នៅថ្ងៃពុធនេះ នៅក្នុងក្រុង Zurich ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He បានសន្យាថានឹងរក្សាការទាក់ទងគ្នាដោយចំហរវាងមហាសេដ្ឋកិច្ចទាំងពីរនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅពេលចាប់ផ្តើមជំនួបកំពូលរបស់លោកស្រី និងឧបនាយករដ្ឋមន្ត្រីចិន លោកស្រី Yellen បានមានប្រសាសន៍ថា ខណៈពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង«មានការខ្វែងគំនិតគ្នា» ប្រទេសទាំងពីរ«មានការទទួលខុសត្រូវដោះស្រាយការខ្វែងគំនិតគ្នា ហើយបញ្ចៀសកុំឱ្យការប្រកួតប្រជែងគ្នាអាចក្លាយជាជម្លោះ»។
លោក Liu បាននិយាយថា ប្រទេសចិនប្រុងប្រៀបធ្វើការជាមួយស.រ.អ.ហើយដើម្បី«ឱ្យមានការសន្ទនានិងប្តូរយោបល់គ្នាតទៅទៀត»និងឱ្យមានការមូលមតិគ្នា។
គេរំពឹងថា ជំនួបនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសាកលនេះផ្តោតការយកចិត្តទុកដាក់លើការប្រថុយប្រថាននៃដំណើរសេដ្ឋកិច្ចមិនទៅមុខនៅឆ្នាំនេះនិងប្រាក់បំណុល ជាពិសេសប្រទេសចិនជាម្ចាស់បំណុលច្រើនលើសលប់របស់ក្រុមប្រទេសមានចំណូលតិចដែលប្រឈមនឹងគ្មានលទ្ធភាពសងបំណុលដោយសារកំណើនអត្រាការប្រាក់។ គេរំពឹងថា លោកស្រី Yellen នឹងសុំដល់រដ្ឋាភិបាលប៉េកាំងឱ្យបន្ធូរបំណុលដល់ក្រុមប្រទេសទាំងនេះ នៅក្នុងជំនួបកំពូលរបស់លោកស្រី និងលោក Liu។
ជំនួបកម្រិតខ្ពស់នៅថ្ងៃពុធនេះក្នុងក្រុង Zurich ជាលទ្ធផលនៃកិច្ចព្រមព្រៀងមួយរវាងប្រធានាធិបតីស.រ.អ.លោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping កាលពីសន្និសីទកំពូលក្រុមប្រទេស G-20 នៅកោះ Bali កាលពីខែវិច្ឆិកាដើម្បីកែលម្អចំណងទាក់ទងរវាងប្រទេសមានសេដ្ឋកិច្ចធំទាំងពីរនេះ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលប៉េកាំងមានភាពរអាក់រអួលកាលពីប៉ុន្មានឆ្នាំមុននេះ ដោយសារមានបញ្ហាមួយចំនួន មានរួមពាណិជ្ជកម្ម សិទ្ធិមនុស្ស និងសម្ពាធខ្លាំងជាងមុនរបស់ប្រទេសចិនលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលរដ្ឋាភិបាលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃដែនដីខ្លួន៕
ព័ត៌មានមួយចំនួនក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters