ក្រសួងយុត្តិធម៌ស.រ.អា.បានប្រកាសកាលពីថ្ងៃច័ន្ទអំពីការចាប់ខ្លួនអ្នកធ្វើការតាមកុងត្រាម្នាក់ឱ្យរដ្ឋាភិបាលដែលក្រសួងនេះនិយាយថាបានបញ្ជូនឯកសារសម្ងាត់ទៅឱ្យបណ្តាញផ្សាយព័ត៌មានតាមអ៊ីនធឺណិតមួយ។
សេចក្តីប្រកាសនេះមានឡើងនៅថ្ងៃជាមួយគ្នានៅពេលមានរបាយការណ៍មួយដោយ The Intercept ដែលបាននិយាយថាឯកសារសម្ងាត់មួយដែលខ្លួនបានទទួលបានបង្ហាញថាផ្នែកស៊ើបការសម្ងាត់យោធារុស្ស៊ីបានខិតខំព្យាយាមលបលួចចូលទៅក្នុងទិន្នន័យប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតស.រ.អា.នៅមុនការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
សំបុត្រភស្តុតាងមួយត្រូវដាក់ដោយភ្នាក់ងារ FBI ពិសេសម្នាក់បាននិយាយថាស្ត្រីត្រូវចាប់ខ្លួនគឺអ្នកស្រី Reality Leigh Winner បានទទួលសារភាពថាបានបោះពុម្ពសេចក្តីរាយការណ៍សម្ងាត់បានមកពីការស៊ើបការណ៍សម្ងាត់ហើយបានផ្ញើទៅឱ្យបណ្តាញផ្សាយព័ត៌មានមួយ។
សំបុត្រភស្តុតាងនេះក៏បាននិយាយដែរថាទីភ្នាក់ងារមួយរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ស.រ.អា.បានសន្មត់នៅក្នុងការស៊ើបអង្កេតរបស់ខ្លួនថាមានមនុស្ស៦នាក់បានបោះពុម្ពឯកសារនេះដោយមានរួមបញ្ចូលទាំងអ្នកស្រី Winner ផងដែរ ហើយថាអ្នកស្រីបានទាក់ទងតាមអ៊ីម៉ែលជាមួយបណ្តាញផ្សាយព័ត៌មានដែលគេមិនបញ្ចេញឈ្មោះ។
ថ្ងៃខែនៅក្នុងឯកសារដែលមានចែងនៅក្នុងសំបុត្រភស្តុតាងនេះ និងឯកសារដែលបានត្រូវនិយាយយោងដោយ The Intercept មានដូចគ្នា។
រដ្ឋាភិបាលមិនបាននិយាយទេអំពីទីភ្នាក់ងារណាដែលអ្នកស្រី Winner បានយកឯកសារសម្ងាត់នេះ ដោយគ្រាន់តែបាននិយាយថាអ្នកស្រីបានធ្វើការនៅកន្លែងមួយរបស់រដ្ឋាភិបាលស.រ.អា.ក្នុងរដ្ឋ Georgia។
នៅក្នុងរបាយការណ៍របស់ខ្លួន The Intercept បាននិយាយថាឯកសារសម្ងាត់បំផុតនេះរបស់ទីភ្នាក់ងារសន្តិសុខជាតិដែលខ្លួនបានទទួលបាននិយាយថាពួករុស្ស៊ីបានចំណាយពេលវេលាច្រើនខែខិតខំព្យាយាមលបចូលទៅលួចទិន្នន័យកុំព្យូទ័រដែលបានត្រូវប្រើប្រាស់ដោយពួកមន្ត្រីរៀបចំការបោះឆ្នោតក្នុងមូលដ្ឋាន៕