សហរដ្ឋ​អាមេរិក​សម្អាត​ការដ្ឋាន​ផ្ទុក​សារធាតុ​គីមី Agent Orange នៅប្រទេស​វៀតណាម​

ទាហានវៀតណាមម្នាក់ឈរយាមនៅតំបន់ដែលបានបំពុលនៅពេលដែលរដ្ឋលេខាធិការសហរដ្ឋអាមេរិក Jim Mattis មកធ្វើទស្សនកិច្ចក្នុងបន្ទាយអាកាស Bien Hoa ក្នុងទីក្រុង Bien Hoa​​ ខាងក្រៅទីក្រុងហូជីមីញប្រទេសវៀតណាមកាលពីថ្ងៃទី១៧​​​ ខែតុលា​ ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដែល​មាន​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​ដើម្បីបោស​សម្អាត​មូលដ្ឋាន​យោធា​មួយ​ក្នុង​ប្រទេស​វៀតណាមដែល​សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ដើម្បី​ស្តុក​ទុកសារធាតុ​គីមី​ Agent Orange ​ដែល​មាន​ជាតិ​ពុល​ខ្លាំង​បំផុត។

ការសម្អាត​នេះនឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ ១៨៣​ លានដុល្លារ​ហើយ​បានចាប់ផ្តើម​កាលពីថ្ងៃសៅរ៍​នៅ​ឯ​អាកាសយានដ្ឋាន ​Bien Hoa ​ដែល​ស្ថិតនៅខាងក្រៅ​ទីក្រុង​ហូជីមិញ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​រយៈពេល​ជាង​ ៤០ ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​បាន​បញ្ចប់​ហើយ​អាកាស​យានដ្ឋាន ​Bien Hoa គឺ​ជា​កន្លែងមួយ​ក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែលរក្សា​ទុកសារធាតុ​ពុលនេះ។

សហរដ្ឋ​អាមេរិក​បាន​បាញ់​សារធាតុ​គីមី​ Agent Orange ​អស់​ ៨០លាន​លីត្រ​ នៅ​តំបន់​វៀតណាម​ខាងត្បូង​នៅ​ចន្លោះ​ឆ្នាំ​ ១៩៦២​ ដល់​ ១៩៧១ ​ដើម្បី​កុំ​ឱ្យ​កងទ័ពព្រៃ​កុម្មុយនីស្ត​វៀតកុង​មាន​ព្រៃ​ជ្រក​និង​បង្អត់​អាហារ​ពួកគេ។

សារធាតុគីមី​ Agent Orange ​ដែល​រក្សា​ទុក​នៅ​អាកាស​យានដ្ឋាន Bien Hoa ​ត្រូវ​បាន​គេ​ជឿ​ថាបាន​ជ្រាប​ចូល​ទៅក្នុង​ដី កករ និង​ទន្លេ​ក្បែរខាង។

សារធាតុ​គីមី​ Agent Orange នេះ​មាន​ជាតិ​ Diaxin ​និង​បាន​ធ្វើ​ឱ្យ​ងាយ​កើត​ជំងឺមហារីក និង​កូន​ក្មេង​កើត​មិន​គ្រប់​លក្ខណៈ​លើ​ពលរដ្ឋ​វៀតណាម​ជាច្រើន​ជំនាន់។

កាលពីខែ​វិច្ឆិកា សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​កម្មវិធីបោស​សម្អាត​ស្រដៀងគ្នា​នេះ​នៅ​អាកាស​យាន​ដ្ឋាន Danang ​ដោយ​ចំណាយ​អស់ទឹកប្រាក់​ចំនួន ​១១០លានដុល្លារ។

ចំនួន​ជាតិ​ពុល​នៅ​ Bien Hoa គឺច្រើន​ជាង​នៅ​ Danang ចំនួន​បួន​ដង៕