អាមេរិក អង់គ្លេស បារាំង បិទ​ស្ថាន​ទូតរបស់​ខ្លួន​​នៅ​យ៉េមែន

ស្ថានទូត​អាមេរិក​នៅ​ប្រទេស​យ៉េមែន

សហរដ្ឋ​អាមេរិក ប្រទេស​អង់​គ្លេស និង​បារាំងបាន​ផ្អាក​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​យ៉េម៉ែន​ ពី​ព្រោះ​តែ​ស្ថានភាព​សន្តិសុខ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​នៅ​ក្នុង​ប្រទេស​នោះ។

​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា បុគ្គលិក ស្ថានទូត​របស់​ខ្លួន​ត្រូវ​បាន​ដក​ចេញ​ពី​រដ្ឋ​ធានី​សាណាអា (Sana'a)​ ខណៈ​ដែល​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា បុគ្គលិក​របស់​ខ្លួន​ត្រូវ​បាន​ដក​ចេញ​ដែរ។

​លោក​ស្រី Jen Psaki អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «សកម្មភាព​ឯកតោ​ភាគី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្អាក់​ដំណើរ​ការ​អន្តរកាល​ខាង​នយោ​បាយ​នៅ​ក្នុង​ប្រទេស​យ៉េមែន ​បានបង្កើត​ឲ្យ​មានភាព​គ្រោះ​ថ្នាក់​ដែល​អំពើ​ហិង្សា​សារ​ជា​ថ្មី​នេះ​នឹង​គំរាម​កំហែងជន​ជាតិ​យ៉េមែន​និង​សហគមន៍​ការទូតនៅ​ក្នុង​រដ្ឋ​ធានី​សណាអា»។

«សហរដ្ឋ​អាមេរិក​នៅ​តែ​តាំង​ចិត្ត​ដ៏​ខ្លាំងក្លា ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​យ៉េមែន​ទាំងអស់​ដែល​បន្ត​ធ្វើ​ការ​ដើម្បី​ឲ្យ​ប្រទេស​យ៉េមែន​មាន​សន្តិភាព ​ភាព​រុងរឿង ​និង​ឯកភាព​មួយ។​ យើង ​នឹង​ស្វែង​រកជម្រើសដើម្បី​វិល​ត្រឡប់​មក​កាន់​រដ្ឋ​ធានី​សាណាអា​វិញ​នៅពេល​ដែល​ស្ថានភាពមាន​ភាព​ប្រសើរ​ឡើង»៕