ចិន​ខឹង​សហរដ្ឋ​អាមេរិក​ចំពោះ​រឿង​ប្រារព្ធ​ខួប​ការ​តវ៉ា​ទីលាន Tiananmen ឆ្នាំ ១៩៨៩

និស្សិត​សាកលវិទ្យាល័យ​ដាក់​ផ្កា​នៅ​រូបសំណាក Pillar of Shame កន្លែង​រំឭកវិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​រង​របួស និង​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប Tiananmen នៅ​សាកលវិទ្យាល័យ​ហុងកុង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​ព្រលះ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រារព្ធ​ខួប​នៃ​ការ​តវ៉ា​ទីលាន Tiananmen ឆ្នាំ ១៩៨៩ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​នោះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី «រំឭក​ដល់​ការ​បាត់បង់​ជីវិត​មនុស្ស​ស្លូត​ត្រង់​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា» កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៩ ដែល​នៅ​ពេល​នោះ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​បញ្ជូន​រថក្រោះ​មក​កិន​កម្ទេច​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ជុំវិញ​ទីលាន Tiananmen នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង។

ការ​ពិភាក្សា​បើក​ចំហ​អំពី​ការ​បង្ក្រាប​នេះ​គឺ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ប្រទេស​ចិន ដែល​កាល​នោះ​មនុស្ស​រាប់​រយ​នាក់ ឬ​ក៏​អាច​ច្រើន​ជាង​នេះ​បាន​ស្លាប់។ សារ​តេឡេក្រាម​ការទូត​របស់​អង់គ្លេស​មួយ​ដែល​មាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​មុន បាន​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច ១ ពាន់​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​នោះ។

លោក Mike Pompeo បាន​ដក​ស្រង់​សម្ដី​របស់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​លោក Liu Xiaobo ដែល​ជា​ម្ចាស់​ជ័យ​លាភី​ណូបែល​សន្តិភាព​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ថ្លើម​កាល​ពី​ឆ្នាំ​មុន​នៅ​ពេល​ដែល​លោក​កំពុង​ជាប់​ឃុំឃាំង ដែល​បាន​និយាយ​ថា៖ «សាកសព​អ្នក​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៩ មិន​ទាន់​ទៅ​កាន់​សុគតិភព​នៅ​ឡើយ​ទេ»។

មន្ត្រី​ការទូត​អាមេរិក​កំពូល​រូប​នេះ​បាន​បន្ថែម​ថា៖ «យើង​ចូលរួម​ជាមួយ​អ្នក​ដទៃ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្ដល់​ទិន្នន័យ​ពេញលេញ​នូវ​ចំនួន​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ចាប់​ដាក់​ឃុំ ឬ​ក៏​បាត់​ខ្លួន»។

លោក Pompeo ក៏​បាន​ជំរុញ​រដ្ឋាភិបាល​ចិន​ផង​ដែរ​ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​គេ​ដាក់​ឃុំ​ដោយសារតែ​ពួកគេ​ព្យាយាម​រក្សា​អនុស្សាវរីយ៍​ការ​តវ៉ា​នេះ​ឲ្យ​នៅ​រស់​រវើក ក៏​ដូចជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ចូលរួម​តវ៉ា​នៅ​ទីលាន Tiananmen និង​ក្រុម​គ្រួសារ​របស់​ពួកគេ៕