សហរដ្ឋ​អាមេរិក​និង​ចិន ឈ្លោះ​ប្រកែក​គ្នា​អំពី​បញ្ហា​ប្រទេស​អ៊ុយក្រែន​នៅ​អង្គការ​សហប្រជាជាតិ

រូបឯកសារ៖ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​លើក​ទឹកចិត្ត​ប្រទេស​រុស្ស៊ី «ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ»​នៅ​ក្នុង​វិបត្តិ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការឆ្លើយតប​ដ៏​ខ្លាំង​ពី​សមភាគី​របស់​លោក​ស្រី​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនពី​ការបង្កើន​ភាពតានតឹង។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas – Greenfield បាន​ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ CNN ថា៖ «យើង សង្ឃឹម​ថា ចិន នឹង​ដើរ​តួនាទី​នៅ​ក្នុង​ការលើកទឹកចិត្ត​រុស្ស៊ី​ឲ្យ​ធ្វើ​រឿងត្រឹមត្រូវ»។

ការភ័យខ្លាច បាន​ឡើង​កម្រិត​ខ្ពស់​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​លោក​ខាង​លិច ដែលថា រុស្ស៊ី កំពុង​ប្រុងប្រៀប​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ​បន្ទាប់​ពី​ដាក់ពង្រាយ​កងទ័ព ​១ សែន​នាក់ ​នៅ​ជុំវិញ​អតីត​រដ្ឋ​របស់​សហភាព​សូវៀត​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

រុស្ស៊ី កំពុង​ច្រានចោល​ការអះអាង​ទាំង​នោះ ក៏ប៉ុន្តែ កំពុង​ទាមទារ​ឲ្យ​មាន​ការធានា​ខាង​សន្តិសុខ​ពី​អង្គការ​អូតង់​ និង​សហរដ្ឋ​អាមេរិក។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «ចិន បាន​សម្តែង​នូវ​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំពោះ​ការការពារ​បូរណភាព​ព្រំដែន និង​អធិបតេយ្យភាព​របស់​រដ្ឋ»។

លោក​ស្រី​ឯកអគ្គរដ្ឋទូត បាន​បន្ថែម​ទៀត​ថា៖ «នេះ​ជា​អ្វី​ដែល​រុស្ស៊ី កំពុង​ធ្វើ។ រុស្ស៊ី កំពុង​គំរាម​កំហែង​បូរណភាពនៃ​ព្រំដែន ដូច្នេះ ចិន ត្រូវ​បញ្ជូន​សារ​ដែល​នឹង​មាន​សារៈសំខាន់​នេះ»។

ចិន សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍៣​នៃ​សមាជិក​អចិន្ត្រៃយ៍​ទាំង៥​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ចក្រភព​អង់គ្លេស​ និង​បារាំង​ ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែរ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Zhang Jun បាន​ឆ្លើយតប​ភា្លមៗ​ដល់​អត្ថាធិប្បាយ​របស់​លោកស្រី Thomas-Greenfield តាម Twiiter។

លោក បាន​និយាយ​នៅ​ក្នុង​សារ​តាម Twitter ថា៖ «សារ​របស់​យើង មាន​ភាព​ច្បាស់លាស់​ណាស់ ​គឺ​ថា ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​តាម​ការទូត»។

លោក Zhang បាន​សរសេរ​ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​នរណា​ចំៗថា «ឈប់​បង្កើន​ការតាន​តឹង។ ការព្រួយ​កង្វល់​ខាង​សន្តិសុខ​ស្របច្បាប់​របស់​រុស្ស៊ី ត្រូវតែ​ដោះស្រាយ»។

បន្ទាប់ពី​ជំនួប​ដ៏​តានតឹងកាលពី​ចុង​ខែ​មករា ដែល​ត្រូវ​បាន​កោះ​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​មក ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​កំណត់​ពេល​ជួប​គ្នា​ម្តង​ទៀត​ស្តីពី​បញ្ហា​ប្រទេស​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។

ជំនួបនៅ​សប្តាហ៍​ក្រោយ ត្រូវ​បាន​កោះ​ធ្វើ​ឡើង​ដោយ​រុស្ស៊ី ដែល​ចង់​ពិភាក្សា​អំពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ស្តីពី​ប្រទេស​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៥៕