មេ​ដឹកនាំ​ពិភពលោក​​សាទរ​ការ​រីក​ចម្រើន​​តាក់តែង​ក្រម​ប្រតិបត្តិ ​COC​ អំពី​សមុទ្រ​ចិន​ខាងត្បូង​

លោក Chang Wanquan រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ទះ​ដៃ​នៅ​ជិត​សហការី​អាស៊ី​អាគ្នេយ៍​របស់​​លោក​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រវាង​រដ្ឋមន្ត្រី​ការពា​រ​ជាតិ​ចិន-អាស៊ាន​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។

ការរីក​ចម្រើន​នេះ​ត្រូវ​ឯកសារ​អាស៊ាន​ដដែល​បញ្ជាក់​ថា ​បាន​កើត​ចេញ​ពី​កិច្ច​ប្រជុំ​លើក​ទី១០​រវាង​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន-ចិន នៅ​​ប្រទេស​ចិន​ កាលពី​ខែ​​​តុលា​ឆ្នាំ​២០១៥។​

ក្រុម​មេ​ដឹកនាំ​ពិភពលោក​សាទរ​ចំពោះ​ការ​រីក​ចម្រើនលើ​កិច្ច​ពិភាក្សា​បញ្ហា​តាក់តែង​ក្រម​ប្រតិបត្តិ ​COC ​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង។​ ​ការ​រីក​ចម្រើននេះ​ត្រូវ​ក្រុម​អ្នក​វិភាគ​ខ្លះ​ផ្តល់​សុទិដ្ឋិនិយម​ចំពោះ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ដើម្បី​អ្វី​មួយ ​ដែល​គេ​អះអាង​ថា​ ជា​ការ​បន្ថយ​ភាព​តានតឹង។​

តាម​ឯកសារ​អាស៊ាន​ដែល ​VOA​ ទទួល​បាន​ថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​មេ​ដឹកនាំ​កំពូលៗ​ក្នុង​ពិភពលោក​បាន​ស្វាគមន៍​ការ​រីក​ចម្រើនរវាង​អាស៊ាន​និង​ចិន​ ដែល​បាន​បោះ​ជំហាន​ទៅមុខ​ ក្នុង​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ COC ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដែល​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ប្រធាន​អាស៊ាន​ស្តីពី​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​លើក​ទី​១០​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ក្នុង​ក្រុង​កូឡាឡាំពួរ ​ដែល​ប្រទេស​ម៉ាឡេស៊ីជាម្ចាស់​ផ្ទះ​នោះ​ បាន​និយាយ​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​មាន​ការ​លើក​ទឹកចិត្ត​ចំពោះ​កិច្ច​ព្រម​ព្រៀង​ថ្មីៗ​រវាង​ប្រទេស​សមាជិក​អាស៊ាន ​និង​ចិន​ក្នុងដំណើរការ​ពិភាក្សា​ដំណាក់​កាល​បន្ទាប់​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​ក្រម​ប្រតិបត្តិ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ទន្ទឹង​រង់ចាំ​ការ​បង្កើត​ក្រម​ប្រតិបត្តិ ​COC ​ឲ្យ​បាន​ឆាប់»។​

នេះជា​សេចក្តី​ថ្លែង​ការណ៍​ដែលក្រុម​មេ​ដឹកនាំ​ពិភពលោក​ រួម​ទាំង​ស.រ.អា.​ ​ចិន ​រុស្ស៉ី ​ឥណ្ឌា​ ជប៉ុន ​កូរ៉េ ​ខាងត្បូង​ នូវែលសេឡង់​ ​អូស្ត្រាលី​ ហើយនឹង​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ​បាន​យល់​ព្រម​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​ប្រទេស​ទាំងនេះ។​ ​សេចក្តី​ថ្លែង​ការណ៍​នេះ​ត្រូវ ​VOA ​ទទួល​បាន​ពី​មន្ត្រី​ម្នាក់​ក្នុង​តំបន់​នេះ។​

ការរីក​ចម្រើន​នេះ​ត្រូវ​ឯកសារ​អាស៊ាន​ដដែល​បញ្ជាក់​ថា ​បាន​កើត​ចេញ​ពី​កិច្ច​ប្រជុំ​លើក​ទី១០​រវាង​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន-ចិន​ស្តីពី​សេចក្តី​ថ្លែង​ការណ៍​របស់​ភាគី​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង​ ដែល​ហៅថា ​DOC ​និង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​អាស៊ាន​ចិន​លើកទី​១៥​ក្នុង​ទីក្រុង ​Chengdu ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី​២០ ​តុលា​ឆ្នាំ​២០១៥។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រុម​មេដឹក​នាំ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាង​កើត​បាន​កត់​សម្គាល់​ពីក្តី​បារម្ភ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាក់ទង​នឹង​ការ​ទន្ទ្រាន​ដែន​អធិបតេយ្យ ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​និង​ការ​ជឿជាក់​ក្នុង​ចំណោម​ភាគី​ជម្លោះ​ ដែល​រឿង​នេះអាច​ជា​រឿង​ធ្វើឲ្យ​ខូចខាត​ដល់​សន្តិភាព​ ​សន្តិសុខ​ ហើយនឹង​ស្ថិរភាព​ក្នុង​តំបន់។​

«យើង​សូម​បញ្ជាក់​ពី​តម្រូវការ​ចាំបាច់​សម្រាប់​រដ្ឋជា​សមាជិក​អាស៊ាន​ និង​ចិនធានា​ការ​អនុវត្ត​ដ៏​ពេញលេញ​និង​ដ៏​មាន​ប្រសិទ្ធ​ភាព​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ភាគី​សមុទ្រ​ចិនខាង​ត្បូង​ ដែល​ហៅថា​ DOC​ ព្រមគ្នា​ដើម្បី​កសាង​ រក្សា ​ហើយនឹង​ពង្រីក​ការ​ជឿ​ទុកចិត្ត​ និង​ការ​ជឿជាក់​ ទប់ស្កាត់​សកម្មភាព​ដែល​អាច​នាំ​ទៅ​ដល់​ជម្លោះ​ដែលអាចមាន​ការ​គំរាមកំហែង​ផ្នែក​យោធា។​ ហើយ​គូភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​ការមិនចុះ​សម្រុង​គ្នា​និង​ជម្លោះ​ ហើយដំណោះស្រាយ​នេះ​ត្រូវស្រប​តាមច្បាប់​អន្តរជាតិ​ រួមទាំង​ ច្បាប់​អ.ស.ប. ស្តីពី​ដែន​សមុទ្រ​ហៅ​ថា ​UNCLOS​ ឆ្នាំ​១៩៨២»។​

សេចក្តីព្រាង ​COC ​ដែល ​VOA ​ទទួល​បាន​កាលពីខែ​សីហា ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អាស៊ាន​និង​ចិន​បាន​ជំរុញការ​តាក់​តែង​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ​ COC​ ឲ្យ​បាន​ឆាប់​ផ្អែក​តាម​សេចក្តី​ថ្លែង​ការណ៍​ DOC​ ដែល​ត្រូវ​ធ្វើការ​ កែប្រែ​និង​បន្ថែម​ខ្លឹមសារ ​ហើយ​ក៏គ្រោង​នឹង​ដាក់​ជូន​មេ​ដឹកនាំ​អាស៊ាន ​និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ពិនិត្យ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។​

លោក​បណ្ឌិត​ ឈាង​ វណ្ណារិទ្ធ​ ​សាស្រ្តា​ចារ្យ​នៃ​សាកល​វិទ្យាល័យ ​Leeds​ នៃ​ចក្រភព​អង់គ្លេស​ បាន​ប្រាប់​ VOA ​ថា ​ការ​ព្រម​ព្រៀង​គ្នា​រវាង​ចិន​និង​ អាស៊ាន​ក្នុង​ការ​តាក់តែង ​COC ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចុះ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

«ដើម្បី​គ្រប់គ្រង​ជម្លោះ​ក៏​ដូចជា​ពង្រឹង​នូវ​ការ​ជឿ​ទុក​ចិត្ត​គ្នា​រវាង​បណ្តា​ប្រទេស​នានា​ ជា​ពិសេស​ប្រទេសដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង»។​

លោក​បន្ថែម​ថា​ កម្ពុជា​និង​អាស៊ាន​មាន​ការ​គាំទ្រ​ពី​រឿង​ដែល​គេ​ចង់​ឲ្យ​មាន​ការ​សម្រេច​បាន​ក្រម​ប្រតិបត្តិ ​COC​ ឲ្យ​បាន​ឆាប់​នេះ​ដែរ។​

លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​នៅ​កម្ពុជា​ បាន​គាំទ្រ​ការ​ព្រម​ព្រៀង​គ្នា​រវាង​ចិន​និង​អាស៊ាន ​ដោយ​លោក​ថ្លែងថា​ វា​ជា​ការ​ល្អ​ដែល​ចិន​ និង​អាស៊ាន​សុខចិត្ត​ធ្វើការ​តាក់តែង​ក្រម​ប្រតិបត្តិ​ជាមួយ​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​តែ​លោក​នៅ​មាន​ការ​សង្ស័យ​ពី​ជំហរ​ចិន​ ដែល​ធ្លាប់​តែ​បដិសេធ​ពី​រឿង​តាក់តែង ​COC ​និង​មាន​មហិច្ឆតា​ចង់​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់​ឯង​នោះ។

«ក្រែង​លោ​ចិន​គិត​ថា​ ការ​យល់ព្រម​ជាមួយ​អាស៊ាន​នេះ​ដើម្បី​បង្ក​ភាព​កក់​ក្តៅ​ដល់​អាស៊ាន​សិន​ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៅ​ ចិន​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ម្តង​បន្តិចៗ ​ហើយ​នឹង​យក​កោះ​ ឬ​មួយ​ក៏​យក​ឆ្នេរ​សមុទ្រ​ចិន​ខាងត្បូង​តាម​រយៈ​ការ​កសាង​កោះ​បន្ថែម ​ហើយ​ដាក់ទ័ព​ទៅ​លើ​កោះ​សប្បនិម្មិត​ទាំងឡាយ​ហ្នឹង»។​

លោក ​អ៊ូ វីរៈ ​បាន​អះអាង​ថា​ ចិន​មិន​អាច​ទប់​ជាមួយ​ស.រ.អា.ដែល​ចល័ត​កប៉ាល់​ចម្បាំង​របស់​ខ្លួន​លើ​ផ្ទៃទឹក​ដែល​ស.រ.អា.ចាត់​ទុក​ថា​ ជា​ដែន​សមុទ្រ​អន្តរជាតិ​ ហើយ​ចិន​ចាត់​ទុក​ថា​ ជា​សកម្មភាព​បង្កភាព​តានតឹង​និង​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​ខ្លួន​នោះ។​

ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ​វៀតណាម ​ប៊្រុយណេ​ស្ថិត​ក្នុង​សមាគម​ អាស៊ាន ​ដែល​មានជម្លោះ​ដែនដី​ជាមួយ​ចិន​នៅសមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ផ្លូវនាវាចរណ៍​សម្រាប់​ទំនិញ​ និង​ពាណិជ្ជកម្ម​ដ៏ធំ​ក្នុង​ពិភពលោក​ និង​មាន​រ៉ែធម្មជាតិ​ជា​ច្រើន​ផងនោះ។​ ភាព​តានតឹង​និង​ការ​ទន្ទ្រាន​ទៅ​វិញ​ទៅ​មក​បាន​កើត​ឡើង ​ហើយ​ធ្វើ​ឲ្យ​គេ​មាន​ការ​បារម្ភ​ខ្លាច​ឈាន​ដល់​ជម្លោះ​ប្រដាប់​អាវុធ ​ដោយសារ​ចិន​មិន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នាវាចរណ៍​និង​ការ​នេសាទ​ហើយ​នឹង​ការ​ធ្វើ​កោះ​សប្បនិមិ្មតរបស់​ចិន​កន្លង​មក ​ដែល​ធ្វើ​ឲ្យប្រទេស​អាស៊ាន​ចំនួន​៤មិន​សប្បាយ​ចិត្ត។​

ប្រទេស​អាស៊ាន​១០ ​ដែល​មាន​កម្ពុជា​ជា​សមាជិក​ផង​ បាន​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​រក្សា​សន្តិភាព​ សន្តិសុខ ​ហើយនឹង​ស្ថិរភាព​ ការគោរព​ច្បាប់​អន្តរជាតិ ​ពាណិជ្ជ​កម្ម​ស្រប​ច្បាប់​ដែល​គ្មាន​ការ​រារាំង ​សេរីភាព​នាវាចរ ​និង​ការ​ហោះហើរ​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។​

ក្រៅពី​បញ្ហា​សន្តិសុខ​ កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​ EAS ​ដែល​មាន​មហា​អំណាច​ជាច្រើន​ ដូចជា​ស.រ.អា. ចិន​ រុស្ស៉ី​ជាដើម​ ចូលរួម​ផង​នោះ​ ​ ក៏​មានគម្រោង​ពិភាក្សា​អំពី​បញ្ហា​ភេរវកម្ម​ សុខាភិបាល​ ថាមពល​ សេដ្ឋកិច្ច​ បញ្ហា​ជន​ភៀស​ខ្លួន​ បញ្ហា​មជ្ឈឹមបូព៌ា ​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ​ បញ្ហា​បច្ចេក​វិជ្ជា​និង​បញ្ហា​សកល​មួយ​ចំនួន​ទៀត៕