មន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីចិនគ្រោងនឹងជួបពិភាក្សាគ្នានៅក្នុងប្រទេសស្វីសនៅថ្ងៃអង្គារនេះអំពីក្ដីបារម្ភទាក់ទិននឹងសន្តិសុខបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬហៅថា AI។
មន្ត្រីអាមេរិកបាននិយាយថា ការពិភាក្សានៅក្នុងទីក្រុងហ្សឺណែវនេះនឹងមិនបើកទ្វារឱ្យចិនជះឥទ្ធិពលលើគោលនយោបាយបច្ចេកវិទ្យាឡើយ។ អ្នកតំណាងមកពីប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធីនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិក។
មន្ត្រីអាមេរិកមួយរូបបានលើកឡើងថា ចិននិងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នាយ៉ាងតឹងតែងដើម្បីគ្របដណ្ដប់លើទិដ្ឋភាពបច្ចេកវិទ្យា AI។ ចិនកំពុងពង្រឹងសមត្ថភាពបច្ចេកវិទ្យា AI «នៅទូទាំងផ្នែកស៊ីវិលក៏ដូចជាផ្នែកយោធានិងសន្តិសុខ»។
មន្ត្រីរូបនេះបានបន្ថែមថា ការប្រើប្រាស់របស់ចិននូវបច្ចេកវិទ្យា AI អាចធ្វើឱ្យប៉ះពាល់ដល់ «សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក»។
មន្ត្រីអាមេរិកមួយរូបទៀតបាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងជាមួយចិនដើម្បីកំណត់បទបញ្ញត្តិលើបច្ចេកវិទ្យា AI និង «ស្ទាបស្ទង់មើលថាតើបទបញ្ញត្តិមួយចំនួនអាចទទួលយកបានដោយប្រទេសទាំងអស់ឬក៏អត់»។
ការពិភាក្សាអំពីបច្ចេកវិទ្យា AI នេះត្រូវបានផ្ដួចផ្ដើមឡើងកាលពីខែមុនបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលនៅទីនោះលោកបានជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។