សហរដ្ឋអាមេរិក កំពុងចោទប្រកាន់ប្រទេសចិនពីការផ្តល់ប្រាក់ជំនួយខុសច្បាប់ដល់ក្រុមហ៊ុននាំទំនិញចេញរបស់ខ្លួនក្នុងឧស្សាហកម្មចំនួន៦។
លោក Michael Froman តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់ប្រាក់ជំនួយខុសច្បាប់យ៉ាងហោចណាស់ក៏១ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ហើយការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថនេះរំលោភច្បាប់ដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក។ លោក Froman បានមានប្រសាសន៍បន្តទៀតថា វាយនភណ្ឌ សម្លៀកបំពាក់ លោហៈធាតុគីមី ផលិតផលពេទ្យ សំភារៈសាងសង់និងឧស្សាហកម្មកសិកម្ម បានទទួលផលប្រយោជន៍ពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចិន។
លោក Froman បានមានប្រសាសន៍បន្តទៀតថា ប្រាក់ជួយឧបត្ថម្ភធ្វើឲ្យប៉ះពាល់ដល់កម្មករ កសិករ អ្នកចិញ្ចឹមសត្វនិងពាណិជ្ជករសហរដ្ឋអាមេរិកដោយមានការកាត់បន្ថយការប្រកួតប្រជែង មានការគំរាមកំហែងដល់ការងារនិងប៉ះពាល់ដល់ប្រាក់ឈ្នួលនៅក្នុងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងព្យាយាមធ្វើឲ្យមានដំណោះស្រាយនៃរឿងក្តីនេះជាមួយចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ប៉ុន្តែប្រសិនបើរឿងនេះទទួលបរាជ័យ ខ្លួនអាចសុំឲ្យទីភ្នាក់ងារដែលមានទីតាំងក្នុងទីក្រុងហ្សឺណែវនោះសម្រេចជម្លោះវិញ។
មិនមានប្រតិកម្មភ្លាមៗដល់ជម្លោះនេះពីរដ្ឋាភិបាលទីក្រុងប៉េកាំងទេ។
បញ្ហានេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិងប្រធានាធិបតីចិន ស៊ី ជីងពីង បាននិយាយគ្នាតាមទូរស័ព្ទ ដោយមេដឹកនាំចិនមានផែនការបំពេញទស្សនៈកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននៅខែកញ្ញា៕