រដ្ឋបាលរបស់លោក Joe Biden កំពុងអះអាងថា ខ្លួនមានអំណាចផ្លូវច្បាប់កំណត់ថា ក្រុមហ៊ុនអាមេរិកធំៗ អាចបង្ខំឱ្យកម្មករចំនួន៨៤ លាននាក់ចាក់ថ្នាំបង្ការវីរុសកូរ៉ូណា ត្រឹមថ្ងៃទី ៤ ខែមករា បើមិនដូច្នេះទេ ពួកគេត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ និងត្រូវធ្វើតេស្តរាល់សប្តាហ៍។
សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានរារាំងចំណាត់ការរបស់លោកប្រធានាធិបតី Biden ជាបណ្តោះអាសន្នដោយរង់ចាំការសម្រេចរបស់តុលាការបន្ថែមទៀត។ លោកនិយាយថា ការណែនាំរបស់លោកឱ្យចាក់វ៉ាក់សាំងទូទាំងប្រទេស មានគោលបំណងទប់ស្កាត់ជំងឺរាតត្បាតជាបន្តដែលបានសម្លាប់មនុស្សជាង ៧៥០.០០០ នៅសហរដ្ឋអាមេរិក។ ចំនួនមនុស្សស្លាប់នេះ ច្រើនជាងប្រទេសផ្សេងទៀត។
អភិបាលរដ្ឋនៃគណបក្សសាធារណៈរដ្ឋជាច្រើនបានប្រឆាំងបទបញ្ជារបស់ប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យនេះ។ អភិបាលនានា និងនិយោជកមួយចំនួនបានប្តឹងរារាំងបទបញ្ជានេះដោយអះអាងថា ការចាក់វ៉ាក់សាំង និងចំណាត់ការតម្រូវឱ្យចាក់ថ្នាំនេះ មិននៅក្រោមសិទ្ធិអំណាចរបស់រដ្ឋាភិបាលទេ។
ប៉ុន្តែឯកសារមានកម្រាស់ ២៨ ទំព័រប្តឹងនៅសាលាឧទ្ធរណ៍ Fifth Circuit Court of Appeals កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានជំទាស់ថា ការរារាំងនេះ«ទំនងជានឹងធ្វើឱ្យមនុស្សរាប់សិបនាក់ ឬរាប់រយនាក់ស្លាប់ក្នុងមួយថ្ងៃ បន្ថែមពីលើមនុស្សឈឺធ្ងន់ចូលមន្ទីរពេទ្យដ៏ច្រើន និងប៉ះពាល់សុខភាព និងខាតបង់យ៉ាងច្រើន។ នេះជាផលវិបាកបញ្ចូលគ្នានៃគ្រោះថ្នាក់ដែលបទបញ្ជាខ្ពស់បំផុតនេះ ត្រូវទប់ស្កាត់»។
មនុស្សជាង ១៩៤ លាននាក់ក្នុងចំណោមប្រជាជន ៣៣៣ លាននាក់នៅសហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងពេញលេញ។ ប៉ុន្តែមនុស្សពេញវ័យរាប់លាននាក់ មិនចាក់វ៉ាក់សាំងដោយលើកហេតុផលផ្សេងៗដែលរារាំងមិនឱ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក Biden អាចទប់ស្កាត់ជំងឺរាតត្បាតពេញលេញ៕