ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាវាអាមេរិក​ និងនាវាចិនសួរសុខទុក្ខគ្នានៅសមុទ្រចិនភាគខាងត្បូង


នាវា​ចម្បាំង​ USS Lassen របស់​ស.រ.អា។ នាវាអាមេរិក​ និងនាវាចិនសួរសុខទុក្ខគ្នានៅសមុទ្រចិនភាគខាងត្បូង។

ថ្វីបើមាន​ភាពតាន​តឹង​រវាង​ស.រ.អា និង​ចិន​នៅ​សមុទ្រចិន​ភាគ​ខាងត្បូង​ក្តី កង​នាវិក​របស់​ប្រទេស​ទាំង​ពីរ ​ដែល​ធ្វើការ​ល្បាតដែន​ទឹក​នេះ​ បាន​បង្ហាញ​ថា ​ពួកគេ​ធ្វើ​កិច្ចការ​របស់​គេប្រកប​ដោយ​លក្ខណៈ​អាជីព។ ​លោក Robert Francis​ គឺ​ជា មេ​បញ្ជាការ​របស់​នាវា​ USS Lassen ​របស់​ស.រ.អា ​ដែល​ល្បាត​នៅ​សមុទ្រចិន​ភាគ​ខាងត្បូង​កាល​ពីខែ​មុន។​ នាវា​ USS Lassen ​បានជួប​ជាមួយ​នាវា​ចិន​នៅចម្ងាយ​តែ​១១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​សិប្បនិម្មិត​ដែលចិន​បង្កើត​ឡើង។

​លោក​ Francis​ និយាយ​ថា ​នាវា​ចម្បាំង​របស់ចិន​បាន​ព្រមាន​ថា​ នាវា​ USS Lassen ​របស់​ស.រ.អា​បាន​ចូលក្នុង​ដែនទឹក​របស់​ចិន។ ​ហើយ​ប្រទេស​ចិន​បាន​ទាមទារ​ម្តងហើយ​ម្តងទៀត​ថា ​តើ​ស.រ.អា.​ចង់​យ៉ាង​ម៉េច។​ លោក​មេបញ្ជាការ​ Francis ​និយាយ​ថា ​លោក​មិន​ដែល​គិត​ថា​លោក​រងការ​គំរាម​កំហែង​ទេ ​ហើយ​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ថា ​កង​នាវិក​ស.រ.អា​តែងតែ​ហៅ​ទៅ​សមភាគី​ចិន​ដើម្បី​ធ្វើ​ទំនាក់​ទំនង​មិត្តភាព។​ លោក ​Francis ​និយាយថា​ កង​នាវិក​ស.រ.អានិយាយ​សួរ​សុខទុក្ខ​ដូច​ជា​ថា «ហ៊េ! ​នៅ​ថ្ងៃសៅរ៍​នេះ​ធ្វើ​អី​ខ្លះ?​ យើង​មាន​ភីហ្សា ​និង​ស្លាប​មាន់​ចៀន។ ខាង​នាវិក​ចិន​បាន​អ្វី​បរិភាគ?​ ខាង​យើង​នឹង​ធ្វើ​ពិធី​បុណ្យ ​Halloween។

​លោក​ Francis​ និយាយ​ថា ​កង​នាវិក​ចិន​និយាយ​ជា​ភាសា​អង់គ្លេស​អំពី​ស្រុក​កំណើត​របស់គេ ​និង​គ្រួសារ ​ហើយ​បាន​ជូនពរ​កងនាវិក​អាមេរិក​ ដោយ​សង្ឃឹម​ថា ​នឹង​ជួប​គ្នា​ទៀត។ ​លោក ​Francis ​និយាយ​ថា ​ថ្ងៃ​នោះ​គ្មាន​អ្វី​ចម្លែក​ទេ​នៅ​សមុទ្រ​ចិន​ខាងត្បូង។​ ប្រទេស​ចិន​អះអាង​ថា ​ភាគច្រើន​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន​ ហើយ​កំពុង​សាងសង់​កោះ​សិប្បនិម្មិត។ ​ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី ​ហ្វីលីពីន ​កោះ​តៃវ៉ាន់​និង​វៀតណាម​ក៏​បាន​អះអាង​ថា ​ដែនទឹក​ខ្លះ​នៅ​តំបន់​នេះស្ថិត​នៅ​ក្នុង​បូរណភាព​ដែនដីរៀងៗ​ខ្លួន​ដែរ៕

XS
SM
MD
LG