លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ប្រជាជនអាមេរិកទាំងអស់ដោយចាប់ផ្តើមនៅថ្ងៃទី២០ខែកញ្ញាគឺ៨ខែបន្ទាប់ពីការចាក់ដូសទី២នៃវ៉ាក់សាំង Pfizer និង Moderna។
លោក Biden បាននិយាយក្នុងសុន្ទរកថាពីសេតវិមានថា៖«សូមចងចាំថាវាជាវិធានងាយបំផុតគឺ៨ខែបន្ទាប់ពីអ្នកចាក់ដូសទី២សូមចាក់ដូសជំរុញនេះ»។
លោក Biden បាននិយាយថា៖ «ការចាក់ដូសជំរុញទាំងនោះមិនគិតប្រាក់ទេ។អ្នកអាចទៅចាក់នៅកន្លែងចាក់វ៉ាក់សាំងទាំងអស់ប្រហែល៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។វាស្រួលទេ។អ្នកគ្រាន់តែបង្ហាញបណ្ណចាក់វ៉ាក់សាំងអ្នកនឹងបានចាក់វ៉ាក់សាំងដូសជំរុញ»។
ក្រុមមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថាវ៉ាក់សាំង Johnson & Johnson ដូសជំរុញក៏ទំនងជានឹងត្រូវចាក់ដែរ។ ក្រុមមន្ត្រីរំពឹងថានឹងទទួលបានទិន្នន័យកាន់តែច្រើនអំពីវ៉ាក់សាំង Johnson & Johnson ប៉ុន្មានសប្តាហ៍ខាងមុខ មុនពួកគេប្រកាសការសម្រេចនេះ។
នៅក្នុងសន្និសីទកាសែតដដែលនោះលោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានទីប្រឹក្សាខាងវេជ្ជសាស្ត្ររបស់លោក Biden បានបង្ហាញពីទិន្នន័យដែលថាកម្រិតអង្គបដិប្រាណប្រឆាំងវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩បានធ្លាក់ចុះទៅតាមពេលវេលាហើយត្រូវមានអង្គបដិប្រាណកាន់តែខ្លាំងឡើងដើម្បីទប់ទល់វីរុសកូរ៉ូណាប្រភេទដែលតា (Delta)។
អង្គការមនុស្សធម៌បានរិះគន់ផែនការនេះ។
អ្នកស្រី Sarah Swinehart នាយិកាជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៅអាមេរិកខាងជើងនៃអង្គការ The ONE Campaign បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តរបស់រដ្ឋបាលលោក Biden ឱ្យចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ជនជាតិអាមេរិកទាំងអស់ពង្រីកគម្លាតរវាងអ្នកបានចាក់ថ្នាំបង្ការនិងអ្នកមិនបានចាក់»។
អង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះបានអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញយ៉ាងហោចណាស់រហូតដល់ដំណាច់ខែកញ្ញាដើម្បីឲ្យបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបបានចាក់ដូសវ៉ាក់សាំងដូសដំបូងកាន់តែច្រើនឡើងសិន៕