សមាជិកសភាសំខាន់ៗរបស់សហរដ្ឋអាមេរិកនិយាយថា ក្រុមគ្រួសារជនជាតិចិនបានត្រូវគេប្រាប់ថា ពួកគេនឹងមានគ្រោះថ្នាក់ ប្រសិនបើនិស្សិតរបស់ពួកគេមិនលួចកម្មសិទ្ធបញ្ញានោះទេ។
និសិ្សតចិន ដែលសិក្សានៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក កំពុងរងសម្ពាធឲ្យធ្វើជាមនុស្សដែលត្រូវបានគេប្រើនៅក្នុងសង្គ្រាមចារកម្មដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងធ្វើឡើងប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក។
ការចោទប្រកាន់នេះបានធ្វើឡើងកាលពីថ្ងៃចន្ទដោយសមាជិកសភាសំខាន់ម្នាក់របស់សហរដ្ឋអាមេរិកដែលកើតមានឡើងនៅពេលដែលមន្រ្តីសន្តិសុខនិងការពារប្រទេស កំពុងសម្តែងនូវការព្រួយកង្វល់កាន់តែខ្លាំងឡើងពីការខំប្រឹងប្រែងរបស់ចិន ដើម្បីយកប្រយោជន៍ខាងការស្រាវជ្រាវនិងបច្ចេកវិទ្យារបស់ប្រទេសលោកខាងលិច។
លោក Mark Warner អនុប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បានប្រាប់ពួកអ្នកស្តាប់នៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ករណីនៃការស៊ើបការណ៍ប្រឆាំងនៅក្នុងប្រទេសរបស់យើងឥឡូវនេះ ភាគច្រើនទាក់ទិននឹងជនជាតិចិន»។
លោកបាននិយាយទៀតថា៖ «ក្រសួងចារកម្មចិនកំពុងគំរាមកំហែងក្រុមគ្រួសារចិន។ ប្រសិនបើលោក អ្នកមានកូនប្រុស ឬកូនស្រី ត្រឡប់មកពីសហរដ្ឋអាមេរិក ដោយមិនយកកម្មសិទ្ធិបញ្ញាមកជាមួយ ក្រុមគ្រួសារលោកអ្នកនឹងមានគ្រោះថ្នាក់»។
លោក Warner មិនមែនជាមន្រ្តីមុនដំបូងដែលលើកឡើងពីការព្រួយកង្វល់អំពីនិស្សិតចិនក្នុងសហរដ្ឋអាមេរិកទេ។ កាលពីខែមេសាកន្លងទៅនេះ លោក Christopher Wray នាយកការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធ (FBI) បានព្រមានថា ក្រុមស៊ើបការណ៍របស់ចិនបានប្រើ «វិធីទាក់ទិនសង្គម» ដើម្បីលួចការស្រាវជ្រាវនិងបច្ចេកវិទ្យាជឿនលឿនជាផែនការមួយដែលរួមមានការប្រើនិស្សិតចិនក្នុងសហរដ្ឋអាមេរិក។
លោក Wray បាននិយាយនៅពេលនោះថា៖ «ផ្នែកសិក្សាស្រាវជ្រាវជាន់ខ្ពស់ចាំបាច់ត្រូវតែគិតដល់អំពីថាតើមនុស្សផ្សេងទៀត អាចជញ្ជក់ផលប្រយោជន៍បរិយាកាសស្រាវជ្រាវនៃការបើកចំហ និងសហការដែលយើងមាននៅក្នុងប្រទេសនេះ និងការគោរពដ៏ជ្រាលជ្រៅក្នុងសហរដ្ឋអាមេរិក»។
តាមវិទ្យាស្ថានសម្រាប់ការសិក្សាអន្តរជាតិបានប៉ាន់ស្មានថា មានចំនួននិស្សិតជាង ៣សែន ៦ម៉ឺននាក់ក្នុងឆ្នាំសិក្សា ២០១៧-២០១៨។ និស្សិតបរទេសជិត១ភាគ៣នៅឯមហាវិទ្យាល័យនិងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិកមកពីប្រទេសចិន។
ហើយរហូតមកដល់ពេលនេះ សាកវិទ្យាល័យសហរដ្ឋអាមេរិកជាច្រើន បានស្វះស្វែងស្វាគមន៍និស្សិតចិន ដោយមើលឃើញពួកគេថាជាមធ្យោបាយមួយដើម្បីរកប្រាក់បានច្រើន។
លោក Warner បានព្រមានថា៖ «នេះជាប្រភពប្រាក់ចំណូលដែលសាកលវិទ្យាល័យបានញៀន។និស្សិតទាំងអស់នោះ កំពុងបង់ប្រាក់ឲ្យសាកលវិទ្យាល័យទាំងអស់នោះមួយរយភាគរយ»។
ក៏ប៉ុន្តែក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថា វិទ្យាស្ថានសិក្សាកំពុងបង្កើនការយល់ដឹងពីភាពគ្រោះថ្នាក់ ទាំងមកពីនិស្សិតនិងមកពីវិទ្យាស្ថាននានាដូចជា Confucius ជាដើម។
វិទ្យាស្ថានទាំងនោះ ត្រូវបានគេបង្កើតនៅឯសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយការសិក្សាអប់រំអំពីភាសានិងវប្បធម៌ចិន ទោះជាយ៉ាងនោះក៏ដោយ លោក Warner បាននិយាយថា មន្រ្តីសិក្សាស្រាវជ្រាវជាន់ខ្ពស់ជាច្រើនឥឡូវនេះ កំពុងចាត់ទុកពួកនិស្សិតចិនទាំងនោះ «គ្មានអ្វីក្រៅពីជាភ្នាក់ងាររបស់ក្រសួងចិនដើម្បីស៊ើបការណ៍លើពួកនិស្សិតចិន និងឲ្យពួកគេទទួលខុសត្រូវ»។
ការណ៍នេះក៏កំពុងធ្វើឲ្យមានការលំបាកកាន់តែខ្លាំងសម្រាប់ពួកនិស្សិតចិនដើម្បីចូលក្នុងសហរដ្ឋអាមេរិក។
កាលពីឆ្នាំទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកាត់បន្ថយរយៈពេលទិដ្ឋាការសម្រាប់ពួកនិស្សិតចិនក្រោយថ្នាក់ឧត្តមសិក្សាដែលសិក្សាមុខវិជ្ជារូបយន្ត អាកាសចរណ៍ស៊ីវិល និងផលិតកម្មជឿនលឿនពីរយៈពេល៥ឆ្នាំមកនៅត្រឹម១ឆ្នាំ។ ហើយនៅដើមខែនេះ ក្រុមមន្រ្តីចិនបាននិយាយថា ភាពស្មុគ្រស្មាញខាងទិដ្ឋាការ បានរារាំងនិស្សិតចិនចំនួន ១៣,៥ ភាគរយ ដែលសង្ឃឹមទៅសិក្សានៅសហរដ្ឋអាមេរិកកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសនោះ។
លោក Warner បានព្រមានកាលពីថ្ងៃចន្ទថា អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សហរដ្ឋអាមេរិកត្រូវតែមានការប្រុងប្រយ័ត្នពីការធ្វើដំណើរទៅកាន់ប្រទេសចិន។
លោកបាននិយាយទៀតថា៖ «បើអស់លោកអ្នកត្រូវបានគេស្នើផ្តល់ឲ្យការធ្វើដំណើរដែលត្រូវបានគេចំណាយឲ្យទាំងអស់ដើម្បីបង្រៀននៅសាកលវិទ្យាល័យចិន សូមធ្វើឲ្យប្រាកដថា អស់លោកអ្នកមិនយកឧបករណ៍កុំព្យូទ័ររបស់លោកអ្នកទៅជាមួយទេ។ យកទូរសព្ទដែលប្រើហើយបោះចោលទៅជាមួយ។ មានភាពងាយស្រួលដែលខ្ញុំគិតថា យើងអាចធ្វើប្រសើរជាងនេះ»។ មានរឿងងាយស្រួលខ្លះ ដែលខ្ញុំគិតថា យើងអាចធ្វើបាន ៕
ប្រែសម្រួលដោយជឹង ប៉ូជីន