សហរដ្ឋអាមេរិកបានធ្វើការបរិហារសេចក្តីរាយការណ៍ដ៏គួរឲ្យរន្ធត់ចិត្តថា ឆ្មាំការពារព្រំដែនអ៊ីរ៉ង់បានធ្វើទារុណកម្មនិងជ្រមុជទឹកជនចំណាកស្រុករាប់សិបនាក់មកពីអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនដើម្បីរារាំងពួកគេមិនឲ្យចូលក្នុងប្រទេសអ៊ីរ៉ង់។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធម្ស៉ិលម៉ិញថា «យើងលើកទឹកចិត្តពួកអាជ្ញាធរអាហ្វហ្គានីស្ថានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញហើយនឹងស្វះស្វែងរកពួកជនដៃដល់ទាំងនោះឲ្យទទួលខុសត្រូវ»។
មន្រ្តីអាហ្វហ្គានីស្ថាននិងអ្នកនៅរស់រានមានជីវិតនិយាយថា បុរសមួយក្រុមដែលមានគ្នាប្រហែល៦០នាក់មកពីខេត្ត Herat ភាគខាងលិច បានត្រូវគេលួចរត់ពន្ធចូលក្នុងប្រទេសអ៊ីរ៉ង់ មុនពេលឆ្មាំការពារព្រំដែនរបស់អ៊ីរ៉ង់ឃុំឃាំងហើយក្រោយមក បានបង្ខំពួកបុរសទាំងនោះឲ្យចុះក្នុងទន្លេ Harirud កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន និយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអ៊ីរ៉ង់បានយល់ព្រមធ្វើការស៊ើបអង្កេតរួមគ្នាអំពីឧបទ្ទវហេតុនេះដើម្បីកំណត់ការពិតនិងរកមុខជនដៃដល់។
កាលពីថ្ងៃអាទិត្យ លោក Syed Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយឆ្លើយបដិសេធការចោទប្រកាន់ទាំងនេះ ខណៈដែលបានសម្តែងនូវសមានចិត្តជាមួយក្រុមគ្រួសារជនរងគ្រោះ។
បណ្តាញព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Mousavi មកចុះផ្សាយថា «ឧបទ្ទវហេតុនេះបានកើតមានឡើងនៅលើទឹកដីអាហ្វហ្គានីស្ថាន ហើយប៉ូលិសការពារព្រំដែនរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបដិសេធអំពីអ្វីដែលបានកើតមានឡើងដែលទាក់ទិននឹងបញ្ហានេះនៅលើទឹកដីរបស់យើង»។
លោក Haneef Atmar រដ្ឋមន្រ្តីការបរទេសអាហ្វហ្គានីស្ថាន ខណៈដែលថ្កោលទោសឧទ្ទវហេតុនោះថាជា«ឧក្រិដ្ឋកម្មដែលមិនអាចអត់អោនបាន» បានប្រាប់ពួកសមាជិក សភាកាលពីថ្ងៃពុធថា សាកសពមនុស្សយ៉ាងតិចណាស់ក៏១៦នាក់ដែរ បានត្រូវគេស្រង់ចេញពីទន្លេហើយមនុស្ស១៦នាក់ទៀតត្រូវបានជួយសងគ្រោះនៅរស់រានមានជីវិត៕