រដ្ឋបាលលោកប្រធានាធិបតី Donald Trump ប្រុងប្រៀបលុបចោលកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៣ រវាងសហរដ្ឋអាមេរិកនិងអាជ្ញាធរសវនកម្មចិននៅក្នុងវិធានការមួយបង្កើនសម្ពាធលើក្រុមហ៊ុនចុះឈ្មោះក្នុងប្រទេសចិនឲ្យធ្វើតាមស្តង់ដារសវនកម្មសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយយោងដល់លោក Keith Krach អនុរដ្ឋមន្ត្រីខាងការលូតលាស់សេដ្ឋកិច្ច ថាមពល និងបរិស្ថាននៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបាននិយាយថា ការខ្វះតម្លាភាពបាននាំឱ្យពួកមន្ត្រីរៀបចំវិធានការដកខ្លួនចេញពីអនុស្សរណៈនៃការយល់គ្នាកាលពីឆ្នាំ២០១៣។
លោក Krach បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «នេះជាបញ្ហាសន្តិសុខជាតិ ពីព្រោះយើងមិនអាចដាក់ពួកម្ចាស់ភាគហ៊ុនអាមេរិកាំងឱ្យឋិតក្នុងហានិភ័យ ដាក់ក្រុមហ៊ុនអាមេរិកាំងក្នុងឋានៈគ្មានប្រៀប និងអនុញ្ញាតឱ្យឧត្តមភាពនៃស្តង់ដារល្អប្រសើរនៃផ្សារហិរញ្ញវត្ថុរបស់យើងចុះថមថយតទៅទៀតបានទេ»។
ហេតុការណ៍នេះមានឡើងនៅក្រោយមានភាពតានតឹងច្រើនឆ្នាំមកហើយរវាងពួកសវនករអាមេរិកាំងនិងក្រុមហ៊ុនចិនអំពីឯកសារហិរញ្ញវត្ថុតម្រូវពីក្រុមហ៊ុនចិនដែលឋិតនៅក្នុងបញ្ជីនៃផ្សារជួញដូរភាគហ៊ុនសហរដ្ឋអាមេរិក ជាពិសេសក្រុមហ៊ុន Nasdaq exchange ខាងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងឆ្នាំ២០១៣
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ការបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ២០១៣មិនអាចគំរាមកំហែងជាបន្ទាន់ដល់ឋានៈរបស់ក្រុមហ៊ុនទាំងនោះដែលបានចុះឈ្មោះក្នុងបញ្ជីក្នុងផ្សារជួញដូរភាគហ៊ុនទេ។ សេចក្តីព្រាងច្បាប់នេះដែលកំពុងនៅក្នុងដៃសភាសហរដ្ឋអាមេរិកអាចបង្ខំឱ្យមានការដកក្រុមហ៊ុនចិនទាំងឡាយណាដែលមិនបានធ្វើតាមលក្ខខណ្ឌខ្លះនៃកិច្ចព្រមព្រៀងនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះមានការបង្កើតទម្រង់ការសម្រាប់ឱ្យទីភ្នាក់ងារមួយមានឈ្មោះថា ក្រុមប្រឹក្សាមើលការខុសត្រូវលើគណនេយ្យក្រុមហ៊ុនសាធារណៈហៅកាត់ថា PCAOB រកឯកសារក្នុងករណីប្រឆាំងនឹងពួកសវនករចិន។ ក៏ប៉ុន្តែ PCAOB និយាយថា ខ្លួននៅតែមិនអាចធ្វើសវនកម្មដែលខ្លួនត្រូវការធ្វើដើម្បីធ្វើឱ្យប្រាកដថា ក្រុមហ៊ុនចិនដែលបានចុះឈ្មោះក្នុងបញ្ជី មានឯកសារហិរញ្ញវត្ថុ និងឯកសារក្រុមហ៊ុនត្រឹមត្រូវនោះទេ។
លោក William Duhnke ប្រធាននៃក្រុមប្រឹក្សា PCAOB បាននិយាយកាលពីសប្តាហ៍ទីពីរនៃខែកក្កដាថា មានការពិភាក្សាគ្នាជាប្រចាំជាមួយពួកសមភាគីចិនរបស់លោកអំពីការកែលម្អការមើលខុសត្រូវលើក្រុមហ៊ុនចិនដែលបានចុះឈ្មោះក្នុងបញ្ជីក្នុងសហរដ្ឋអាមេរិក ទោះណាជាមានការជឿនលឿនតែបន្តិចបន្តួចក៏ដោយ។
លោក William Duhnke បានថ្លែងថា៖ «តាមទស្សនៈរបស់យើង ការពិភាក្សាគ្នាថែមទៀតអំពីការចូលមើលឯកសារទាំងនេះទំនងជានឹងមិនមានផលល្អទេ លុះត្រាតែនិងនៅពេលដែលអាជ្ញាធរចិនចង់ធ្វើតាមគោលការណ៍ខ្លះដែលធ្វើឱ្យប្រាកដថា យើងមានលទ្ធភាពជាមូលដ្ឋានធ្វើឱ្យបេសកកម្មរបស់យើងបានសម្រេច»។
លោកបាននិយាយដូច្នេះនៅក្នុងការពិភាក្សាតុមូលតាមការភ្ជាប់វីដេអូរៀបចំដោយគណៈកម្មការភាគហ៊ុនសហរដ្ឋអាមេរិកហៅកាត់ថា SEC។
ក្រុមប្រឹក្សា PCAOB បានត្រូវបង្កើតឡើងដោយច្បាប់ Sarbanes-Oxley កាលពីឆ្នាំ២០០២ ដើម្បីមើលការខុសត្រូវលើសវនកម្មនៃក្រុមហ៊ុនសាធារណៈដែលរកស៊ីក្នុងផ្សារជួញដូរភាគហ៊ុនសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ប្រទេសចិនជាប្រទេសមួយក្នុងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមិនបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សានេះ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ