ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានការសន្ទនាតាមទូរស័ព្ទប្រកបដោយវិជ្ជមានជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ហើយមានគម្រោងបន្តការចរចាពាណិជ្ជកម្មជាមួយលោក នៅសប្តាហ៍ក្រោយ នៅឯជំនួបរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ចំនួន ២០ប្រទេសក្នុងពិភពលោកឬ G-20 ក្នុងប្រទេសជប៉ុន។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ ផ្លូវការនៃប្រទេសចិន បានរាយការណ៍ថា ប្រធានាធិបតី ស៊ី បានបញ្ជាក់ប្រាប់ប្រធានាធិបតី ត្រាំ ថា វាជាការមានសារៈសំខាន់សម្រាប់ការពិភាក្សារវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ពីររបស់ពិភពលោក ដែលធ្វើឡើងក្នុងភាពសើ្មគ្នា ក៏ប៉ុន្តែថា ប្រទេសទាំងពីរនេះនឹងចាញ់ដោយការប្រយុទ្ធគ្នានេះ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និយាយទៀតថា៖ «បញ្ហាសំខាន់ត្រូវបង្ហាញពីការពិចារណាដល់ការទាក់ទិនខាងផ្លូវច្បាប់រវាងគ្នានិងគ្នា។ យើងក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ក្រុមហ៊ុនចិន។ ខ្ញុំយល់ស្របថា ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ នឹងនៅរក្សាការទាក់ទងគ្នាស្តីពីការដោះស្រាយការខ្វែងគំនិតគ្នានេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារតាម Twitter ថា៖ «លោកបានទទួលការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង»។ ប្រធានាធិបតី ត្រាំ និយាយបន្តទៀតថា ក្រុមរបស់ប្រទេសទាំងពីរនឹងចាប់ផ្តើមការចរចា មុនជំនួបរបស់យើង។
ការចរចារវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ពីររបស់ពិភពលោកបានជាប់គាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសចិនចំពោះការវិលត្រឡប់មកបទបញ្ញត្តិពាណិជ្ជកម្មដដែល ដែលសហរដ្ឋអាមេរិកជឿថា ភាគីទាំងពីរបានព្រមព្រៀងរួចហើយ ថ្វីបើរដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការបកស្រាយនោះក៏ដោយ៕