រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានចាប់ផ្ដើមជុំថ្មីនៃការពិភាក្សាគ្នានៅថ្ងៃអាទិត្យនេះ ក្នុងគោលបំណងដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មដែលកំពុងតែតានតឹងឡើង។
គេនៅមិនទាន់ឃើញមានព័ត៌មានលំអិតណាមួយអំពីការពិភាក្សាគ្នានៅឯសណ្ឋាគាររដ្ឋ Diaoyutai នៅឡើយទេ ប៉ុន្តែ បេសកជនចិនបានសន្យានៅក្រោយពេលប្រជុំកម្រិតខ្ពស់លើកចុងក្រោយបង្អស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះថា នឹងទិញកសិផល និងផលិតផលជំនួយកម្លាំងរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។
លោក Ross ត្រូវបានអមដំណើរដោយមន្ត្រីក្រសួងកសិកម្ម មន្ត្រីក្រសួងហិរញ្ញវត្ថុ និងមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ចំណែកឯគណៈប្រតិភូរបស់លោក Liu He វិញ ក៏មានវត្តមានរបស់ទេសាភិបាលធនាគារកណ្ដាលចិន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនផងដែរ។
គេក៏មិនឃើញមានសញ្ញាណាមួយបញ្ជាក់ថា ការពិភាក្សាគ្នាលើកនេះនឹងផ្ដោតផងដែរលើការត្អូញត្អែររបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលក្រុងប៉េកាំងបានលួច ឬក៏ដាក់សម្ពាធលើក្រុមហ៊ុនបរទេសនោះទេ។
ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងគំរាមដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិនដែលមានទឹកប្រាក់រហូតដល់ ១៥០ ពាន់លានដុល្លារអាមេរិក។
ទាក់ទិននឹងជម្លោះពាណិជ្ជកម្មនេះ សេតវិមានបានធ្វើការគំរាមកំហែងសារជាថ្មីកាលពីសប្ដាហ៍មុនលើការដំឡើងពន្ធគយលើទំនិញពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់ចិនក្នុងទឹកប្រាក់ ៥០ ពាន់លានដុល្លារអាមេរិក៕