សហរដ្ឋអាមេរិកបានប្រកាសជំនួយយោធាដែលមានទឹកប្រាក់ចំនួន១០០លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់ជួបប្រជុំនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាអំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារម្សិលមិញថា៖ «ពិភពលោកមានការរន្ធត់និងតក់ស្លុតពីអំពីឃោរ ឃៅដែលធ្វើឡើងដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងBucha និងនៅទូទាំងប្រទេសអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែន បានបន្តការពារប្រទេសរបស់ខ្លួននិងសេរីភាពប្រកបដោយភាពអង់អាចក្លាហាន ហើយសហរដ្ឋអាមេរិករួមជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង បានឈរគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា ជំនួយនោះ «នឹងបំពេញតម្រូវការជាបន្ទាន់របស់អ៊ុយក្រែនសម្រាប់អាវុធប្រឆាំងរថពាសដែក Javalin ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន ហើយពួកគេបានប្រើប្រកបដោយប្រសិទ្ធភាពដើម្បីការពារប្រទេសរបស់ពួកគេ»។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានប្រាប់ពួកអ្នកយកព័ត៌មានមុនជំនួបថា សមាជិករបស់សម្ពន្ធមិត្ត៖ «បានសម្រេចផ្តល់ការគាំទ្របន្តទៀតដល់អ៊ុយក្រែន» រួមទាំងជំនួយមនុស្សធម៌និងជំនួយហិរញ្ញវត្ថុ បន្ថែមពីលើជំនួយឧបត្ថម្ភខាងសម្ភារៈយោធានិងសន្តិសុខប្រព័ន្ធកំព្យូទ័រផងដែរ»។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba មានគម្រោងថ្លែងសុន្ទរកថាទៅកាន់ជំនួបថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ប្រធានាធិបតីអ៊ុយក្រែន បានក្រើនរំលឹកដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារម្សិលមិញ ចំពោះការមិនចាត់វិធានការរបស់ខ្លួននៅក្នុងការបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងប្រទេសរបស់លោក ហើយលោកបានទាមទារឲ្យរដ្ឋាភិបាលទីក្រុងមូស្គូប្រឈមការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តនៅទៅនោះ។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងជាភាសាអ៊ុយក្រែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានប្រទេស១៥ជាសមាជិកតាមប្រព័ន្ធវីដេអូដែលមានរយៈពេល១៥នាទី។ លោកបានពាក់អាវយឺតកងទ័ពពណ៌បៃតងនិងទង់ជាតិអ៊ុយក្រែននៅស្មាខាងស្តាំរបស់លោក។
ការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែនកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពរបស់រុស្ស៊ី បានដកចេញពីទីក្រុង Bucha ជាយរដ្ឋធានីកៀវ ដែលនៅទីនោះពួកអ្នកស្រុកនិងមន្ត្រីមូលដ្ឋាន បានរាយការណ៍ថា មានជនស៊ីវិលជាង៣០០នាក់បានត្រូវកងទ័ពរុស្ស៊ីសម្លាប់ក្នុងអំឡុងនៃការត្រួតត្រាទីក្រុងនោះ។ រដ្ឋាភិបាលក្រុងមូស្គូ បានបដិសេធថា ខ្លួនមិនបានទាក់ទិនអំពីបញ្ហានេះទេ ហើយបានស្តីបន្ទោស«ពួកជ្រុលនិយម»អ៊ុយក្រែន៕
អ្នកយកព័ត៌មានសន្តិសុខជាតិរបស់វីអូអេលោក Jeff Seldin និងអ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានរបស់វីអូអេនៅសេតវិមាន ផ្តល់សេចក្តីរាយការណ៍នេះ។