អាមេរិក​ចោទ​មនុស្ស ៧ នាក់​ថា​បាន​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ​លទ្ធកម្ម​សព្វាវុធ​សម្រាប់​យោធា​រុស្ស៊ី

រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០។

រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​ពលរដ្ឋ​រុស្ស៊ី ៥ នាក់​និង​ពលរដ្ឋ​អាមេរិកាំង ២ នាក់​ថា​បាន​ទទួល​ដោយ​ខុស​ច្បាប់​នូវ​បច្ចេកវិទ្យា​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​និង​គ្រាប់​រំសេវ​សម្រាប់​យោធា​រុស្ស៊ី។

ជន​ជាប់​ចោទ​ទាំង ៧ នាក់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​បោះ​ដុំ​គ្រឿង​ចក្រ​និង​ឧបករណ៍​ពីរ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី (FSB) ដែល​ជា​ទីភ្នាក់ងារ​ស្នង​បន្ត​ពី​ទីភ្នាក់ងារ​ចារកម្ម​ KGB របស់​អតីត​សហភាព​សូវៀត។ នេះ​បើ​យោង​តាម​ដីកា​ចោទ​ប្រកាន់​ផ្លូវការ​ចុះ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ។

ក្រុមហ៊ុន​ទាំង​ពីរ​នោះ​គឺ​ក្រុមហ៊ុន Serniya Engineering និង​ក្រុមហ៊ុន Sertal LLC។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្សេង​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា «ឧបករណ៍​នៃ​ក្បាល​ម៉ាស៊ីន​សង្គ្រាម​របស់​សហព័ន្ធ​រុស្ស៊ី» ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។

ដីកា​ចោទ​ប្រកាន់​នេះ​បាន​ចែង​ថា ក្រុមហ៊ុន Serniya បាន​ដឹកនាំ «បណ្ដាញ​លទ្ធកម្ម​សព្វាវុធ​ខុស​ច្បាប់» ដោយ​គេច​ចេញ​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​របស់​ក្រុម​បស្ចិម​ប្រទេស «ដើម្បី​ទទួល​បាន​នូវ​បច្ចេកវិទ្យា​សម្ងាត់​កម្រិត​យោធា​ដែល​ប្រើ​បាន​ពីរ​ផ្នែក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បន្ទះ​អេឡិចត្រូនិក semiconductor ជាន់​ខ្ពស់​ផង​ដែរ សម្រាប់​យោធា វិស័យ​ការពារ​ជាតិ និង​ស្ថាប័ន​ស្រាវជ្រាវ​នានា​របស់​រុស្ស៊ី»។

ដីកា​ចោទ​ប្រកាន់​នេះ​បាន​បញ្ជាក់​ថា «បណ្ដាញ Serniya» បាន​មាន​ប្រតិបត្តិការ​តាំងពី​យ៉ាង​ហោច​ណាស់​ឆ្នាំ ២០១៧ មក។ ជន​ជាប់​ចោទ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ព្យាយាម​រត់​ពន្ធ​ចូល​ប្រទេស​រុស្ស៊ី​ដំបូង​បង្អស់​កាលពី​ខែ​មុន​នូវ​គ្រាប់​កាំភ្លើង​វែង​សម្រាប់​បាញ់ស៊ីប​រាប់​ពាន់​គ្រាប់។

ដើម្បី​លាក់​បាំង​នូវ​ការ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​រុស្ស៊ី​និង​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​អ្នក​ប្រើប្រាស់​ចុងក្រោយ ក្រុមហ៊ុន Serniya និង​ក្រុមហ៊ុន Sertal បាន​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ​ដ៏​ធំ​នៃ​ក្រុមហ៊ុននិង​គណនី​ធនាគារ​ក្លែងក្លាយ​នានា​នៅ​ជុំវិញ​ពិភពលោក ដោយ​ប្រទេស​អេស្ដូនី ហ្វាំងឡង់ អាល្លឺម៉ង់ និង​ទីក្រុង​ហុងកុង​ដើរ​តួ​ជា​ប្រទេស​ដឹក​ជញ្ជូន​ឆ្លង​ដែន​ចម្បង​របស់​បណ្ដាញ​នេះ។ នេះ​បើ​យោង​តាម​ដីកា​ចោទ​ប្រកាន់​នេះ។

ដីកា​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ស្វះស្វែង​កាត់ផ្ដាច់​លទ្ធភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​របស់​បស្ចិម​ប្រទេស​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ទាំងស្រុង​និង​ការ​គ្រប់គ្រង​លើ​ការ​នាំចេញ។

ជន​ជាប់​ចោទ​អាមេរិកាំង ២ នាក់​នោះ​មាន​ឈ្មោះ Alexey Braymanមកពី​រដ្ឋ New Hampshire និង​ឈ្មោះ Vadim Yermolenko មកពី​រដ្ឋ New Jersey។ ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។

ចំណែក​ឯ​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ Vadim Konoshchenok ដែល​ជា​មន្ត្រី​សកម្ម​នៃ​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី​រស់នៅ​ក្នុង​ប្រទេស​អេស្ដូនី ត្រូវ​បាន​អាជ្ញាធរ​អេស្តូនី​ឃុំ​ខ្លួន​កាលពី​សប្ដាហ៍​មុន​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក និង​កំពុង​រង់ចាំ​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​មក​កាន់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។

រី​ឯ​ជន​ជាប់​ចោទ​រុស្ស៊ី ៤ នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា Yevgeniy Grinin, Aleksey Ippolitov, Boris Livshits និង Svetlana Skvortsova កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ៕