សហរដ្ឋ​អាមេរិក​ចោទប្រកាន់​អ្នក​ស្រាវជ្រាវ​សាកល​វិទ្យាល័យ Stanford ម្នាក់​ពីការលួច​បន្លំ​ទិដ្ឋាការ

រូបឯកសារ៖ រូបថតបង្ហាញពីតែមទិដ្ឋាការអាមេរិកលើលិខិតឆ្លងដែនបរទេសមួយ នៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

អ្នក​ស្រាវជ្រាវ​ជាតិ​ចិន​ម្នាក់​នៅឯ​សាកលវិទ្យាល័យ​ Stanford សហរដ្ឋ​អាមេរិក​បាន​រង​ការចោទប្រកាន់​ដោយក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ពី​ការលួច​បន្លំ​ទិដ្ឋាការ​។

លោក David L. Anderson មេធាវី​សហរដ្ឋ​អាមេរិក​និង​ជា​ភ្នាក់ងារ​ស៊ើបអង្កេត​ពិសេស​របស់​ការិយាល័យ​សហព័ន្ធ​ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកស្រី ​Song Cheng​ បានរង​ការចោទប្រកាន់​ពី​ការលួច​បន្លំ​ទិដ្ឋាការ​នៅក្នុង​ផែនការ​ភូតកុហក​អំពី​ឋានៈភាព​របស់​អ្នកស្រី​ជា​សមាជិក​សកម្ម​របស់​កងកម្លាំង​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ខណៈដែល​ស្ថិតនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​នៅឯ​សាកល​វិទ្យាល័យ Stanford។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យដឹង​ថា អ្នកស្រី Song Cheng​ អាយុ​៣៨​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ San Francisco រដ្ឋ​កាលីហ្វ័រញ៉ា​កាល ពី​ថ្ងៃចន្ទ។ ពលរដ្ឋ​ចិន​រូបនេះបាន​ចូលក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ខែ​ធ្នូ​ ឆ្នាំ២០១៨​ដោយ​ប្រើ​ប្រភេទ​ទិដ្ឋាការ​ J-1 ដែល​មិនមែន​ជា​ប្រភេទ​ទិដ្ឋាការ​អន្តោប្រវេសន៍សម្រាប់​បុគ្គល​ដែល​ត្រូវ​បាន​ទទួល​ការយល់ព្រម​ឲ្យចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ភ្ញៀវ​ដែល​ផ្អែកលើ​ការងារ​និង​ការសិក្សា»។

នៅក្នុង​ការដាក់ពាក្យ​សុំទិដ្ឋាការ​របស់​អ្នកស្រី​កាលពី​វិច្ឆិកា ឆ្នាំ​២០១៨​ អ្នក​ស្រី​ Song Cheng​ បាន​ពណ៌នា​ខ្លួន​លោកស្រី​ថា​ជា​អ្នកប្រសាទវិទ្យា​ដែល​បានមក​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​នៅឯ​សាកល​វិទ្យាល័យ Stanford ដែល​ទាក់ទិន​ជំងឺ​ខួរ​ក្បាល។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ថា អ្នកស្រី Song Cheng​ បាន​និយាយ​មិនពិត​អំពី​ការបម្រើ​កងទ័ព​របស់​អ្នកស្រីដោយនិយាយ​ថា អ្នកស្រី​បានបម្រើ​ក្នុង​កងទ័ព​ចិន​ចាប់តាំង​ពីថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០០០ រហូតដល់​ថ្ងៃទី​៣០ ខែ​មិថុនា​ ឆ្នាំ២០១១៕