ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រឹងប្រែង​ក្នុង​ការរុករក​យន្តហោះ​ដែល​បាន​ធ្លាក់​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​រាំងស្ទះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង


បំណែក​យន្តហោះ ត្រូវបាន​គេឃើញ​នៅ​កន្លែង​ដែល​យន្តហោះ​ប្រភេទ Boeing 737-800 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Easternដែល​ហោះ​ពី​ទីក្រុង Kunming ទៅ Guangzhou បាន​ធ្លាក់​នៅ​ទីក្រុង Wuzhou នៃ​ប្រទេសចិន​កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
បំណែក​យន្តហោះ ត្រូវបាន​គេឃើញ​នៅ​កន្លែង​ដែល​យន្តហោះ​ប្រភេទ Boeing 737-800 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Easternដែល​ហោះ​ពី​ទីក្រុង Kunming ទៅ Guangzhou បាន​ធ្លាក់​នៅ​ទីក្រុង Wuzhou នៃ​ប្រទេសចិន​កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ភ្លៀងធ្លាក់​ដ៏​ខ្លាំង​នៅ​ថ្ងៃពុធ​នេះ​ បាន​រាំងស្ទះ​ដល់ដំណើរការរុករក​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ចិន China Eastern ដែលបាន​បោះពួយ​ចូល​ក្នុង​តំបន់​ភ្នំ​មួយ​កន្លែង​នៅក្នុង​ប្រទេស​ចិន និង​មាន​អ្នកដំណើរ​ក្នុង​នោះ​ចំនួន​១៣២​នាក់​ដែល​ជា​មហន្តរាយ​មួយ​ដែល​ធ្វើឲ្យ​អ្នក​ស៊ើប​អង្កេត​កំពុង​មាន​ការងឿង​ឆ្ងល់​ និង​កំពុង​ព្យាយាម​ស្វែងរក​ប្រអប់​ខ្មៅ​របស់​យន្តហោះ​នោះ។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

៣ថ្ងៃ​ចាប់តាំងពី​ការធ្លាក់​នៅ​ថ្ងៃ​ចន្ទ​មក មិន​មាន​សញ្ញាណា​មួយ​ដែល​បញ្ជាក់​ថា អាច​មាន​អ្នក​នៅ​រស់រាន​ជីវិត​ពី​ការធ្លាក់​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​អាជ្ញាធរ​នៅ​មិន​ទាន់ធ្វើ​ការប្រកាស​នៅ​ឡើយ​ថា អ្នក​ដំណើរ​ទាំង​អស់នៅ​លើ​យន្តហោះ​ បាន​ស្លាប់​នោះ​ទេ នៅ​ក្នុង​អ្វីដែល​ស្ទើរតែ​ច្បាស់​ថា ជា​គ្រោះថ្នាក់នៃការធ្លាក់​យន្តហោះ​ដែល​មាន​អ្នក​ស្លាប់ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេសចិន​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​កន្លង​មក​នេះ។

អ្នក​ពន្លត់​អគ្គីភ័យ ពួក​មន្ត្រី​និង​អ្នក​ស្ម័គ្រចិត្តរាប់រយ​នាក់ បា​ន​ប្រមូល​ផ្តុំគ្នា​នៅតំបន់​ភ្នំដែលមាន​ការ ពិបាក​ចូល​ទៅ​ដល់នៅ​ជិតទីក្រុង Wuzhou ក្នុង​ប្រទេស​ចិន​ភាគ​ខាង​ត្បូងជា​កន្លែង​ដែល​យន្តហោះនេះ​ បាន​ធ្លាក់​កាល​ពីរសៀល​ថ្ងៃចន្ទ​ដោយ​មាន​អ្នក​ដំណើរ​នៅ​លើ​នោះ​ចំនួន១២៣នាក់​ ​និងក្រុម​អាកាសយានិក​ចំនួន​៩​នាក់​ទៀត បន្ទាប់ពី​យន្តហោះនេះ​ ​បាន​បាត់​ការទាក់ទង​ជាមួយផ្នែក​ត្រួតពិនិត្យចរាចរណ៍​ផ្លូវ​អាកាស​មក។

អ្នក​ស៊ើបអង្គេតអាកាសចរណ៍បាន​និយាយ​ថា គេ​ត្រូវការ​ប្រអប់​ថតសំឡេងរបស់​យន្តហោះ Boeing 737-800 មុន​ពេលគេ​អាច​វាយ​តម្លៃ​បាន​ថា តើ​ហេតុអ្វី​បាន​ជា​យន្តហោះ​នេះ​ ធ្លាក់នោះ។

នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ ត្រូវ​បង្ខំចិត្ត​ផ្អាក​ការរុករក​របស់​គេ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​នោះ​ និង​ទីតាំង​ដែល​យន្តហោះ​នេះ​ បាន​ធ្លាក់​ពោរពេញ​ទៅដោយ​គំនរ​នៃ​បំណែក​យន្តហោះ​ និងរបស់របរ​របស់​អ្នកដំណើរ​ដែល​មាន​ភ្លើង​ឆេះរោលខ្មៅ។

អ្នកយក​ព័ត៌មាន​មួយ​រួបរបស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដែល​បាន​ចូល​ទៅដល់​កន្លែង​ធ្លាក់​យន្តហោះ​នោះ​ បាន​ឲ្យ​ដឹង​ថា អាច​មាន​ហានិភ័យ​នៃ​ការបាក់ដី​ក្នុង​ទ្រង់ទ្រាយ​តូច​ដោយសារ​តែ​ភ្លៀង​បាន​ធ្លាក់ ខ្លាំង​ពេក​នៅ​ទី​តាំង​ដែល​មាន​ចំណោត​ខ្ពស់​នោះ។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បញ្ជា​ឲ្យមាន​ការស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ការធ្លាក់​យន្តហោះ​នេះ ហើយ​បាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ជា​ច្រើន​នាក់​ទៅកាន់​ទីតាំង​កើតហេតុ​នោះ​ដែល​ក្នុង​នោះ ​រួមទាំង​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក Liu He ផង​ដែរ៕

XS
SM
MD
LG