រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក William Barr ធ្វើ​ការ​ស្បថ​មុនពេលផ្តល់​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩។​

លោក Barr បាន​ផ្ដល់​សក្ខីកម្ម​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អំពី​ការ​សម្រេច​របស់​លោក និង​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​សម្រេច​ចុង​បញ្ចប់​នៃ​របាយការណ៍​របស់​លោក Mueller។

គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​របាយការណ៍​ស៊ើបការណ៍​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr អះអាង​ថា​ លោក​នឹង​មិន​ចូល​ផ្ដល់​សក្ខីកម្ម​ក៏​ដោយ។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា គម្រោង​របស់​លោក Jarrold Nadler ដែល​ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​ នៅ​ក្នុង​ការ​ឲ្យ​សមាជិក​របស់​គណៈកម្មាធិការ​នេះ​សួរ​លោក Barr គឺ​ជា​រឿង «មិន​សមរម្យ‍»។

ក្រសួង​យុត្តិធម៌​បាន​បន្ថែម​ថា លោក Barr នៅតែ «សប្បាយចិត្ត​ក្នុង​ការ​ចូលរួម​ដោយ​ផ្ទាល់​នឹង​ការ​ឆ្លើយ​សំណួរ​របស់​សមាជិក​គណៈកម្មាធិការ​នេះ‍» អំពី​របាយការណ៍​របស់​លោក Mueller។

លោក Nadler បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​សង្ឃឹម និង​រំពឹង​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ពិចារណា​ឡើង​វិញ​អំពី​ការ​ចូល​ផ្ដល់​សក្ខីកម្ម‍» នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍‍។

លោក Barr បាន​ផ្ដល់​សក្ខីកម្ម​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អំពី​ការ​សម្រេច​របស់​លោក និង​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​សម្រេច​ចុង​បញ្ចប់​នៃ​របាយការណ៍​របស់​លោក Mueller។

លោក Nadler មាន​គម្រោង​ឲ្យ​គណៈកម្មាធិការ​តុលាការ​របស់​លោក​ផ្ដោត​លើ​រឿង​ដូច​គ្នា ដោយ​ទុក​រយៈពេល ៥ នាទី ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​ចំណោម​សមាជិក ៤១ នាក់​នៃ​គណៈកម្មាធិការ​នេះ ចោទ​សួរ​លោក Barr ហើយ​បន្ទាប់​មក​ទៀត​ទុក​ពេល ៣០ នាទី​ទៀត ​ឲ្យ​មេធាវី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​មេធាវី​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​នេះ​ចោទ​សួរ​បន្ថែម​ទៀត​លើ​លោក Barr។

លោក Barr យល់ព្រម​ឲ្យ​សមាជិក​រដ្ឋសភា​ចោទ​សួរ​លោក ប៉ុន្តែ​មិន​ព្រម​ឲ្យ​ក្រុម​មេធាវី​ចោទ​សួរ​លោក​ទេ៕