន​ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឬ​បំពាន​ដីកា​តុលាការ​បាន​ទេ ហើយ​ជនបរទេស​ខុសច្បាប់​ក៏​ដូច​គ្នា​ដែរ។ ​

ខណៈ​ដែល​សភា​បាន​អនុម័ត​លើ​កញ្ចប់​ជំនួយ​មនុស្ស​ធម៌​មួយ​ដែល​មាន​ទឹកប្រាក់​៤​ពាន់​៦​រយ​លាន​ដុល្លារ មុន​ពេល​សម្រាក​វិស្សមកាល​នោះ​ សភា​អាមេរិក​មិន​បាន​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ច្បាប់​សុំសិទ្ធិ​ជ្រក​កោន​នោះ​ទេ។ ​

នៅ​ពេល​ដែល​កាលបរិច្ឆេទ​ពីរ​សប្តាហ៍របស់​លោក ត្រាំ ជិត​ផុត​កំណត់ ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​នៅ​តែ​គ្មាន​ភាព​ប្រាកដប្រជា។ ​

លោក Miguel Carpizo ដែល​ជា​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​លើកឡើង​ថា៖

«​ខ្ញុំ​គិត​ថា មនុស្ស​ភាគច្រើន​ស៊ាំ​ត្រចៀក​ទៅ​នឹង​សម្ដី​គំរាមកំហែង ដោយសារ​តែ​ពួកគេ​រស់នៅ​ក្នុង​ជីវិត​បែប​ហ្នឹង ប៉ុន្តែ​ពិតណាស់ នៅ​ពេល​ដែល​មាន​ការ​ប្រកាស​ណាមួយ ពួកគេ​ប្រុងប្រយ័ត្ន​ជាងគេ ព្រោះ​ថា​យើង​ចាប់​ផ្ដើម​ទទួល​បាន​ដំណឹង​ជា​មុន ដូចជា​មាន​រថយន្ដ​វ៉ែន​១០​គ្រឿង​នៅ​ស្ថានីយ៍​ចាក់​ប្រេង ប៉ុន្តែ​ពេល​យើង​ទៅ​ដល់​កន្លែង​នោះ គ្មាន​រថយន្ត​វ៉ែន​នោះ​ទេ។ ហេតុការណ៍​ដូច្នេះ​ធ្វើ​ឲ្យពួកគេ​មាន​ការ​ភ័យ​ខ្លាច។ ដូច្នេះ​ពួកគេ​ព្យាយាម​សម្ងំ​លាក់​ខ្លួន​នៅ​តែ​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ណា»។

ស្របពេល​ដែល​ពលរដ្ឋអាមរិកាំង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ សហគមន៍​ជនអន្ដោប្រវេសន៍​បន្ត​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​របស់​ពួកគេ។

អ្នកស្រី Nayeli Lopez ដែល​ជា​អ្នក​តវ៉ា​មួយ​រូប​បាន​និយាយ​ថា៖

«យើង​ត្រូវ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍ ICE ដឹង​ថា នៅ​ក្នុង​សហគមន៍​មួយ យើង​អាច​រួបរួម​គ្នា​មក​ទីនេះ ​ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា យើង​មិន​ខ្លាច​ការ​ចូល​ឆ្មក់​ដូចដែល​ពួកគេ​បាន​ធ្វើ​ដាក់​សហគមន៍​របស់​យើង​នោះ​ទេ។ ហើយ​យើង​ក៏​ចង់​ឲ្យ​ពួកគេ​ដឹង​ថា យើង​នឹង​គាំទ្រ​អ្នក​រាល់​គ្នា ក្រុមគ្រួសារ​របស់​យើង សហគមន៍​របស់​យើង និង​ខ្លួន​យើង ព្រោះថា បើ​ទោះ​ជា​យើង​គ្មាន​ឯកសារ ក៏​យើង​មិន​ខ្លាច​នោះ​ដែរ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា