នៅមុនខួបលើកទី២៥នៃការប្រគល់ហុងកុងឱ្យនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិននោះ សហរដ្ឋអាមេរិក និងអង់គ្លេសបានចូលរួមជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀតជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាស្វ័យភាព និងសេរីភាពរបស់អតីតទីក្រុងក្រោមអាណានិគមអង់គ្លេសនេះ។
ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថានឹងចូលរួមពិធីរំឭកខួបនេះដោយផ្ទាល់ ហើយនឹងជាលើកទីមួយដែលលោក Xi បានចាកចេញពីចិនដីគោក ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩។
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងសន្តិសុខមួយដោយជំរុញឱ្យពលរដ្ឋអាមេរិកនៅទីក្រុងហុងកុងមានការប្រុងប្រយ័ត្ននៅកន្លែងប្រមូលផ្តុំធំៗ និងចៀសវាងការថតរូបប៉ូលិសដោយគ្មានការអនុញ្ញាត។ ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុង Twitter ថា «លោកប្រធានាធិបតី Xi Jinping ទំនងជានឹងទៅទស្សនកិច្ចទីក្រុងហុងកុងពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដា ចូលរួមពិធីរំឭកខួប២៥ឆ្នាំនៃការប្រគល់ហុងកុងឱ្យចិននិងសម្ពោធការិយាល័យនាយកប្រតិបត្តិ។ ប៉ូលិសហុងកុងអាចនឹងដាក់ពង្រាយកម្លាំងជាង១ម៉ឺននាក់សម្រាប់សន្តិសុខក្នុងអំឡុងពេលទស្សនកិច្ចនេះ»។
មេដឹកនាំមកប្រទេសមានឧស្សាហកម្មជឿនលឿនគឺG-7 បានជំរុញឱ្យប្រទេសចិនធ្វើសកម្មភាពស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាកំណត់ដោយអង្គការសហប្រជាជាតិ ដែលជាសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេសកាលពីឆ្នាំ១៩៨៤។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G-7 បាននិយាយកាលពីថ្ងៃអង្គារថា «យើងសូមអំពាវនាវឱ្យប្រទេសចិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស និងច្បាប់មូលដ្ឋាន ដែលបញ្ជាក់ពីសិទ្ធិ សេរីភាពនិងកម្រិតស្វ័យភាពខ្ពស់សម្រាប់ហុងកុង»។
នៅទីក្រុងហុងកុង ប៉ូលិសកំពុងរឹតបន្តឹងសន្តិសុខ ដោយហាមការបង្ហោះ drones នៅទូទាំងទីក្រុងនេះ និងមានការការបិទផ្លូវផងដែរ។
ក្រុមអ្នករិះគន់បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំនៅហុងកុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយមួយត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងរដូវក្តៅឆ្នាំ២០២០ ដើម្បីបង្ក្រាបអ្នកប្រឆាំងនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីមានការតវ៉ាដ៏ធំ និងពេលខ្លះមានហិង្សា ចាប់តាំងពីឆ្នាំ២០១៩។
កាលពីដើមឆ្នាំនេះ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានចាត់វិធានការថ្មីដែលគំរាមកំហែងដោយផ្ទាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងហុងកុង និងការលុបបំបាត់មិនឱ្យលទ្ធភាពគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង អាចដើរតួនាទីដ៏មានអត្ថន័យ។ សកម្មភាពទាំងនោះបានបំពានលើកាតព្វកិច្ចរបស់ចិន ក្រោមច្បាប់សេរីភាពមូលដ្ឋានរបស់ហុងកុង និងសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេសឆ្នាំ ១៩៨៤ ដែលបានសន្យាថា ហុងកុងមានស្វ័យភាពកម្រិតខ្ពស់។
មន្ត្រីចិនបាននិយាយថា ហុងកុងគឺជាបញ្ហាក្នុងស្រុក ហើយសហរដ្ឋអាមេរិកមិនគួរជ្រៀតជ្រែកឡើយ។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះថា «អ្វីដែលសហរដ្ឋអាមេរិកធ្វើគឺជាការជ្រៀតជ្រែកកិច្ចការហុងកុង និងធ្វើឱ្យទីក្រុងហុងកុងក្លាយជា«ក្បាលស្ពាន» សម្រាប់ការជ្រៀតចូល និងការជ្រៀតជ្រែកប្រឆាំងនឹងចិន»។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន«វាយប្រហារ និងលាបពណ៌»ច្បាប់សន្តិសុខជាតិឆ្នាំ២០២០៕