សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានលុបចោលការរឹតបន្តឹងលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស។ នេះ ជាការលុបចោលការរឹតបន្តឹងលើកទី១ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ចាប់ផ្តើម។
អ្នកធ្វើដំណើរ បានឈរតម្រង់ជួរដ៏វែងនៅតាមព្រលានយន្តហោះ ហើយជើងហោះហើរអន្តរជាតិ មានអ្នកដំណើរពេញៗស្របពេលពួកគេ ទន្ទឹងជួបជុំក្រុមគ្រួសារនិងមិត្តភក្តិឡើងវិញ។
ទន្ទឹមនឹងនេះដែរ ព្រំដែនគោកសហរដ្ឋអាមេរិក ក៏ត្រូវបានបើកសម្រាប់ការធ្វើដំណើរមិនចាំបាច់ផងដែរ កាលពីថ្ងៃចន្ទ។
ការផ្លាស់ប្តូរគោលនយោបាយសហរដ្ឋអាមេរិកនេះ បានបញ្ចប់បម្រាមការធ្វើដំណើររយៈពេល២០ខែកន្លងទៅ ដែលប៉ះពាល់ច្រើនដល់ពិភពលោក។
ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ត្រូវបានអនុវត្តជាដំបូងចំពោះអ្នកដំណើរមកពីប្រទេសចិន កាលពីខែមករា ឆ្នាំ២០២០ និងបន្ទាប់មកត្រូវបានពង្រីកដល់ប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោករួមមានសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ឥណ្ឌា និងប្រទេសប្រេស៊ីលផងដែរ។
ម្យ៉ាងទៀតកាលពីថ្ងៃចន្ទនេះផងដែរ តំបន់ជាច្រើននៅប្រទេសរុស្ស៊ី បានបិទបញ្ចប់ការបិទខ្ទប់រយៈពេលមួយសប្តាហ៍ ដែលតម្រូវឲ្យបិទការិយាល័យនានា ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ១៩នោះ។
ដោយឡែក ក្រុមហ៊ុន Regeneron ដែលផលិតថ្នាំ បាននិយាយកាលពីថ្ងៃចន្ទថា ដូសថ្នាំបង្កើនអង្គបដិប្រាណសំយោគ បានកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ១៩ដល់ទៅ៨១,៦% ក្នុងការសាកល្បងដំណាក់កាលចុងក្រោយ។ ក្រុមហ៊ុននិយាយថា ការព្យាបាលបង្កើនអង្គបដិប្រាណអាចប្រើសម្រាប់អ្នកដែលមានជំងឺកូវីដ១៩កម្រិតស្រាលទៅមធ្យម និងសម្រាប់ការពារការឆ្លងមេរោគចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខនឹងជំងឺ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters the Associated Press និង Agence France-Presse។