កង​កម្លាំង​គាំទ្រ​ដោយ​ស.រ.អា.​ក្នុង​ប្រទេស​ស៊ីរី​រុល​ទៅ​មុខ​ទៅ​កាន់​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​រដ្ឋ​ឥស្លាម

ស្ត្រី និង​កុមារ​រត់គេច​ចេញ​ពី​កន្លែង​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្បែរ​ក្រុង Baghuz ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កងកម្លាំង​គាំទ្រ​ដោយ​ស.រ.អា.​បាន​រុល​ទៅ​មុខ​ទៅ​កាន់​ពួក​យុទ្ធជនរដ្ឋ​ឥស្លាម​នៅ​ក្នុង​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។​

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់ថា​ SDF ដែល​ជា​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម ដឹក​នាំ​ដោយ​ពួក​ជន​អំបូរ​ Kurde បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​បានវាយ​យក​មក​វិញ​នូវ​ដែន​ដី​ច្រើន​ជាង​មុន​នៅ​ជុំវិញក្រុង​ Baghuz ក្នុង​ខេត្ត​ Deir el-Zour ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។​

មេបញ្ជាការ​ម្នាក់​នៃ​កង​កម្លាំង SDF បាន​និយាយ​ប្រាប់​ VOA ពី​សមរភូមិ​ថា​ «យើង​វាយ​យក​បាន​ដែន​ដី​មាន​អង្កត់​ផ្ចិត​ប្រមាណ​៥០០ម៉ែត្រ ហើយ​ពួក​យុទ្ធជនរបស់​យើង​កំពុង​រុល​ទៅ​មុខ​ទៅ​កាន់​ក្រុង​នេះ»។
លោក​បាន​និយាយ​បន្ថែម​ថា «ពួក​ជន​ស៊ីវិល​ទាំងអស់​បាន​ចាកចេញ​ពី​ផ្នែក​នេះនៃក្រុង​ Baghuz ហើយ។​ នៅ​ក្នុង​ក្រុង​នេះ​មាន​តែ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម»។​

ពួក​មន្ត្រី​ស.រ.អា.​និយាយ​ថា​ ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង​នេះ​បាន​ត្រូវ​ឡោមព័ទ្ធ​ពី​គ្រប់​ទិស​ហើយ។​

លោក​វរសេនីយ៍ឯក Sean Ryan អ្នកនាំ​ពាក្យ​ក្រុម​ចម្រុះ​បាន​និយាយ​ថា «ពួក​សត្រូវ​បាន​ធ្វើ​ការ​ប្រយុទ្ធយ៉ាង​ស្វិតស្វាញ​ដោយ​មាន​ពួក​យុទ្ធជន​បរទេស​ច្រើននាក់​មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។ ធាតុអាកាស​មិន​សូវ​ល្អ​ទេ​ដែល​ធ្វើ​ឱ្យ​ការ​រុល​ទៅ​មុខ​មាន​ភាព​យឺតយូរ។ ម្យ៉ាង​វិញ​ទៀត​ពួក​ SDF ក៏​ត្រូវ​តែ​វាយ​បណ្តេញ​ពួក​សត្រូវ​ទាំង​អស់​ឱ្យ​ចេញ​ពី​តំបន់​ទាំង​នោះ​ដែរ។ ដូច្នេះ​យើង​សង្ឃឹម​ថា​យើង​នឹង​វាយ​យក​បាន​តំបន់​នេះ​ទាំងស្រុង​ក្នុង​ខែ​នេះ»។

ក្រុង​ Baghuz ជា​សំបុក​ចុង​ក្រោយ​បង្អស់​របស់​ពួក​ភេរវជន​រដ្ឋ​ឥស្លាម ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។ យុទ្ធនាការប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម បាន​វាយ​យក​បាន​ដែន​ដី​សឹង​តែ​ទាំង​អស់​ដែល​ពួក​រដ្ឋ​ឥស្លាម​ធ្លាប់​កាន់កាប់​ក្នុង​ប្រទេស​ស៊ីរី​ចាប់​តាំង​ពី​ឆ្នាំ២០១៤​មក។​

ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ស.រ.អា.​បាន​ផ្តល់​ការ​គាំទ្រ​តាម​អាកាស ​និង​ដោយ​កាំភ្លើង​ធំ​នៅ​ពេល​ដែល​ក្រុម​យុទ្ធជន SDF បន្ត​រុល​ទៅ​មុខ​ក្នុង​ថ្ងៃទី​ពីរ​បន្តបន្ទាប់​គ្នា៕