សហរដ្ឋអាមេរិកកំពុងបង្កើនវិធានការសន្តិសុខបន្ថែមទៀត សម្រាប់ជើងហោះហើរបរទេសទាំងអស់ ដែលហោះចូលមកក្នុងប្រលានយន្តហោះសហរដ្ឋអាមេរិក ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមិនបន្ថែមវិធានការហាមប្រាមចំពោះកុំព្យូទ័រដាក់តាមខ្លួនរបស់អ្នកធ្វើដំណើរនោះទេ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក John Kelly បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា៖ «យើងមិនត្រូវធ្វើឲ្យមានកំហុសនោះទេ។ សត្រូវរបស់យើងកំពុងបន្តរកវិធីថ្មីៗ ដើម្បីលាក់គ្រឿងផ្ទុះ ជ្រើសរើសមនុស្សក្នុងសហរដ្ឋអាមេរិកឲ្យចូលក្រុមពួកគេ និងប្លន់យន្តហោះ»។
លោក Kelly បាននិយាយថា វិធានការថ្មីទាំងនោះ ទោះបីជាអ្នកធ្វើដំណើរដឹង ឬមិនដឹងក៏ដោយ នឹងត្រូវធ្វើឡើងជាដំណាក់ៗនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
អ្នកធ្វើដំណើរទាំងអស់ត្រូវយល់ថា នឹងមានការត្រួតពិនិត្យទូទៅបន្ថែមទៀត ការពិនិត្យឲ្យបានដិតដល់លើឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរ ការរឹតបន្តឹងសន្តិសុខបន្ថែមទៀតនៅជុំវិញយន្តហោះ និងស្ថានីយធ្វើដំណើរ និងមានសត្វឆ្កែដែលទទួលការហ្វឹកហាត់ឲ្យហិតដឹងក្លិនគ្រាប់បែក និងជាតិគីមីផ្សេងៗជាដើម។
អាជ្ញាធរសហរដ្ឋអាមេរិក មានគោលបំណងចង់បន្ថែមការហាមប្រាមដូចនេះចំពោះជើងហោះហើរមកពីទ្វីបអឺរ៉ុប ប៉ុន្តែជើងហោះហើរខ្លះបដិសេធមិនធ្វើតាម។ កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកធ្វើដំណើរផ្នែកពាណិជ្ជកម្ម។
វិធានការសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់ប្រលានយន្តហោះបរទេសចំនួន ២៨០ នៅក្នុងប្រទេសចំនួន ១០៥ ក្នុងពិភពលោក។ មនុស្សប្រហែល ៣ សែន ២ ម៉ឺន ៥ ពាន់នាក់ ធ្វើដំណើរចេញពីប្រលានយន្តហោះទាំងនេះ មកកាន់សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃ៕