សហរដ្ឋ​អាមេរិក​និង​កាណាដា បេ្ដជ្ញា​សម្រេច​ឲ្យ​បាន​«តុល្យភាព​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ត្រឹម​ឆ្នាំ២០៥០»

  • Steve Herman

លោក​ប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​ពេល​ជួបប្រជុំ​តាម​អនឡាញ​ជាមួយ​នាយករដ្ឋ​មន្រ្តី​កាណាដា​លោក Justin Trudeau នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា ​បាន​ឯកភាព​គ្នា«ពង្រឹង»កិច្ច​ប្រឹងប្រែង​នានា​«ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​តុល្យភាព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៥០»។ នេះ​បើ​តាម​ការ​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​មក។

ដោយសារតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមុន​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ កិច្ច​ពិភាក្សា​របស់​លោក Biden ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ត្រូវ​បាន​ធ្វើ​ឡើង​តាម​អនឡាញ។

លោក Trudeau បាន​និយាយ​ថា «ភាព​ជា​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ខកខាន​ខ្លាំង​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ» ជាពិសេស​ទាក់ទិន​នឹង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ការ​លើកឡើង​របស់​លោក Trudeau នេះ ​គឺ​ចង់​សំដៅ​រិះគន់​លើ​ការ​ដឹកនាំ​រយ:ពេល ៤ ឆ្នាំ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ដែល​ផ្ដល់ «អាទិភាព​ដល់​សហរដ្ឋ​អាមេរិក​ជា​មុន» ដោយ​ធ្វើ​ព្រងើយ​កន្ដើយ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត និង​ទំនាក់ទំនង​ពហុ​ភាគី។

លោក Biden បាន​ប្រាប់​លោក Trudeau ថា៖ «សហរដ្ឋ​អាមេរិក​មិន​មាន​មិត្ត​ជិតស្និទ្ធ​ណា​ជាង​ប្រទេស​កាណាដា​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ពិភាក្សា​ជាមួយ​អ្នក និង​ប្រជុំ​ទ្វេភាគី​ជាមួយ​អ្នក​មុន​គេ​ក្នុង​នាម​ខ្ញុំ​ជា​ប្រធានាធិបតី។ ...យើង​បម្រើ [ពលរដ្ឋ] បាន​ល្អ​បំផុត នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​ ធ្វើការ​និង​ដឹកនាំ​ជាមួយ​គ្នា ដោយ​មាន​ការ​សម្របសម្រួល​ជិតស្និទ្ធ​លើ​រាល់​បញ្ហា​ទំាង​អស់»៕