បន្ទាប់ពីសភាជាតិដែលគ្របដណ្តប់ដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់សេចក្តីយល់ព្រមឲ្យស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច បន្តរឿងក្តីលោក កឹម សុខា មក អ្នកនយោបាយនៃគណបក្សធំៗទាំងពីរមិនទាន់បញ្ជាក់ឲ្យដឹងពីលទ្ធភាពនៃការជួបចរចាគ្នាទេ។
ការជួបចរចាគ្នានេះ គឺជាការចង់បានរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានសម្តែងក្តីបារម្ភ និងសោកស្តាយចំពោះព្រឹត្តិការណ៍នយោបាយដែលមានភាពតានតឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
(កម្រងរូបភាព៖ ក្បួនដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិថ្វាយជូនព្រះបាទ នរោត្តម សីហមុន្នី កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦)
ស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកម្លាំងនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែង ការណ៍ បញ្ជាក់ពីការសោកស្តាយយ៉ាងខ្លាំងចំពោះ«ភាពតានតឹងផ្នែកនយោបាយដែលមានលក្ខណៈគ្រោះថ្នាក់» និងស្នើឲ្យមានការជួបសន្ទនាជាលក្ខណៈស្ថាបនា ដោយសន្តិវិធីរវាងរដ្ឋអំណាច និងគណបក្សប្រឆាំងឲ្យបានកាន់តែឆាប់។ ការស្នើឲ្យជួបសន្ទនាគ្នានេះ ត្រូវបានធ្វើឡើងស្រដៀងគ្នានឹងការស្នើរបស់សហរដ្ឋអាមេរិកផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ពុំទាន់មានមន្ត្រីនៃគណបក្សជំទាស់មកទំនាក់ទំនងជាមួយមន្ត្រីគណបក្សកាន់អំណាច និងស្នើឲ្យមានការចរចានោះទេ។
លោកបញ្ជាក់ថា លទ្ធភាពនៃការជួបសន្ទនាគ្នាជាបន្ទាន់រវាងអ្នកនយោបាយគណបក្សទាំងពីរ ទំនងជាមិនអាចធ្វើទៅរួចនោះទេ ដោយសារតែមេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមទៅបំពេញបេសកកម្មការងារនៅប្រទេសម៉ាឡេស៊ី ហើយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងចុះពង្រឹងមូលដ្ឋាននៅតាមបណ្តាខេត្តនានាក្នុងប្រទេស។ លោកមិនបានបញ្ជាក់ពីរបៀបវារៈនៃការចាកចេញទៅប្រទេសម៉ាឡេស៊ីរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។
លោក សុខ ឥសាន បញ្ជាក់ថា៖
«ទោះស្នើមកក៏ថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជារដ្ឋាភិបាលកំពុងតែជាប់រវល់ ព្រោះស្អែកនេះ ព្រលឹម[ឡើង] សម្តេច ហ៊ុន សែន គាត់ទៅម៉ាឡេ ប្រជុំពីរថ្ងៃ បីថ្ងៃ។ សម្តេច ស ខេង លោកនៅនេះ លោកចុះមូលដ្ឋានទាំងអស់ ទៅព្រៃវែងផង ទៅបាត់ដំបងផង អីចឹងមានពេលពីណា។ អាហ្នឹង យើងមិនទាន់និយាយដល់ខ្លឹមសារផង។ បើនិយាយខ្លឹមសារមិនត្រូវទៀត អាហ្នឹងវាកាន់លែង[ចេញ]។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ថា ក្រុមការងារគណបក្សត្រៀមជានិច្ចដើម្បីចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែមិនបានឲ្យដឹងពីតម្រុយណាមួយសម្រាប់ការជួបចរចាគ្នានោះទេ។
លោកបានត្រឹមតែបញ្ជាក់ពីស្ថានភាពរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលពេលនេះកំពុងស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អេង ឆៃអ៊ាង ថ្លែងថា៖
«លោកស្នាក់នៅទីនេះ។ ទោះបីឥឡូវនេះ យើងមិនទាន់ដឹងថា ស្ថានការណ៍គេនឹងអាចចាប់ចងគាត់ពេលណា គឺយើងអត់ដឹងទេ គឺលោកស្នាក់នៅទីនេះ ហើយនៅទីនេះ យើងទទួលប្រជាពលរដ្ឋហ្នឹង ឲ្យមកតាមឃ្លាំមើលជាប្រចាំ មានរាល់ថ្ងៃ រៀងរាល់ថ្ងៃនៅទីនេះ»។
លោក អេង ឆៃអ៊ាង បានលើកពីសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលបានទទូចសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការរុកគួនតាមផ្លូវតុលាការ មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបានស្នើឲ្យគណបក្សទាំងពីរបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។
សេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានស្នើឲ្យមានការបញ្ឈប់ការរំខានពីតុលាការទៅលើប្រធានស្តីទីគណបក្សប្រឆាំង និងអ្នកតំណាងអង្គការសង្គមស៊ីវិល។ នៅក្នុងសំណុំរឿងលោក កឹម សុខា នេះ មន្ត្រីសិទ្ធិមនុស្សបួនរូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការសម្រេចដាក់ឃុំក្នុងពន្ធនាគារជាបណ្តោះអាសន្នរង់ចាំការកាត់ទោស។
(Facebook Live ភាគទី១៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិភាក្សាអំពីអត្ថន័យ និងគោលការណ៍អភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ នៅក្នុងកម្មវិធី Hello VOA ពិសេស កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា)
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពុំត្រូវបានយាយីដោយស្ថាប័នតុលាការនោះទេ តែលោកទៅវិញទេដែលបានរំលោភច្បាប់។ លោកសង្កត់ធ្ងន់ថា គ្មានការគំរាមកំហែងណាមួយដែលអាជ្ញាធរមានសមត្ថកិច្ចបានធ្វើទៅលើលោក កឹម សុខា ហើយក៏គ្មានការចរចាណាមួយដែលនឹងអាចធ្វើឡើង ដើម្បីទម្លាក់ចោលរឿងក្តីលោក កឹម សុខា និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងផ្សេងទៀតនោះដែរ។ លោកបន្ថែមថា លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបញ្ជាក់ថា៖ «អត់មាននរណាគំរាមកំហែងគាត់ ថ្ងៃណាគេទៅចាប់ គេទៅចាប់ហើយ ព្រោះអាហ្នឹងវាបានភ្លើងខៀវពីរដ្ឋសភាទៅហើយ អញ្ចឹងវាស្ថិតនៅក្នុងដំណាក់កាលយុត្តាធិការរបស់តុលាការ»។
សភាជាតិដែលមានតែអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានបោះឆ្នោតផ្តល់ការយល់ព្រមឲ្យស្ថាប័នតុលាការបន្តនីតិវិធីចាត់ការសំណុំរឿងលោក កឹម សុខា ដែលតុលាការក្រុងភ្នំពេញបានចោទថា មានការជាប់ពាក់ព័ន្ធនឹងអំពើសញ្ចរកម្ម។ តុលាការបានកោះហៅលោកឲ្យទៅបំភ្លឺក្នុងនាមសាក្សីចំនួនពីរលើក តែលោកមិនព្រមចូលខ្លួន។
នៅមុនការបោះឆ្នោតរបស់សភាដែលគ្របដណ្តប់ដោយគណបក្សកាន់អំណាចឲ្យបន្តរឿងក្តីលោក កឹម សុខា នោះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើសិខិត ជម្រាបលោក ហេង សំរិន ប្រធានសភាជាតិថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនចូលខ្លួនមកឆ្លើយបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើស តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ តាមមាត្រានេះ ប្រសិនបើជនសង្ស័យ ត្រូវរកឃើញថាមានទោស ជនសង្ស័យនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅប្រាំមួយខែ និងពិន័យជាប្រាក់ ពីមួយសែនទៅមួយលានរៀល។
(Facebook Live ភាគទី២៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិភាក្សាអំពីអត្ថន័យ និងគោលការណ៍អភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ នៅក្នុងកម្មវិធី Hello VOA ពិសេស កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា)
ប៉ុន្តែ ការចោទប្រកាន់នេះត្រូវប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានច្រានចោល កាលពីថ្ងៃច័ន្ទម្សិលមិញនេះផងដែរ។ លោកថា ចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមបានកោះហៅ អ្នកដឹកនាំកំពូលៗមួយចំនួននៅក្នុងរដ្ឋាភិបាលឲ្យចូលខ្លួនទៅសាលាក្តី តែពុំមានថ្នាក់ដឹកនាំរូបណាក្នុងនោះរួមមាន លោក ហេង សំរិន និងលោក ហោ ណាំហុង ចូលខ្លួនទៅតុលាការទេ ដោយសំអាងលើអភ័យឯកសិទ្ធិជាតំណាងរាស្ត្រ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់អាចបញ្ជាក់ថា ក្រុមអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការឃាត់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ។ លោកបានបង្វែរសំណួរទៅស្ថាប័នតុលាការ។ VOA ព្យាយាមទាក់ទងលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែមិនអាចទាក់ទងបានទេ នៅថ្ងៃអង្គារនេះ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះថា លោកស្ថិតនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងស្ថានភាពគំរាមកំហែង៕