សហរដ្ឋ​អាមេរិក និង​ចិន​ជាប់​គាំង​ជា​បន្ត​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម

បុរស​ម្នាក់​កំពុង​មើល​គ្រឿងបរិក្ខារ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​០៩ ឧសភា ឆ្នាំ ២០១៩។ ប្រទេស​ចិន​បាន​ស្បថ​ថា​នឹង​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​បើសិន​ជា​ប្រធានាធិបតីត្រាំបន្តដាក់ពន្ធ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​កំពុង​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​ពួកគេ​បាន​ចរចា​គ្នា​ជុំ​ចុង​ក្រោយ ​ដែលមិន​បានសម្រេច​កិច្ច​ព្រមព្រៀង​ណា​មួយ។

កាល​ពី​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​យក​ពន្ធ​គយ​ពី ១០ ទៅ ២៥ ភាគរយ លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២០០ ពាន់​លាន​ដុល្លារ។ ប្រទេស​ចិន​បាន​សន្យា​ថា ​នឹង​ចាត់​វិធានការ​សងសឹក​វិញ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​អំពី​វិធានការ​ទាំង​នោះ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏​បាន​បញ្ជា​មន្ត្រី​ឲ្យ​ចាប់ផ្ដើម​បង្កើន​ពន្ធ​គយ​លើ​ទំនិញ​ផ្សេង​ទៀត​ស្ទើរតែ​ទាំង​អស់​ ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​ទំនិញ​ទាំង​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ ៣០០ ពាន់​លាន​ដុល្លារ ដែល​ដំណើរការ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ត្រូវការ​ពេល​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត។

លោក Trump បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពន្យារពេល​ទាក់ទិន​នឹង​រឿង​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ប្រទេស​ចិន​ចង់​ឃើញ​ថា​តើ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២០ ឬ​ក៏​អត់។ លោក​បាន​បន្ថែម​ថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ការ​បោះ​ឆ្នោត នោះ​ប្រទេស​ចិន «នឹង​បន្ត​កេង​ចំណេញ​លើ​សហរដ្ឋ​អាមេរិក​ចំនួន ៥០០ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ‍»។

ប៉ុន្តែ អ្នក​វិភាគ​អាជីវកម្ម​នានា​បាន​និយាយ​ថា ពន្ធ​គយ​ខ្ពស់​ជាង​មុន​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យក​លើ​ទំនិញ​របស់​ចិន​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ចំណាយ​កាន់​តែ​ច្រើន​ជាង​មុន​ដើម្បី​ទិញ​ទំនិញ​របស់​ចិន៕