រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​អនុ​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​ការ​ចាយវាយ​របស់​រដ្ឋាភិបាល

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ William Barr ចាកចេញ​ពី​ផ្ទះ​របស់​លោក នៅ​ក្នុង​ក្រុង McClean រដ្ឋ Virginia កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr បាន​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​អនុ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​ការ​ចាយវាយ​របស់​រដ្ឋាភិបាល​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រឈម​នឹង​ការ​ចោទ​សួរ​មួយ​ចំនួន​អំពី​របាយការណ៍​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

ប៉ុន្តែ គោល​បំណង​ធំ​នៃ​ការ​ប្រជុំ​របស់​អនុ​គណៈកម្មាធិការ​នេះ​មិន​មែន​រឿង​របាយការណ៍​របស់​លោក Mueller នោះ​ទេ ប៉ុន្តែ​គឺ​រឿង​ថវិកា​ដែល​ស្នើ​ឡើង​របស់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump សម្រាប់​ក្រសួង​យុត្តិធម៌​សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ​នេះ។

លោក Barr បាន​លើក​ឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​យុត្តិធម៌​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​អនាគត ដោយ​លោក​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​ដែល​មាន​សន្តិសុខ​ត្រឹមត្រូវ​គឺ​ជា​បញ្ហា​សំខាន់​មួយ​សម្រាប់​ក្រសួង​យុត្តិធម៌។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «ខ្ញុំ​ជឿ​ថា ប្រទេស​របស់​យើង​ត្រូវតែ​ឆ្លើយតប​ចំពោះ​ការ​ជ្រៀតជ្រែក​របស់​បរទេស​ណា​មួយ ដោយ​វិធានការ​តឹងតែង​បំផុត ហើយ​យើង​ត្រូវតែ​ធ្វើការ​ជាមួយ​នឹង​ដៃគូ​នៅ​កម្រិត​រដ្ឋ ដើម្បី​ធានា​ថា ប្រព័ន្ធ​បោះ​ឆ្នោត​របស់​យើង​ត្រូវ​បាន​ការពារ​ពេញលេញ»។

កម្មវិធី​សន្តិសុខ​ជាតិ​ផ្សេង​ទៀត​នៅ​ក្នុង​សំណើ​ថវិកា​ឆ្នាំ ២០២០ រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ផង​ដែរ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​លោក Barr គេ​ឃើញ​មាន​បញ្ជាក់​អំពី​កម្មវិធី​ត្រួត​ពិនិត្យ​តឹងតែង​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចូល​មក ឬ​ក៏​ស្នាក់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​នេះ​ជា​អ្វី​ដែល​លោក​បញ្ជាក់​ថា​នឹង​ជួយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ «កំណត់​មុខ​សញ្ញា​ភេរវជន ឧក្រិដ្ឋជន និង​មនុស្ស​អាក្រក់​ផ្សេង​ទៀត»៕