រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានប្រកាសថា ទីភ្នាក់ងារពង្រឹងច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា ICE បានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមចំនួន ២១២ នាក់នៅតំបន់ភាគខាងត្បូងរដ្ឋ California កាលពីសប្ដាហ៍កន្លងទៅនេះ។
ទីភ្នាក់ងារ ICE នេះ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះថា ខ្លួនបានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមទាំងនេះនៅតាមកន្លែងអាជីវកម្មចំនួន ១២២ កន្លែង នៅក្នុងអំឡុងពេលចុះឆែកឆេររយៈពេល ៥ ថ្ងៃរបស់ខ្លួន។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ អនុប្រធានទីភ្នាក់ងារ ICE លោក Thomas Homan បាននិយាយថា៖ «ដោយសារតែដែនសមត្ថកិច្ចមួយចំនួនដែលមានគោលនយោបាយដាក់កំហិតចំពោះការពាក់ព័ន្ធរបស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ ដូចជាទីក្រុង Los Angeles ជាដើម បានជាទីភ្នាក់ងារ ICE មិនអាចចាប់ខ្លួនជនបរទេសដែលជាឧក្រិដ្ឋជននៅក្នុងកន្លែងឃុំឃាំងដែលមានសន្តិសុខត្រឹមត្រូវបាន។ ដូច្នេះ មន្ត្រីមានសមត្ថកិច្ចមានតែបង្ខំចិត្តធ្វើការចាប់ខ្លួនជាទូទៅនៅតាមសហគមន៍ប្រជាពលរដ្ឋវិញ»។
លោក Thomas Homan បានបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួនចំនួន ៨៨ ភាគរយ គឺជាឧក្រិដ្ឋជនដែលមានទោស។
សេចក្ដីប្រកាសរបស់ទីភ្នាក់ងារ ICE នេះបានបញ្ជាក់ទៀតថា អ្នកដែលត្រូវបានចាប់ខ្លួនទាំង ៨៨ ភាគរយនោះ គឺជាឧក្រិដ្ឋជនដែលមានទោស ឬក៏អ្នកដែលមិនគោរពតាមបញ្ជាបញ្ជូនចេញពីសហរដ្ឋអាមេរិក ឬក៏អ្នកដែលធ្លាប់ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិកប៉ុន្តែបានលួចចូលដោយខុសច្បាប់មកក្នុងសហរដ្ឋអាមេរិកម្ដងទៀត៕