ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឲ្យរដ្ឋាភិបាលប្រទេសកម្ពុជាអនុញ្ញាតឲ្យអង្គការ និងសាព័ត៌មានឯករាជ្យ បន្តកិច្ចការរបស់ពួកគេដើម្បីលទ្ធិប្រជាធិបតេយ្យ។ការទទូចដូច្នេះកើតឡើង ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាព្រមានបណ្តេញអង្គការស.រ.អា និងសារព័ត៌មានឯករាជ្យមួយចំនួនចាកចេញពីប្រទេសកម្ពុជាដោយហេតុផលផ្សេងៗ។
ក្រសួងការបទេសស.រ.អា.បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តច្បាប់ជូនអង្គការឯករាជ្យនានា សារព័ត៌មានឯករាជ្យនានា ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់ស.រ.អា. និងកាសែត The Cambodia Daily ជាដើម ដោយមិនត្រូវបណ្តេញចេញ ឬបញ្ឈប់សកម្មភាពពួកគេទេ។ ការនេះគឺដើម្បីធានាភាពសេរី និងយុត្តិធម៌សម្រាប់ការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ គឺអ្នកស្រី Heather Nauert បានទទូចតាមខ្លឹមសារដើមថា៖
«យើងជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និងកាសែត The Cambodia Daily ហើយនឹងអង្គការព័ត៌មាន និងក្រុមអង្គការសង្គមស៊ីវិលឯករាជ្យផ្សេងទៀត បន្តសកម្មភាពដ៏មានសារៈសំខាន់របស់ពួកគេ។ ដូច្នេះ ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ អាចប្រពឹត្តទៅដោយមានបរិយាកាសសេរី និងបើកទូលាយ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហានេះ ឱ្យដឹងថា អាជ្ញាធរកម្ពុជាសម្រេចបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ទាំងស្រុងក្នុងប្រទេស ដើម្បីធានាការអនុវត្តន៍ត្រឹមត្រូវ និងប្រសិទ្ធភាពច្បាប់ ពង្រឹងនីតិរដ្ឋ និងគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងការបរទេសកម្ពុជាដែលទុករយៈពេល៧ថ្ងៃ ដល់អង្គការនេះ បានយោងថា អង្គការនេះបានធ្វើសកម្មភាពមិនស្របច្បាប់ បន្ថែមពីលើការចោទប្រកាន់ដែលថា អង្គការនេះធ្វើសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
បន្ថែមលើនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានបណ្តេញចេញកាសែត The Cambodia Daily ដែលជាកាសែតឯករាជ្យមួយថា មិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេល១០ឆ្នាំ ទោះបីជាកាសែតនេះទាមទារឲ្យមានការធ្វើសវនកម្ម និងត្រួតពិនិត្យដោយតម្លាភាពតាមច្បាប់ជាមុនក្តី។ កាសែតនេះត្រូវបានរដ្ឋាភិបាលទុកឳសានវាទ បង់ពន្ធនូវចំនួនទឹកប្រាក់ ៦លាន ៣សែនដុល្លារ ត្រឹមថ្ងៃទី៤ ខែកញ្ញាខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសស.រ.អា សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះបរិយាកាសប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានការទទួលស្គាល់ថា បានរៀបចំការបោះឆ្នោតឃុំសង្កាត់ដោយតម្លាភាព និងអហិង្សា ទៅកាន់សកម្មភាពដែលបន្ថយសេរីភាពព័ត៌មាន និងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល។
លោកស្រី Heather Nauert បានបញ្ជាក់ថា រឿងនោះគឺកើតឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបណ្តេញអង្គការ NDI កាលពីថ្ងៃទី២៣ ខែសីហាពីកម្ពុជា របាយកាណ៍ស្តីអំពីការបិទវិទ្យុដែលមានសម្ព័ន្ធភាពជាមួយគណបក្សជំទាស់ ហើយនឹងការស៊ើបអង្កេតពន្ធ លើសារព័ត៌មាន និងអង្គការឯករាជ្យ រួមទាំងកាសែត The Cambodia Daily វិទ្យុសំឡេងស.រ.អា VOA វិទ្យុអាស៊ីសេរី (RFA) ហើយនឹងអង្គការនានា ដូចជាអង្គការអាដហុក អង្គការខុមហ្វ្រែលជាដើម។
លោកស្រីបានបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេស Rex Tillerson បានពិភាក្សាជាមួយសមភាគីកម្ពុជារបស់លោកកាលពីខែមុន និងសប្តាហ៍ថ្មី ហើយឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំកម្ពុជាក៏បានពិភាក្សាជាមួយនិងអគ្គនាយកដ្ឋានពន្ធដារ និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរអំពីបញ្ហាកម្ពុជា។
«មានកិច្ចពិភាក្សាជាច្រើននៅពីក្រោយឆាកដែលយើងបានធ្វើតាមរយៈការទូតក្នុងកិច្ចប្រជុំបិទទ្វារ ពីព្រោះនៅក្នុងប្រទេសខ្លះ ការធ្វើដូច្នេះជាវិធីដែលមានប្រសិទ្ធភាពសម្រាប់រដ្ឋាភិបាលនានា ដើម្បីធ្វើកិច្ចការផ្សេងៗ។ ដូច្នេះយើងនឹងបន្តកិច្ចពិភាក្សាគ្នា»។
លោកស្រីថ្លែងដូច្នេះ ក្រោយពេលដែលមានការលើកសំណួរថា ប្រសិនបើកម្ពុជាមិនព្រមធ្វើតាម តើនឹងមានផលវិបាកអ្វីកើតឡើង។ លោកស្រីបានបន្ថែមថា លោកស្រីមិនចង់ទស្សន៍ទាយពីការណ៍នោះទេ។ តែលោកស្រីថា ស.រ.អា នៅមានកិច្ចពិភាក្សាបន្ត។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានធ្វើរួចកាលពីខែមិថុនា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានលក្ខណៈសេរី យុត្តិធម៌ អាចទទួលយកបាននោះ បានធ្វើឲ្យគណបក្សជំទាស់កើនសំឡេងយ៉ាងខ្លាំងពីចំនួនក្រុមប្រឹក្សាឃុំសង្កាត់ជាង៤០ មកដល់ជិត៥០០ ក្នុងចំណោមជាង១៦០០ឃុំសង្កាត់សរុបនៅទូទាំងប្រទេស ជាពិសេសគណបក្សជំទាស់បានឈ្នះនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗសឹងពាសពេញប្រទេស៕
ទស្សនាសេចក្តីដកស្រង់នៃសន្និសីទសារព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺអ្នកស្រី Heather Nauert ខាងក្រោយនេះ៖
Your browser doesn’t support HTML5