ការ​ប្រកួត​រវាង​អាមេរិក​និង​ចិន​ឈាន​ដល់​បច្ចេកវិទ្យា​ជីវសាស្ត្រ​ដែល​សមាជិក​សភា​បារម្ភ

បុគ្គលិក​ជំនាញ​កំពុង​ធ្វើការ​នៅ​ក្នុង​មន្ទីរពិសោធន៍​យក​សំណាក​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រចិន BGI Genomics នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ (Xinhua via AP)

សមាជិក​សភា​អាមេរិកាំង​កំពុង​បង្កើន​ការ​ព្រមាន​អំពី​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ ការបរាជ័យ​របស់​អាមេរិក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជីវសាស្ត្រ ​ដោយ​ព្រមាន​ពី​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ ​និង​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ពង្រីក​ការ​ប្រកួតប្រជែង​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជីវសាស្ត្រ មនុស្ស​មួយ​ចំនួនយល់​ថា ការ​បិទ​ក្រុមហ៊ុន​ចិន​នឹង​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក។

បច្ចេកវិទ្យា​ជីវសាស្ត្រ​នឹង​ធ្វើ​ឱ្យ​ជីវិត​ប្រចាំ​ថ្ងៃ​រីកចម្រើន ដោយ​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ធ្វើ​ឱ្យ​មាន​ភាព​រីកចម្រើន​ឆាប់រហ័ស​ក្នុង​ការ​ព្យាបាល​វេជ្ជសាស្រ្ត វិស្វកម្ម​ហ្សែន​ក្នុង​វិស័យ​កសិកម្ម និង​សារធាតុ​ជីវសាស្ត្រ​ថ្មីៗ។ ដោយសារ​តែ​សក្តានុពល​នៃ​បច្ចេកវិទ្យា​នេះ វា​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​រដ្ឋាភិបាល​ចិន និង​សហរដ្ឋ​អាមេរិក។

សេចក្តីព្រាង​ច្បាប់​នានា​ត្រូវ​បាន​ស្នើ​ឡើង​នៅ​រដ្ឋសភា ​និង​ព្រឹទ្ធសភា​ដើម្បី​រារាំង «ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​បរទេស​ដែល​ជា​ក្តីបារម្ភ» មិន​ឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​អ្នក​ផ្តល់​សេវា​វេជ្ជសាស្រ្ត​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ។ សេចក្តីព្រាង​ច្បាប់​ទាំង​នោះ​បាន​កំណត់​ឈ្មោះ​ក្រុមហ៊ុន​ចិន​ចំនួន​បួន។

ស្ថានទូត​ចិន​បាន​ថ្លែង​ថា អ្នក​នៅ​ពី​ក្រោយ​ច្បាប់​ទាំង​នោះ​មាន «ភាព​លម្អៀង​មនោគមវិជ្ជា និង​ព្យាយាម​គាបសង្កត់​ក្រុមហ៊ុន​ចិន «ក្រោម​លេស​ក្លែងក្លាយ»។ ស្ថានទូត​ចិន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចិន​ទទួល​បាន «ការ​អនុញ្ញាត​ធ្វើ​អាជីវកម្មដោយ​បើក​ចំហ យុត្តិធម៌ និង​គ្មាន​ការ​រើសអើង»។

ការ​ជជែក​វែកញែក​អំពី​បច្ចេកវិទ្យា​ជីវសាស្ត្រ​កំពុង​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋបាល​លោក Biden ព្យាយាម​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ផុយស្រួយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ដែល​មាន​ភាព​រកាំរកូស​ដោយសារ​បញ្ហា​ជាច្រើន រួម​ទាំង​សង្រ្គាម​ពាណិជ្ជកម្ម ជំងឺ​រាតត្បាត​កូវីដ១៩ សន្តិសុខ​តាម​អ៊ីនធឺណិត និង​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​រិះគន់​ច្បាប់​នេះព្រមាន​ថា​ ការរឹតត្បិត​លើ​ក្រុមហ៊ុន​ចិន​នឹង​រារាំង​ការរីកចម្រើន​ដែល​អាច​នាំ​មក​នូវ​ភាព​ល្អ​ប្រសើរ។

អ្នកស្រី Abigail Coplin សាស្រ្តាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ Vassar ជំនាញ​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជីវសាស្ត្រ​ចិន​បាន​ថ្លែង​ថា៖​ «នៅ​ក្នុង​បច្ចេកវិទ្យា​ជីវសាស្ត្រ គេ​មិន​អាច​រក្សា​ការ​ប្រកួតប្រជែង​ដោយ​បិទ​ទ្វារ​ពី​អ្នក​ដទៃ​បាន​ទេ»។

អ្នកស្រី​បាន​ថ្លែង​បន្ត​ថា អ្នកស្រី​មាន​ការ​ព្រួយបារម្ភ​ថា អ្នក​បង្កើត​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​អាច​នឹង​ងប់ងុល​នឹងកម្មវិធី​បច្ចេកវិទ្យា​យោធា​ខ្លាំង​ពេក​ ដោយ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ព្យាបាល​ជំងឺ និង​ចិញ្ចឹម​ប្រជាជន​ពិភពលោក។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​សមាជិក​ព្រឹទ្ធសភា​ដែល​គាំទ្រ​ច្បាប់​នេះ អ្នកស្រី Rachel King នាយិកា​ប្រតិបត្តិ​នៃ​សមាគម​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា អង្គការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ជីវសាស្ត្រ​បាន​ថ្លែង​ថា ច្បាប់​នេះ​នឹង «ធ្វើ​ឱ្យ​ខូចខាត​មើល​មិន​ឃើញ​ចំពោះ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៃ​ការ​អភិវឌ្ឍ​ថ្នាំ ទាំង​ថ្នាំ​ព្យាបាល​ដែល​ត្រូវ​បាន​អនុម័ត​នា​ពេល​បច្ចុប្បន្ន និង​នៅ​លើ​ទីផ្សារ ក៏​ដូចជា​ចំពោះ​ប្រព័ន្ធ​អភិវឌ្ឍន៍​ដែល​មាន​រាប់​ទសវត្សរ៍​មក​ហើយ»។

ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ​ថ្លែង​ថា ​ច្បាប់​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​អាមេរិកាំង។

គណៈកម្មការ​សន្តិសុខ​ជាតិ​ស្តី​ពី​បច្ចេកវិទ្យា​ជីវសាស្ត្រ​ដែល​កំពុង​រីកចម្រើន ដែល​ជា​ក្រុម​មួយ​បង្កើត​ឡើង​ដោយ​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​ត្រួតពិនិត្យ​ឧស្សាហកម្ម​នេះ​បាន​ថ្លែង​ថា ​ច្បាប់​នេះ​នឹង​ជួយ​ធានា​សុវត្ថិភាព​ដល់​ទិន្នន័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ និង​របស់​ពលរដ្ឋ​អាមេរិក ហើយ​វា​នឹង​រារាំង​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​ពី​ក្រុមហ៊ុន​ចិន។

រូបឯកសារ៖ សមាជិក​រដ្ឋសភាអាមេរិក​លោក Mike Gallagher នៃគណបក្សសាធារណរដ្ឋ​ កំពុង​ស្តាប់​សវនាការ​ស្តីពី​ការ​ទប់ទល់នឹងឥទ្ធិពលចិន នៅ​វិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈកម្មការ​នេះ​បាន​ថ្លែង​ថា ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ជីវសាស្រ្ត​មិន​ត្រឹម​តែ​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​សមត្ថភាព​យោធា​ផង​ដែរ។

លោក Mike Gallagher ប្រធាន​គណៈកម្មាធិការ​សភា​ពិសេស​ស្តីពីគណបក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​ថា គ្រោះថ្នាក់​មាន​ច្រើន។ លោក Gallagher បាន​ស្នើ​សេចក្តីព្រាង​ច្បាប់​ទៅ​រដ្ឋសភា ​និង​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ទៅ​ទីក្រុង Boston ដើម្បី​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ។

លោក Gallagher បាន​ថ្លែង​ថា៖ «វា​មិន​មែន​គ្រាន់​តែ​ជា​ការប្រយុទ្ធ​លើ​សង្វាក់​ផ្គត់ផ្គង់ ឬ​ការប្រយុទ្ធលើ​សន្តិសុខ​ជាតិ ឬ​លើ​សន្តិសុខ​សេដ្ឋកិច្ច​ទេ ខ្ញុំ​នឹង​បង្ហាញ​ថា ​វា​ជា​ការប្រយុទ្ធលើ​ផ្នែក​សីលធម៌​ផង​ដែរ។ នៅ​ពេល​ដែល​វិស័យ​នេះ​រីកចម្រើន​ក្នុង​ល្បឿន​លឿន ប្រទេស​ដែល​ឈ្នះ​ការ​ប្រកួតប្រជែង​នឹង​កំណត់​ស្តង់ដា​សីលធម៌​ជុំវិញ​វិធី​ដែល​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នេះ»។

លោក​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​តែ «កំណត់​ច្បាប់​សម្រាប់​ផ្លូវ​ធ្វើ​ដំណើរ» ហើយ​ប្រសិនបើ​មិន​ដូច្នេះ​ទេ «យើង​នឹង​រស់នៅ​ក្នុង​ពិភពលោក​ដែល​មិន​សូវ​មាន​សេរីភាព និង​សីលធម៌​តិចតួច» ។

ទាំង​សហរដ្ឋអាមេរិក និង​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​ក្នុង​ពិភពលោក បាន​កំណត់​ថា បច្ចេកវិទ្យា​ជីវសាស្ត្រ​ជា​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់។

រដ្ឋបាល​លោក Biden បាន​ដាក់​ចេញ​នូវ «វិធីសាស្រ្ត​របស់​រដ្ឋាភិបាល​ទាំងមូល» ដើម្បី​ជំរុញ​បច្ចេកវិទ្យា​ជីវសាស្រ្ត និង​ការ​ផលិត​ជីវសាស្រ្ត​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព ការ​ប្រែប្រួល​អាកាសធាតុ ថាមពល សន្តិសុខ​ស្បៀង កសិកម្ម និង​ភាព​ធន់​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។

រដ្ឋាភិបាល​ចិន​មាន​ផែនការ​អភិវឌ្ឍ «កងកម្លាំង​បច្ចេកវិទ្យា​យុទ្ធសាស្ត្រ​ជាតិ» នៅ​ក្នុង​បច្ចេកវិទ្យា​ជីវសាស្ត្រ​ ដែល​នឹង​ត្រូវ​ផ្តល់​ភារកិច្ច​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​របក​គំហើញ និង​ជួយ​ប្រទេស​ចិន​ឱ្យ​សម្រេច​បាន «ឯករាជ្យភាព​បច្ចេកវិទ្យា» ដាច់​ពី​សហរដ្ឋអាមេរិក។

លោក Tom Bollyky ប្រធាន​ផ្នែក​សុខភាព​ពិភពលោក​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​របស់​មូលនិធិ​Bloomberg​បាន​ថ្លែង​ថា៖ «ទាំង​រដ្ឋាភិបាល​ចិន និង​ប្រជាពលរដ្ឋអាមេរិកាំងបាន​កំណត់​ថា បច្ចេកវិទ្យា​ជីវសាស្ត្រ​ជា​វិស័យ​សំខាន់​សម្រាប់​ការ​វិនិយោគទុន​ ដែល​បង្ហាញ​ពី​ឱកាស​រីកចម្រើន​ក្នុង​សេដ្ឋកិច្ច​របស់​ពួកគេ»។

លោក​បន្ត​ថា វិធានការ​រឹតត្បិត​ណា​មួយ​របស់​សហរដ្ឋអាមេរិក គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​ក្តីបារម្ភ​ផ្នែក​យោធា និង​ក្តីបារម្ភ​អំពី​សុវត្ថិភាព​ទិន្នន័យ​ហ្សែន។

លោក Bollyky បាន​ថ្លែង​ថា៖ «តាម​ធម្មតា វា​នឹង​មាន​ការ​ប្រកួតប្រជែង ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​បច្ចេកវិទ្យា​ជីវសាស្ត្រ​គឺ​ថា ​យើង​កំពុង​និយាយ​អំពី​សុខភាព​មនុស្ស»។

លោក Ray Yip ដែល​ជា​អ្នក​បង្កើត​ការិយាល័យ​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​ចិន​ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា ការ​ប្រកួតប្រជែង​នឹង​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ​ផ្នែក​វេជ្ជសាស្ត្រ។

លោក Yip បាន​ថ្លែង​ថា អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ប្រសើរ​ជាង​មុន​មាន​មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​នីមួយៗ​នោះ​ទេ «ហើយ​វា​នឹង​មិន​លុបបំបាត់​សមត្ថភាព ឬ​កិត្យានុភាព​របស់​ប្រទេស​ដទៃ​នោះ​ទេ»។

អ្វី​ដែល​ជា​ក្តីបារម្ភ​របស់​អ្នកស្រី Anna Puglisi សហការី​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សន្តិសុខ​និង​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​នៃ​សាកល​វិទ្យាល័យ Georgetown គឺ​ការ​ខ្វះ​តម្លាភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ការ​អនុវត្ត​ទីផ្សារ​មិន​ស្មើភាព​របស់​ខ្លួន។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ប្រកួតប្រជែង​គឺ​ជា​រឿង​មួយ។ ការ​ប្រកួតប្រជែង​មិន​ស្មើ​ភាព​គឺ​ជា​រឿង​មួយ​ទៀត»។

អ្នកស្រី Puglisi បាន​ពណ៌នា​ក្រុមហ៊ុន BGI ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ចិន​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​ថា​ជា «ជើង​ខ្លាំង​ថ្នាក់​ជាតិ» ដែល​ត្រូវ​បាន​ឧបត្ថម្ភធន និង​ផ្តល់​ការ​អនុគ្រោះ​ពី​រដ្ឋ​នៅ​ក្នុង​ប្រព័ន្ធ​ដែល «ធ្វើ​ឱ្យ​មាន​ភាព​ស្រពិចស្រពិល​ថា​តើ​វា​ជា​ក្រុមហ៊ុន​ឯកជន និង​សាធារណៈ ​ស៊ីវិល និង​យោធា»។

អ្នកស្រី Puglisi បាន​ថ្លែង​ថា៖​ «ប្រព័ន្ធ​នេះ​បង្កើត​ការ​បង្ខូច​ទ្រង់ទ្រាយ​ទីផ្សារ និង​ធ្វើ​ឱ្យ​ខូច​ដល់​បទដ្ឋាន​វិទ្យាសាស្ត្រ​សកល​ ដោយ​ប្រើ​អ្នក​ស្រាវជ្រាវ និង​គ្រឹះស្ថាន​សិក្សា និង​ពាណិជ្ជកម្ម ដើម្បី​បន្ត​គោលដៅ​របស់​រដ្ឋ»។

ក្រុមហ៊ុន BGI ដែល​បាន​សង្កត់​ធ្ងន់​លើ​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន ផ្តល់​ជូន​នូវ​ឧបករណ៍​ធ្វើ​តេស្ត​ហ្សែន និង​ការ​ធ្វើ​តេស្ត​ពិនិត្យ​មុន​ពេល​សម្រាល​កូន​ដ៏​ពេញ​និយម ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​បញ្ញា​លូតលាស់​យឺត (Down syndrome) និង​អាការៈ​ផ្សេងៗ​ទៀត។ សមាជិក​សភា​អាមេរិកថា ពួកគេ​បារម្ភ​ថា​ ទិន្នន័យ​បែប​នេះ​អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​រដ្ឋាភិបាល​ចិន។

ក្រសួង​ការពារ​ជាតិ​បាន​ដាក់​ក្រុមហ៊ុន BGI ក្នុង​បញ្ជី​ក្រុមហ៊ុន​យោធា​ចិន ហើយ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ក្រោម​ហេតុផល​សិទ្ធិ​មនុស្ស ដោយ​លើក​ឡើង​ពី​ហានិភ័យ​ដែល​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន BGI អាច​នឹង​រួម​ចំណែក​ដល់​ការ​ឃ្លាំមើល។ ក្រុមហ៊ុន BGI បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ។

ក្នុង​ការ​លើក​ឡើង​ពី​ក្តីបារម្ភ​របស់​ខ្លួន​អំពី​ក្រុមហ៊ុន BGI គណៈកម្មការ​សន្តិសុខ​ជាតិ​ស្តី​ពី​បច្ចេកវិទ្យា​ជីវសាស្ត្រ​ដែល​កំពុង​រីកចម្រើន​ថ្លែង​ថា ក្រុមហ៊ុន​ត្រូវ​បាន​តម្រូវ​ឱ្យ​ចែក​រំលែក​ទិន្នន័យ​ជាមួយ​រដ្ឋាភិបាល​ចិន ​សហការ​ជា​ដៃគូ​ជាមួយ​យោធា​ចិន និង​ទទួល​ជំនួយ​ពី​រដ្ឋ​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ការ​ឧបត្ថម្ភធន​របស់​រដ្ឋ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន BGI ផ្តល់​សេវា​កែប្រែ​ហ្សែន​ក្នុង​តម្លៃ​ប្រកួតប្រជែង​ខ្ពស់ ដែល​ទាក់ទាញ​អ្នក​ស្រាវជ្រាវ​អាមេរិក។ នេះ​បើ​យោង​តាម​គណៈកម្មការ​ខាង​លើ។ ទិន្នន័យ​ហ្សែន​ដែល​ធ្លាប់​មាន​ក្នុង​ដៃ​រដ្ឋាភិបាល​ចិន «តំណាង​ឱ្យ​ទ្រព្យសកម្ម​យុទ្ធសាស្រ្ត​ដែល​មាន​ឯកជនភាព សុវត្ថិភាព សេដ្ឋកិច្ច និង​ផលប៉ះពាល់​ផ្នែក​សីលធម៌»។

ក្រុមហ៊ុន BGI មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​នោះ​ទេ៕