សហរដ្ឋ​អាមេរិក​និងសម្ព័ន្ធមិត្ត នឹង​ដកចេញ​​​ឋានៈភាព«អនុគ្រោះ​ពន្ធ» ពី​រុស្ស៊ី

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក lok Joe Biden ​ប្រកាស​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន​ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​រួម​ជាមួយ​ សហ ភាព​អឺរ៉ុប​និងក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង៧ឬG7ថា​ សហរដ្ឋ​អាមេរិក នឹង​ដក​ឋានៈ«អនុគ្រោះ​ពន្ធ»ពាណិជ្ជ​កម្ម​ពី​ប្រទេស​រុស្ស៊ី​ដោយសារតែ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​សេចក្តី​រាយការណ៍​ របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

បើតាម​ប្រភព​មួយ​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ​ដែល​និយាយ​ក្នុង​លក្ខណ​មិន​បញ្ចេញ​ឈ្មោះ​មុន​ការប្រកាស​នោះ បានឲ្យ​ដឹង​ថា ប្រទេស​និមួយៗអនុវត្ត​ទៅតាម​ដំណើរការ​ផ្ទាល់របស់​ខ្លួន។ការដក​ឋានៈភាព​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​រស្ស៊ី នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្តរបស់ខ្លួន​យក​ពន្ធ​រាល់​ការនាំចេញ​ទំនិញ​របស់​រុស្ស៊ី​ដែល​ជាការបន្ថែម​នូវ​ភាព​ឯកោដល់សេដ្ឋកិច្ច​របស់​រុស្ស៊ី​ក្នុង​ការសង​សឹក​ចំពោះ​ការឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន។

ចំណាត់ការ​របស់​លោក Biden នេះ កើត​មាន​ឡើង ស្របពេល​ដែល​មាន​សម្ពាធ​កាន់​តែច្រើន​ឡើង​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​របស់​អាមេរិកនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ដក​ចេញ​នូវអ្វី​ដែល​គេ​ស្គាល់​ជា​ផ្លូវ​ការ​ថា «ទំនាក់​ទំនងពាណិជ្ជកម្ម​អចិន្ត្រៃយ៍»ជាមួយ​រុស្ស៊ី។ ប្រធានា ធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បានជំរុញឲ្យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ក្នុងការថ្លែង​សុន្ទរកថា​របស់​លោក​ជា​មួយ​សភា​អាមេរិក​កាល​ពី​ចុង​សប្តាហ៍​មុន។ ការប្រកាសដក​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្មពី​រុស៊្សី​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​លោក Biden បាន​ចាត់វិធានការ​ហាមឃាត់​ការនាំ​ចូល​ផលិតផលប្រេង​និង​ឧស្ម័ន្ធ​ពី​រុស្ស៊ី។

សេតវិមាន បាន​បញ្ជាក់​ថា លោកBiden នឹង​ប្រកាស​ពីការដក​ឋានៈភាព​ពាណិជ្ជកម្មនេះនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ម៉ោង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​ដាក់​រុស្ស៊ី​ឲ្យ​ទទួល​ខុសត្រូវ​នូវ​ការ​ឈ្លានពានដែល​គ្មាន​ហេតុផល​របស់​ខ្លួន​ទៅ​លើ​អ៊ុយក្រែន។

ប្រទេស​កាណាដាជា​សម្ព័ន្ធមិត្តដ៏​សំខាន់របស់​អាមេរិក​ទី១​ដែល​បាន​ប្រកាស​ដកឋានៈភាព​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពីរុស្សី​កាល​ពី​សប្តាហ៍​មុន៕