កាលពីថ្ងៃពុធ អាជ្ញាធរស.រ.អាបានចាប់ខ្លួនជនបរទេស ៣ នាក់ ដែលរស់នៅក្នុងរដ្ឋ New York អំពីបទមានផែនការសម្ងាត់ដើម្បីជួយក្រុមសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាម នៅក្នុងប្រទេស ស៊ីរី ដើម្បីប៉ងធ្វើឃាតលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ភ្នាក់ងារនគរបាល និងភ្នាក់ងារក្រសួងស៊ើបការណ៍សហព័ន្ធ FBI នៅក្នុងស.រ.អា។
ក្រសួងយុត្តិធម៌ស.រ.អានិយាយថា យុវជន Akhror Saidakhmetov អាយុ ១៩ ឆ្នាំ ជាជនជាតិ Kazakhstan ត្រូវចាប់ខ្លួននៅចំណតយន្តហោះអន្តរជាតិ John F. Kennedy ពេលកំពុងរង់ចាំឡើងយន្តហោះទៅក្រុង Istanbul ប្រទេសតួកគី។ បុរសទីពីរឈ្មោះ Abdurasul Hasanovich អាយុ ២៤ ឆ្នាំ ជាជនជាតិ Uzbekistan ត្រូវចាប់ខ្លួននៅក្រុង Brooklyn ហើយមានសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅក្រុង Istanbul នៅខែក្រោយ។ បុរសទីបីឈ្មោះ Abror Habibov អាយុ ៣០ ឆ្នាំ ជាជនជាតិ Uzbekistan ដែរ ត្រូវចាប់ខ្លួននៅក្នុងរដ្ឋ Florida អំពីបទជួយផ្តល់ថវិកាទៅឲ្យកិច្ចប្រឹងប្រែងរបស់យុវជន Saidakhmetov។ Abror បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធមួយហើយបានទទួលមេធាវីសាធារណមួយរូបឲ្យការពារក្តីគាត់។
មេធាវី Adam Perlmutter ដែលការពារយុវជន Saidakhmetov បានចោទសួរទៅលើយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ហើយនិយាយថាស.រ.អាត្រូវការរកមធ្យោបាយផ្សេងទៀតដើម្បីធ្វើទំនាក់ទំនងទៅកាន់ជន មូស្លីម ដែលអាចនឹងទៅចូលរួមជាមួយនឹងពួកជ្រុលនិយម។
ជនទាំងបីត្រូវចោទប្រកាន់អំពីបទប៉ុនប៉ងនិងធ្វើផែនការសម្ងាត់ដើម្បីផ្តល់ជំនួយសម្ភារៈទៅឲ្យអង្គការភេរវកម្មមួយ។ បើតុលាការកាត់ក្តីឲ្យមានទោស ម្នាក់ៗអាចជាប់គុកដល់ទៅ ១៥ ឆ្នាំ៕