កាលពីថ្ងៃទី៦ខែមករាក្រុមហ៊ុនអាកាសចរណ៍អាមេរិកនេះ បានហាមយន្តហោះ Boeing 737 MAX 9 ចំនួន៧៩គ្រឿងរបស់ខ្លួនមិនឲ្យហោះហើរ ក្រោយពីផ្នែកមួយនៃយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានរបើកនៅពេលហោះហើរ បណ្តាលឱ្យមានប្រហោងមួយនៅតួអាកាសយាននោះនិងបានបង្ខំឱ្យចុះចតជាបន្ទាន់។
ទោះជាគ្មានមនុស្សស្លាប់ឬត្រួវរបូសធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃទី៥មករានោះក៏ដោយ ក៏ពួកនិយតករសហរដ្ឋអាមេរិកបានហាមប្រាមមិនឱ្យយន្តហោះប្រតិកម្ម 737 MAX 9 ចំនួន ១៧១គ្រឿងដែលមានភិនភាគដូចយន្តហោះទាក់ទិននឹងឧប្បត្តិ ហេតុនោះហោះហើរទេ។
ក្រុមហ៊ុនអាកាសចរណ៍ United បានប្រកាសនៅថ្ងៃចន្ទទី២២មករាថាខ្លួនទស្សន៍ទាយថាយន្តហោះប្រភេទនេះនឹងមិនហោះហើរទេរហូតដល់ដំណាច់ខែមករា នាំឱ្យមានការខាតប្រាក់ចំណូលក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ។
នៅក្នុងសន្និសីទកាសែតមួយតាមវីដេអូកាលពីថ្ងៃអង្គារទី២៣មករា ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនអាកាសចរណ៍ United លោក Michael Leskinen បាននិយាយថាយន្តហោះ៣១គ្រឿងក្នុងបណ្តាយន្តហោះ១០៧គ្រឿងដែល United រំពឹងថានឹងត្រូវប្រគល់ឱ្យខ្លួន ជាយន្តហោះ Boeing 737 Max 9។
លោកបានថ្លែងថា៖«នៅពេលនេះ វាជាការមិនពិតដែលជឿថាយន្តហោះទាំងនោះនឹងត្រូវប្រគល់តាមផែនការជាធរមាន»។
លោក Leskinen បាននិយាយប្រាប់សន្និសីទតាមវីដេអូនោះថា ជាមួយការបញ្ជាទិញយន្តហោះ MAX 9 របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ United បានបញ្ជាទិញយន្តហោះ 737 MAX 10 មិនទាន់ត្រូវបញ្ជាក់ថាមានសុវត្ថិភាព២៧៧គ្រឿងសម្រាប់រយៈពេលនៅសល់ក្នុងទសវត្សរ៍ឆ្នាំ២០២០ ហើយក្រុមហ៊ុននេះក៏មានជម្រើសសម្រាប់ទិញអាកាសយាន២០០គ្រឿងថែមទៀតដែរ។
លោកបានថ្លែងថា«យើងក៏រំពឹងដែរថានឹងមានការបន្ថយការបញ្ជាទិញនិងការប្រគល់យន្តហោះពីក្រុមហ៊ុន Boeing ក្នុងឆ្នាំ២០២៥»ដោយកត់សម្គាល់ថាការបញ្ជាទិញអាកាសយាន 737 MAX 10s ក៏ទំនងជានឹងមានផលប៉ះពាល់ដែរ។
លោក Leskinen បានពោលថាការហាមប្រាមមិនឱ្យយន្តហោះ MAX ហោះហើរ ជា «ការបញ្ចប់ការជឿថាយន្តះហោះ MAX 10 នឹងត្រូវប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ យើងតាមការកំណត់ដូចដែលយើងបានសង្ឃឹម»។ លោកបានបន្ថែមថា៖«ដូច្នេះ យើងកំពុងធ្វើការតាមរយៈផែនការជម្រើសមួយទៀត»។
ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ United បានឡើងថ្លៃជិត៧ភាគរយនៅពាក់កណ្តាលថ្ងៃ នៅក្រោយការចេញផ្សាយលទ្ធផលខ្លាំងកាលពីត្រីមាសទីបួននៅក្រោយផ្សារលក់ដូរភាគហ៊ុនបានបិទទ្វារកាលពីថ្ងៃចន្ទទី២២កក្កដា។ ចំណែកឯភាគហ៊ុនរបស់ក្រុមហ៊ុន Boeing វិញបានចុះថ្លៃប្រមាណ០,៧ភាគរយ៕