ប្រទេសចិនមានប្រវត្តិចម្រុះអំពីតម្លាភាពនៅពេលមានវិបត្តិសាធារណៈ មួយផ្នែកដោយសាររដ្ឋាភិបាលផ្តាច់ការរបស់ប្រទេសនេះត្រួតត្រាតឹងរ៉ឹងលើប្រព័ន្ធគមនាគមន៍នៅក្នុងប្រទេស។ នៅក្នុងជំនួបមួយជាមួយប្រធានអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃអង្គារទី២៨ខែមករា ប្រធានាធិបតីចិន Xi Jinping បានគូសបញ្ជាក់ថា ប្រទេសលោកប្រុងប្រៀបស្រេចហើយដើម្បីធ្វើការជាមួយអង្គការនេះ និងសហគមន៍អន្តរជាតិ។ ជំនួបនេះមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអនុញ្ញាតឲ្យអ្នកជំនាញខាងសុខភាពសាធារណៈច្រើនជាងមុនចូលទៅក្នុងប្រទេសចិនដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។
ករណីដំបូងៗនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះបានត្រូវរាយការណ៍ជាសាធារណៈកាលពីចុងខែធ្នូនៅក្នុងប្រទេសចិន។
ចាប់តាំងពីពេលនោះមក ពួកមន្ត្រីបានចំណាយពេលច្រើនសប្តាហ៍ដើម្បីទទួលទិន្នន័យអំពីថា តើមេរោគនេះរាលដាលលឿនបែបណាហើយនរណាដែលអាចរងគ្រោះដោយងាយបំផុត។
លោក Tom Frieden ជាអតីតនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបញ្ចៀសជំងឺដែលភាសាអង់គ្លេសហៅថា Centers for Disease Control and Prevention របស់ស.រ.អា.។ លោកនិយាយថា ចិនកំពុងស្វែងរកវិធីការពារជាមូលដ្ឋាន។ លោក Tom Frieden និយាយថា៖
«រហូតមកដល់ពេលនេះ ជាការច្បាស់លាស់អំពីការឆ្លងជំងឺនេះគឺថា វាអាចឆ្លងពីមនុស្សទៅមនុស្ស។ ក៏ប៉ុន្តែយើងមិនដឹងថា វាឆ្លងដោយសារការប៉ះពាល់ ឬការទាក់ទងច្រើន ឬតិចតួច ហើយមានការខុសគ្នាច្រើន។និយាយពីគ្រោះថ្នាក់ដល់ជីវិតដោយសារមេរោគនេះវិញ យើងដឹងថា វាបណ្តាលឱ្យមានការរលាកសួតហើយការណ៍នេះអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចស្លាប់។ ក៏ប៉ុន្តែយើងមិនដឹងទេថា តើមានមនុស្សច្រើននាក់មានផ្ទុកមេរោគនេះដោយគ្មានរោគសញ្ញា ឬយ៉ាងណាឡើយ។ ដូច្នេះមានអ្វីច្រើនដែលយើងមិនដឹង»។
កាលពី១៧ឆ្នាំមុន ប្រទេសចិនបានតស៊ូទប់ទល់នឹងមេរោគជំងឺ SARS ហើយបានរងការរិះគន់ខ្លាំងថា លាក់ព័ត៌មានសំខាន់ៗ។
នៅពេលនេះមនុស្សច្រើននាក់ និងអង្គការនានា ដោយមានរួមបញ្ចូលទាំងអង្គការសុខភាពពិភពលោកផងនិយាយថា ប្រទេសចិនបានផ្តល់ព័ត៌មានច្រើនជាងមុន។ មនុស្ស និងអង្គការទាំងនេះនិយាយយោងដល់ប្រទេសចិនដែលបានចែក genome គឺប្រភេទកោសិកាក្រូម៉ូសូមរបស់មេរោគនេះដែលអនុញ្ញាតឱ្យមានការធ្វើពិសោធន៍យ៉ាងលឿន។ លោក J. Stephen Morrison ដែលជានាយកគោលនយោបាយសុខភាពសាកលនិយាយថា៖
«មានវិស័យខ្លះដែលបង្ហាញថា មានការកែលម្អច្រើន មានភាពជាវិជ្ជាជីវៈនិងតម្លាភាព ហើយក៏មានវិស័យខ្លះមានការល្មើសដែលនាំឱ្យមានការបង់ខាតច្រើនណាស់។ ទាក់ទងនឹងមេរោគនេះ នៅពេលមានអ្នកជំងឺដំបូងនៅក្នុងក្រុង Wuhan ខេត្ត Hubei កាលពីខែធ្នូ ពីរបីអាទិត្យបន្ទាប់មកទើបមានការរាយការណ៍អំពីជំងឺនេះ»។
ក៏ប៉ុន្តែការបន្តខ្វះការរាយការណ៍ព័ត៌មានឯករាជ្យនៅក្នុងប្រទេសកាន់អំណាចផ្តាច់ការនេះមានន័យថា ទោះជានៅពេលនេះក៏ដោយ ក៏នៅមានសំណួរអំពីថា តើស្ថានភាពជំងឺនេះធ្ងន់ធ្ងរបែបណានៅក្នុងប្រទេសចិន។ លោក Yanzhong Huang ជាអ្នកធ្វើការនៅក្នុងក្រុមប្រឹក្សាទំនាក់ទំនងបរទេស។
លោកនិយាយថា៖
«លោកអ្នកប្រហែលបានកត់សម្គាល់ថា មានពេទ្យ១៥នាក់បានឆ្លងជំងឺនេះ។ អ្វីដែលសំខាន់នោះគឺថា នេះជាការបញ្ជាក់ថា តើស្ថានភាពធ្ងន់ធ្ងរបែបណា និងថា តើមេរោគនេះនាំឱ្យមានគ្រោះថ្នាក់បែបណា ពីព្រោះតាមធម្មតាពេទ្យមិនមែនឆ្លងជំងឺងាយៗបែបនេះទេ។ ក៏ប៉ុន្តែអាជ្ញាធរចិនរាយការណ៍អំពីរឿងនេះនៅក្រោយថ្ងៃទី២០ខែមករា»។
ទោះជានៅខាងក្នុងប្រទេសចិន ពួកមន្ត្រីក៏បានត្រូវរិះគន់ជាសាធារណៈអំពីការឆ្លើយតបយឺតយូរនឹងការរាលដាលនៃជំងឺនេះដែរ។ លោក Zhou Xianwang ដែលជាអភិបាលក្រុង Wuhan ថ្លែងថា៖
«យើងសង្ឃឹមថា ប្រជារាស្ត្រអាចយល់អំពីការលាតត្រដាងព័ត៌មានមិនបានទាន់ពេលវេលា។ ស្តីពីបញ្ហាជំងឺឆ្លង យើងមានការបញ្ចៀសមិនឱ្យមានការឆ្លងជំងឺនិងច្បាប់ស្តីការព្យាបាលដែលតម្រូវថា ការលាតត្រដាងព័ត៌មានត្រូវធ្វើតាមច្បាប់។ ក្នុងឋានៈជារដ្ឋាភិបាលក្នុងមូលដ្ឋាន យើងត្រូវការឱ្យមានការអនុញ្ញាតនៅមុនមានការលាតត្រដាងព័ត៌មានអំពីជំងឺនេះ»។
កាលពីថ្ងៃអង្គារទី២៨ខែមករា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាមនុស្សរបស់ស.រ.អា.បានជំរុញជាសាធារណៈឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបើកចំហនិងអនុញ្ញាតឱ្យអ្នកជំនាញខាងសុខភាពសាធារណៈច្រើនជាងមុនចូលក្នុងប្រទេសចិនដើម្បីជួយប្រយុទ្ធនឹងជំងឺនេះ។
លោក Alex Azar ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាមនុស្សរបស់ស.រ.អា.និយាយថា៖«ការបើកឱ្យពួកអ្នកជំនាញនៃអង្គការសុខភាពពិភពលោក WHO និង CDC ចូលដល់កន្លែងកើតជំងឺនេះដើម្បីជួយពួកអ្នកជំនាញចិនជាការមានសារៈសំខាន់ណាស់ បន្ថែមពីលើអ្វីដែលលោកវេជ្ជបណ្ឌិត Fauci បាននិយាយយោងអំពីការដាក់អ្នកជំងឺឱ្យរស់នៅដាច់ពីគេដែលនាំឱ្យយើងមានវិធីការពារជំងឺនេះបានមាំទាំ ដោយយើងអាចធ្វើឱ្យប្រាកដថាមានវិធីព្យាបាល ឬមានថ្នាំវ៉ាក់សាំងដែលវាយប្រហារចំគោលដៅលើកំពូលលំដាប់ពិន្ធុដែលបានត្រូវចែកចាយ»។
មជ្ឈមណ្ឌល CDC បានផ្តល់អនុសាសន៍ថា អ្នកធ្វើដំណើរទាំងអស់ត្រូវ «ចៀសវាងការធ្វើដំណើរមិនចាំបាច់ទាំងអស់»ទៅកាន់ប្រទេសចិនទាំងមូល ជាការឆ្លើយតបនឹងការរាតត្បាតនៃជំងឺនេះ៕