រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ព្រមជាលើកដំបូងបង្អស់ឱ្យមានការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់នៅក្រោមកម្មវិធីជំនួយមួយដែលមានបំណងសំដៅលើរដ្ឋាភិបាលបរទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់មន្ត្រីកាលពីថ្ងៃពុធ។
ការយល់ព្រមរបស់លោក Biden នេះបានធ្វើឡើង ស្របពេលដែលមានក្ដីបារម្ភកើនឡើងអំពីប្រទេសចិន។
ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភាកាលពីថ្ងៃអង្គារអំពីកញ្ចប់ទឹកប្រាក់ ៨០ លានដុល្លារ ដែលនេះមានចំនួនតិចតួចបើប្រៀបជាមួយនឹងការលក់សព្វាវុធនាពេលថ្មីៗនេះដល់តៃវ៉ាន់ ប៉ុន្តែវាជាជំនួយដំបូងបង្អស់ដល់តៃវ៉ាន់នៅក្រោមកម្មវិធីហិរញ្ញប្បទានយោធាបរទេស ដែលជាទូទៅពាក់ព័ន្ធនឹងជំនួយឬក៏កម្ចីសម្រាប់ប្រទេសអធិបតេយ្យ។
អស់រយៈពេល ៥ ទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការតែរដ្ឋាភិបាលចិនប៉ុណ្ណោះ បើទោះបីជានៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) សភាតម្រូវឱ្យមានការផ្គត់ផ្គង់សព្វាវុធដល់កោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងនិងប្រកាន់របបប្រជាធិបតេយ្យ សម្រាប់ការការពារខ្លួនក៏ដោយ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកន្លងមកបានធ្វើដូច្នេះតាមរយៈការលក់សព្វាវុធជាជាងការផ្ដល់ជំនួយដោយផ្ទាល់ដល់កោះតៃវ៉ាន់ ដោយមានសេចក្ដីថ្លែងការណ៍ជាផ្លូវការដែលថ្លែងឡើងក្នុងលក្ខណៈជាការទូទាត់អាជីវកម្មជាមួយនឹងការិយាល័យទំនាក់ទំនងការទូតរបស់តៃវ៉ាន់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទូចថា ជំនួយដំបូងបង្អស់សម្រាប់តៃវ៉ាន់នៅក្រោមកម្មវិធីនេះមិនមែនមានន័យបញ្ឆិតបញ្ឆៀងថា ជាការទទួលស្គាល់អធិបតេយ្យភាពរបស់តៃវ៉ាន់នោះទេ។
នៅពេលត្រូវសួរអំពីជំនួយនេះនៅក្នុងសន្និសីទកាសែតជាប្រចាំ ក្រសួងការពារជាតិចិនបានព្រមានថា ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់នេះនឹងប៉ះពាល់ដល់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «ជំនួយយោធានិងការលក់ [សព្វាវុធ] របស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់មានតែលើកស្ទួយដល់បណ្ដាញយោធានិងឧស្សាហកម្មសព្វាវុធរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ខណៈដែលវាប៉ះពាល់ដល់សន្តិសុខនិងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់»៕
វ៉ាស៊ីនតោន —